
កញ្ញា សេម រ៉ុកខើរវ័យ២២ឆ្នាំ ជាអ្នកចម្រៀងនៅក្នុងក្រុមNo Forever ចូលចិត្ដតុបតែងខ្លួនបែបរ៉ុក។ ជាធម្មតា កញ្ញាចូលចិត្ដពាក់អាវយឺត ខោខូវប៊យស្បែកជើងប៉ាតាអាវក្រៅមូរដៃនាឡិកាធំនិងគ្រឿងតុបតែងកាយដែលស័ក្ដិសមនឹងនារីរ៉ុកជាពិសេស សក់ខ្លី។
កញ្ញា សេម បានបង្ហើបប្រាប់ថា៖«ការតុបតែងខ្លួនបែបនេះ ខ្ញុំចង់បង្ហាញថា ខ្ញុំជានរណាហើយវាពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅជាខ្លាំង»។
ថ្វីដ្បិតតែកញ្ញាចូលចិត្ដលេងស្ទីលរ៉ុកក៏ដោយ ក៏កញ្ញានៅតែមិនអាចតុបតែងខ្លួនបែបនេះរស់នៅក្នុងសង្គមខ្មែរជារៀងរហូតឡើយ។ ពិតប្រាកដណាស់ ការតុបតែងខ្លួនរបស់មនុស្សម្នាក់ៗបានបង្ហាញពីអត្ដចរិតរបស់ពួកគេនិងអាចធ្វើឲ្យខ្លួនគេមានភាពជឿជាក់លើខ្លួនឯង។ ប៉ុន្ដែកត្ដាសង្គមក៏ជាអ្វីដែលមនុស្សគ្រប់រូបត្រូវគិតគូរផងដែរ។
កញ្ញាបានរៀបរាប់ពីទំនោរចិត្ដចំពោះស្ទីលរ៉ុកនេះថា៖ «ការលេងខ្លួនបែបនេះអាចចូលឬមិនចូលចិត្ដពីអ្នកដទៃ។ ទោះបីជាយើងធ្វើអ្វីក៏ដោយ ក៏ខ្ញុំមិនយកពាក្យសម្ដីអ្នកដទៃដែលមិនស្គាល់គ្នាសោះមកគិតនោះទេពីព្រោះវាជាសិទ្ធិនិងការសម្រេចរបស់ខ្ញុំហើយវាបានឆ្លុះបញ្ចាំងពីអត្ដចរិតរបស់ខ្ញុំផ្ទាល់»។
កញ្ញាបានបន្ថែមថា ការលេងស្ទីលរ៉ុកនេះកញ្ញាមិនចូលចិត្ដការនិយមតៗគ្នាឡើយហើយកញ្ញាបានលើកឡើងថា៖ «មិនមែនឲ្យតែគេល្បីអីខ្ញុំត្រូវតែធ្វើតាមគេនោះទេ»។
យើងសង្កេតឃើញថា នៅក្នុងគំនិតរបស់យុវវ័យមួយចំនួនតែងតែមានការនិយមតាមគ្នាដូចជាតុក្កតាពណ៌លឿងជាដើម។
ជាចុងក្រោយកញ្ញាសេម រ៉ុកខើរ បានផ្ញើនូវពាក្យអរគុណដល់ក្រុមអ្នកគាំទ្រហើយបានបញ្ជាក់ថា៖ «សូមយុវវ័យទាំងអស់យល់ឲ្យច្បាស់ថា ខ្លួនត្រូវការអ្វី និងចូលចិត្ដអ្វីហើយធ្វើតាមការស្រឡាញ់របស់ខ្លួនសូមកុំធ្វើតាមគេដើម្បីតែការចាប់អារម្មណ៍អ្វីមួយ»៕


