
ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់នៅពេលដែលមិត្ដភក្ដិអ៊ីមែលមកសុំជំនួយនិងខ្ចីប្រាក់ពីយើងដោយពួកគេបានជួបនូវគ្រាអាសន្នណាមួយ។
ជាក់ស្ដែង កញ្ញា នូវ ពៅលក្ខិណា ជាជាងថតរូបឲ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មMusahi Advertising ធ្លាប់ត្រូវបានមិត្ដភក្ដិទូរស័ព្ទមកសួរក្រោយពីបានឃើញអ៊ីមែលរបស់កញ្ញាលក្ខិណា។
កញ្ញាបានប្រាប់ថា៖ «អ៊ីមែលរបស់ខ្ញុំត្រូវបានគេជ្រៀតចូលកាលពីឆ្នាំមុនក្រោយពីខ្ញុំត្រឡប់មកពីប្រទេសហ្វីលីពីនវិញ»។
កញ្ញាបានបន្ដថា បន្ទាប់ពីដឹងរឿងរ៉ាវដែលមិត្ដភក្ដិបានហៅទូរស័ព្ទមក កញ្ញាព្យាយាមចុះឈ្មោះចូលគណនីរបស់ខ្លួនប៉ុន្ដែវាមិនដំណើរការដោយសារតែលេខកូដត្រូវបានប្ដូរ។
សំណាងល្អ កញ្ញានៅមានអ៊ីមែលនិងសំណួរសម្រាប់ជួយស្រោចស្រង់ទើបកញ្ញាអាចទាញយកទិន្នន័យត្រឡប់មកវិញ។
យោងតាមសម្ដីរបស់កញ្ញា បានឲ្យដឹងថា អត្ថន័យក្នុងអ៊ីមែលនោះបានសុំជំនួយនិងខ្ចីប្រាក់ពីមិត្ដភក្ដិរបស់កញ្ញា ដោយសារតែកញ្ញាបាត់លុយ និងលិខិតឆ្លងដែននៅប្រទេសហ្វីលីពីន។ អ៊ីមែលនោះបានស្នើអ្នកបានអានផ្ញើប្រាក់ជាបន្ទាន់ទៅឲ្យកញ្ញាតាមរយៈគណនីធនាគារហើយកញ្ញាសន្យាថា នឹងសងវិញរួមជាមួយនឹងអំណោយបន្ដិចបន្ដួច។
ជាមួយនឹងបញ្ហានេះ កញ្ញា លក្ខិណា យល់ឃើញថា មូលហេតុដែលអ្នកដទៃអាចចូលក្នុងគណនីរបស់កញ្ញាបានដោយសារតែកញ្ញាបានប្រើគណនីនេះចុះឈ្មោះចូលគេហទំព័រច្រើនពេក។
កញ្ញាចង់ដឹងថា តើកញ្ញាគួរធ្វើយ៉ាងណាដើម្បីកុំឲ្យមានគេចូលប្រើឈ្មោះគណនីទៀត?
សូមរង់ចាំអានអត្ថបទដំណោះស្រាយនៅសប្ដាហ៍ក្រោយ!


