
ពាក្យចាស់ពោលថា៖ «ឃ្លាតកាយ ណាយចិត្ត»។ ចាស់បុរាណពោលពាក្យនេះ ពីព្រោះពួកគេបែកគ្នាដោយគ្មានអ្វីទំនាក់ទំនងគ្នាទាល់តែសោះ។ ប៉ុន្ដែពេលនេះ បច្ចេកវិទ្យាកាន់តែរីកចម្រើនមនុស្សគ្រប់រូបអាចទាក់ទងគ្នាឆ្លងពីតំបន់មួយទៅតំបន់ពីប្រទេសមួយទៅប្រទេសមួយ ឬពីទ្វីបមួយទៅទ្វីបមួយទៀតតាមអេក្រង់កំព្យូទ័រឬទូរស័ព្ទដៃ។
គូស្នេហ៍ដែលធ្លាប់តែខ្វល់ខ្វាយនៅពេលពួកគេរស់នៅបែកពីគ្នារហូតដល់អ្នកខ្លះបាយមិននឹក ទឹកមិនស្រេកនោះ តែពេលនេះ ពួកគេអាចស្ដាប់សំឡេង និងឃើញមុខគ្នាដោយមិនបារម្ភថា ពួកគេនៅចុងទ្វីបខាងម្នាក់នោះទេ។
ជាក់ស្តែង លោក ម៉ៅ ឧត្តម វ័យ ២៤ឆ្នាំ កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេស ឥណ្ឌូនេស៊ី នៅតែអាចរក្សាចំណងស្នេហ៍ដ៏ល្អូកល្អិនរយៈពេលជិតមួយឆ្នាំជាមួយមិត្តស្រីដែលកំពុងតែបម្រើការងារជាគណនេយ្យករមួយរូបនៅកម្ពុជា។
លោកបាននិយាយថា៖ «ដើម្បីរក្សាទំនាក់ទំនងនេះ មិត្តស្រីខ្ញុំ និងខ្ញុំបានប្រើប្រាស់កម្មវិធី Facebook Viber Line និង Skype ក្នុងការនិយាយទាក់ទងគ្នាជារៀងរាល់ថ្ងៃ»។

ដោយសារតែកម្មវិធីទាំងនោះត្រូវបានរចនាឡើងឲ្យមានភាពទាក់ទាញអមតួអក្សរ ដោយរូបភាពស្ទីកឃ័រស្អាតៗព្រមទាំងរូបថតផ្សេងៗផងនោះវាបានធ្វើឲ្យបទសន្ទនារបស់អ្នកទាំងពីរកាន់តែមានភាពរស់រវើក។
លោក ឧត្តម បានលើកឡើងថា៖ «នៅពេលខ្ញុំទទួលបានសារខ្លីៗទាំងនោះពីសង្សារ ខ្ញុំសប្បាយចិត្ត ហើយយល់ថា ខ្ញុំមានអារម្មណ៍កក់ក្តៅ។ ខ្ញុំចូលចិត្តស្ទីកឃ័រទាំងនោះ»។
លោក ឧត្តម បានបន្ថែមថា៖ «ខ្ញុំគិតថា កម្មវិធីទាំងអស់នោះពិតជាមានសារៈសំខាន់ណាស់ចំពោះពួកខ្ញុំ ពីព្រោះវាអាចជួយឲ្យយើងរក្សាចំណងស្នេហាឲ្យនៅតែល្អប្រសើរ»។
លោកអះអាងថា ទំនាក់ទំនងតាមមធ្យោបាយថ្មីនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរក្សាចំណងស្នេហាឲ្យកាន់តែមាន ភាពស្និទ្ធស្នាល និងផ្អែមល្ហែម។
លោក បានបង្ហើបប្រាប់ថា៖ «វាអាចជួយឲ្យទំនាក់ទំនងពួកយើងស្ថិតក្នុងស្ថានភាពនឹងនរ។ វាក៏អាចធ្វើឲ្យយើងកាត់បន្ថយការនឹករឭកគ្នាមួយចំណែកផងដែរ»។
ទោះបីជាពួកគេមានការពេញចិត្តចំពោះការទាក់ទងគ្នាតាមរយៈបច្ចេកវិទ្យានេះយ៉ាងណាក៏ដោយ ក៏ លោក ឧត្តម នៅតែជឿជាក់ថា ចំណងស្នេហ៍ដោយផ្ទាល់វាល្អជាងដោយសារតែលោកអាចចែករំលែកអារម្មណ៍ទៅកាន់មនុស្សជាទីស្រឡាញ់ដោយផ្ទាល់តែម្តង៕


