ក្រុងបាងកកៈ ក្រុមសេដ្ឋវិទូបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចថៃអាចនឹងសម្រេចបានកំណើនយ៉ាងហោចណាស់ ៤ ភាគរយនៅឆមាសទីមួយនេះ ដែលជាកំណើនល្អមួយ ដោយសារឥទ្ធិពលមូលដ្ឋានប្រៀបធៀបទាបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការស្ទុះងើបឡើងវិញនៃតម្រូវការប្រើប្រាស់ក្នុងស្រុក និងការបើកថវិកាសម្រាប់រដ្ឋាភិបាលយកមកប្រើប្រាស់បានលឿនជាងមុន។
លោក Kampon Adireksombat ប្រធានក្រុមសេដ្ឋវិទូប្រចាំក្រុមហ៊ុន Tisco Financial Group បានថ្លែងថា កំណើននៅត្រីមាសទីមួយអាចនឹងសម្រេចបាន ៤,៤ ភាគរយ និងនៅត្រីមាសទីពីរ អាចនឹងសម្រេចបាន ៣,៨ ភាគរយ។
ការស្ទុះងើបផ្នែកនាំចេញ វិស័យទេសចរណ៍ និងតម្រូវការប្រើប្រាស់របស់វិស័យឯកជនខ្ពស់គឺជាកត្តាជំរុញដល់កំណើននេះ។
លោក Kampon មានប្រសាសន៍ថា៖ «តម្រូវការប្រើប្រាស់ឯកជន ទំនងជានឹងស្ទុះងើបឡើងដល់កម្រិតទីពីរ ខណៈក្រុមអ្នកមានប្រាក់ចំណូលទាបបានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះចំណូលកសិកម្ម»។
លោកមានប្រសាសន៍ថា កំណើននាំចេញនៅឆមាសទីមួយអាចនឹងកើនឡើងដល់ ២ ភាគរយ ដែលជាកំណើនល្អមួយដោយសារមូលដ្ឋានប្រៀបធៀបមានកម្រិតទាបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងការនាំចេញខ្ពស់ទៅកាន់ប្រទេសជិតខាងដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ជាដើម។
សេដ្ឋកិច្ចបានធ្លាក់ចុះ ០,១ ភាគរយនៅឆមាសទីមួយ ឆ្នាំ២០១៤ ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៣ ដោយសារវិបត្តិនយោបាយមុនរដ្ឋប្រហារ បានប៉ះពាល់ដល់ទំនុកចិត្តអតិថិជន និងវិនិយោគ។
ការធ្លាក់ចុះវិស័យទេសចរណ៍ និងការនាំចេញទាប ដែលបានធ្លាក់ចុះ ០,២ ភាគរយនៅឆមាសទីមួយកាលពីឆ្នាំមុន បានបង្កផលអាក្រក់ផ្ទួនៗ។
កំណើន ផ.ស.ស ប្រចាំ ឆ្នាំ២០១៤ សម្រេចបាន ០,៧ ភាគរយដែលជាកំណើនទាបបំផុតគិតចាប់តាំងពីកំណើន ០,១ ភាគរយនៅពេលមានគ្រោះទឹកជំនន់ដ៏អាក្រក់កាលពី ឆ្នាំ២០១១ មក។ ការធ្លាក់ចុះផ្នែកនាំចេញចំនួន ០,៣ ភាគរយនៅ ឆ្នាំ២០១៤ មានកម្រិតខ្ពស់ជាងការធ្លាក់ចុះ ០,២ ភាគរយនៅឆ្នាំ២០១៣។
លោក Kampon មានប្រសាសន៍ថា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច មានដូចជា ចំណូលកសិកម្មទាប ការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក ដែលគេរំពឹងទុកថា នឹងកើតមាននៅពាក់កណ្តាលឆ្នាំនេះ និងកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុកនៅចិន។
ក្រុមហ៊ុន Tisco បានព្យាករថា សេដ្ឋកិច្ចថៃនឹងសម្រេចបាន ផ.ស.ស ៤,៥ ភាគរយនៅ ឆ្នាំ២០១៥។
កំណើនសេដ្ឋកិច្ច អាចនឹងកើនឡើងដល់ ៥ ភាគរយនៅឆមាសទីពីរ ដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុក ការនាំចេញ វិស័យទេសចរណ៍ និងតម្រូវការខ្ពស់ក្នុងវិស័យវិនិយោគឯកជន។
អត្រាការប្រាក់ទាប និងការធ្លាក់ចុះតម្លៃប្រេងឆៅ ក៏ជាកត្តាចូលរួមចំណែកជំរុញសេដ្ឋកិច្ចផងដែរ។
លោក Kampon មានប្រសាសន៍ថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ នឹងរក្សាអត្រាការប្រាក់គោលនយោបាយ ២ ភាគរយរបស់ខ្លួននៅដដែល នៅកិច្ចប្រជុំក្នុងខែនេះ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ។
ទោះជាយ៉ាងនេះក្តី ឱកាសនៃការទម្លាក់អត្រាការប្រាក់នៅតែមាន បើកំណើនសេដ្ឋកិច្ចមិនសូវល្អ។
លោក Tim Leelahaphan សេដ្ឋវិទូថៃប្រចាំក្រុមហ៊ុន Maybank Kim Eng Securities បានយល់ស្រប ហើយលោកបានលើកឡើងថា៖ «សន្ទុះនៃការស្ទុះងើបឡើងវិញ គួរតែបន្តកើតមានដល់ត្រីមាសទីមួយ ដោយសារទិន្នន័យប្រសើរនៅត្រីមាសទីបួនឆ្នាំមុន»។
លោក Tim បានមានប្រសាសន៍ថា កំណើននាំចេញអាចនឹងកើនឡើងដល់ ២ ទៅ ៣ ភាគរយនៅឆមាសទីមួយ បើទោះជាតម្លៃនាំចេញទំនិញមិនមែនជាប្រេង អាចនឹងធ្លាក់ចុះ ដោយសារការធ្លាក់ចុះតម្លៃប្រេងក្តី។
លោកបានបន្តថា កំណើនបំណុលគ្រួសារអាចប៉ះប៉ូវផលប្រយោជន៍អតិថិជនដែលបានពីវិធានការជំរុញសេដ្ឋកិច្ច និងការធ្លាក់ចុះតម្លៃប្រេង។ តែភាពមិនប្រាកដប្រជាផ្នែកនយោបាយ អាចនឹងបន្តប៉ះពាល់ដល់ទំនុកចិត្តវិនិយោគឯកជន៕


