
ខ្ញុំចង់ក្លាយទៅជាអ្នកអភិវឌ្ឍកម្មវិធីក្នុងទូរស័ព្ទទំនើបៗ
យុវជន សោ ប៊ុនឡុង បច្ចុប្បន្ន ជានិស្សិតឆ្នាំទី ២ ផ្នែកព័ត៌មានវិទ្យានៅ សាកលវិទ្យាល័យមេគង្គកម្ពុជា មានបំណងចង់ក្លាយទៅជាអ្នកអភិវឌ្ឍ កម្មវិធីលើឧបករណ៍ទូរស័ព្ទចល័ត បន្ទាប់ពីបញ្ចប់ការសិក្សា។
លោកជឿជាក់ថា តម្រូវការលើកម្មវិធីទូរស័ព្ទចល័តនឹងមានការកើនឡើង ក្នុងរយៈពេលខ្លី ដោយលោកបានលើកឡើងថា៖ «ឥឡូវនេះមនុស្សស្ទើរតែទាំងអស់កំពុងប្រើប្រាស់ទូរស័ព្ទទំនើបៗហើយ ប្រជាប្រិយភាពនៃការប្រើប្រាស់កុំព្យូទ័រនឹងមានការថយចុះ»។
ទោះបីជា មានតម្រូវការកម្មវិធីដែលកំពុងតែកើនឡើងនេះក៏ដោយ លោក ប៊ុនឡុង យល់ថាចំនួននៃអ្នកបង្កើតកម្មវិធីទាំងនោះនៅកម្ពុជានៅមិន ទាន់គ្រប់គ្រាន់នោះទេ។
និស្សិតផ្នែកព័ត៌មានវិទ្យាវ័យ ១៩ ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្ត បន្ទាយមានជ័យរូបនេះ តែងតែស្វែងរកឱកាស ដើម្បីចូលរួមកម្មវិធីផ្សេងៗ ទាក់ទងនឹងបច្ចេកវិទ្យាដើម្បីពង្រឹងចំណេះដឹងផ្នែកបង្កើតកម្មវិធី ទូរស័ព្ទទំនើបនេះ។
យុវជនប៊ុនឡុងបាននិយាយថា៖ «នៅក្នុង Bar Camp ខ្ញុំបានជួបអ្នកជំនាញជាច្រើនក្នុងផ្នែកផ្សេងៗ គ្នានៃបច្ចេកវិទ្យារួមទាំងMobile Appផងដែរ។គោលដៅរបស់ខ្ញុំក៏ត្រូវបានសម្រួចបន្ថែមតាមរយៈកម្មវិធី នេះដែរ»។
លោកបានប្រាប់ពីគោលបំណងថ្ងៃអនាគតថា៖ «ខ្ញុំចង់បង្កើតកម្មវិធីសម្រាប់ទូរស័ព្ទទំនើបនិងTablet នៅកម្ពុជា»៕
តើអ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទទំនើបត្រូវធ្វើអ្វីខ្លះ?

លោកសាំងច័ន្ទដារ៉ាវ័យ ៣១ ឆ្នាំជាអ្នកអភិវឌ្ឍកម្មវិធីឧបករណ៍ប្រព័ន្ធ Android ជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន Golden Gekko នៅកម្ពុជាដែលទទួលបន្ទុកផ្នែកដឹកនាំគម្រោង។
លោកពន្យល់ថា៖ «ខ្ញុំត្រូវដឹកនាំក្រុមណែនាំដល់អ្នកបង្កើតកម្មវិធីដទៃទៀតនិងបុគ្គលិកថ្មី។ខ្ញុំក៏ត្រូវកំណត់ពេលវេលាដើម្បីចេញកម្មវិធីឲ្យអតិថិជនផងដែរ»។
មុនពេលឈានមកដល់តំណែងមួយនេះលោកបានឆ្លងកាត់បទពិសោធការងារផ្សេងៗទៀតដូចជា Website Maintenance, PHP Developing, និង JSP Developing ព្រមទាំងជា Mobile Web Developer។
លោកបានប្រាប់ពីបទពិសោធ ផ្ទាល់ខ្លួនថា៖ «នៅសាលាមានផ្នែកProgramming និងNetworking។ នៅពេលដែលខ្ញុំរៀនឆ្នាំទី២ខ្ញុំយល់ថាផ្នែកProgramming ពិតជាអស្ចារ្យណាស់ហើយខ្ញុំក៏ចាប់ផ្ដើមស្វែងរកជំនាញផ្សេងៗទៀតដែលទាក់ទងនឹងផ្នែកProgramming នេះតែម្ដង»។
ការសរសេរកូដជាអ្វីដែលលោកប្រាប់ថាមានសារៈសំខាន់បំផុតក្នុងការបង្កើតកម្មវិធីលើទូរស័ព្ទទំនើបនេះដោយសារតែអង្គចងចាំដែលមានកម្រិតរបស់វា។
លោកប្រាប់ថា៖ «ឧបករណ៍ចល័ត (Mobile Device) មានទំហំអង្គចងចាំតូចណាស់។ ដូច្នេះ យើងត្រូវតែប្រយ័ត្ននៅពេលដែលសរសេរកូដជាពិសេសអ្វីដែលទាក់ទងនឹងអង្គចងចាំនេះ»។
លោកបានផ្ដល់ដំបូន្មានចំពោះនិស្សិតផ្នែកព័ត៌មានវិទ្យាដែលចង់ក្លាយទៅជាអ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទថាគាត់គួរតែព្យាយាមផ្ដោតលើជំនាញជាក់លាក់មួយដោយចាប់ផ្ដើមពីការជ្រើសរើសប្រព័ន្ធដំណើរការទូរស័ព្ទណាមួយដែលគាត់ចង់ធ្វើទៅលើ។
លោកបានណែនាំថា៖ «ប្រសិនបើអ្នកព្យាយាមផ្ដោតលើច្រើនផ្នែកអ្វីដែលអ្នកកំពុងរៀនពិតជាងាយច្រឡំគ្នាណាស់!»។
ជាចុងក្រោយលោក សាំង ច័ន្ទដារ៉ាបានណែនាំដល់អ្នកមានបំណងចង់ក្លាយជាអ្នកបង្កើតកម្មវិធីអាជីពឲ្យពង្រឹងជំនាញទំនាក់ទំនងពីព្រោះវាជាកត្តាចាំបាច់មួយក្នុងការធ្វើការងារក្រុម។
លោកពន្យល់ថា៖ «ក្រៅពីការអង្គុយក្នុងការិយាល័យសរសេរកូដអ្នកបង្កើតកម្មវិធីត្រូវសិក្សាស្វែងយល់បន្ថែមពីការធ្វើទំនាក់ទំនងពីព្រោះយើងតែងតែត្រូវការទាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនដើម្បីសិក្សាស្វែងយល់រៀបគម្រោងកំណត់និងវាយតម្លៃពីការរីកចម្រើននៃការងារ»៕


