
លោក ឡាវ សុភ័ក្ដ្រ វ័យ ២៦ឆ្នាំ ជាអ្នកបង្កើត និងគ្រប់គ្រងប្រភពព័ត៌មានបច្ចេកវិទ្យានៃគេហទំព័រ សំបុក អាយធី ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានស្គាល់ និងចាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាថ្មីៗ។
ក្រៅពីជាស្ថាបនិកគេហទំព័រ សំបុក អាយធី យុវជន សុភ័ក្ដ្រ ក៏ជាមន្ដ្រីជំនាញព័ត៌មានវិទ្យាជាន់ខ្ពស់ផ្នែករចនាគេហទំព័ររបស់ ក្រុមហ៊ុន HCC Group Co.,Ltd ផងដែរ។
យុវជនវ័យត្រឹមតែ ២៦ឆ្នាំ មានសមត្ថភាពអាចបង្កើតសមិទ្ធផលខ្លួនឯង និងតួនាទីដ៏សំខាន់នៅក្នុងក្រុមហ៊ុន មិនមែនជាការខិតខំប្រឹងប្រែងហេងស៊យនោះទេ។
ពិតប្រាកដណាស់ ប្រសិនបើរំឭកអតីតកាលក្នុងពេលដែលលោកអាយុត្រឹមតែ ១៦ ឬក៏ ១៧ឆ្នាំ លោកមានតែម៉ាស៊ីនថតមួយគ្រឿងស្ពាយជាប់នឹងកសម្រាប់ថតរូបឲ្យភ្ញៀវដែលមកដើរកម្សាន្ដនៅមុខព្រះ បរមរាជរាំង ដើម្បីទទួលបានកម្រៃ សម្រាប់អាហារមួយពេល និងសេសសស់បន្ដិចបន្ដួចប៉ុណ្ណោះ។
ការងារជាជាងថតរូបនេះ លោកអាចសន្សំប្រាក់ទិញម៉ូតូមួយគ្រឿងដោយខ្លួនឯងរហូតដល់រយៈពេល ២ឆ្នាំ នៃអាជីពនេះ។ លោកបានប្រាប់ថា៖ «ប្រសិនបើខ្ញុំមិនមែនជាជាងថតរូបនោះទេ ខ្ញុំក៏មិនមានថ្ងៃនេះដែរ»។
ដោយសារមានឆន្ទៈចង់ធ្វើការយុវជន សុភ័ក្ត្រ នៅតែឆ្លៀតពេលធ្វើការខណៈពេលកំពុងតែសិក្សាចាប់ពីឆ្នាំ ទី១ ផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ ន័រតុន។
លោកបានចាប់ផ្ដើមធ្វើការក្នុងផ្នែកលក់ និងផ្នែកទីផ្សារឲ្យហាងកុំព្យូទ័រមួយកន្លែងតួនាទីជាជួសជុល និងធ្វើការងារជាមួយគេហទំព័រ ហើយនោះក៏ជាពេលដែលលោកចាប់ផ្ដើមស្រឡាញ់ការបង្កើតគេហទំព័រដែរ។
ម្ចាស់ គេហទំព័រ សំបុក អាយធី រូបនោះ បានឲ្យដឹងថា៖ «បន្ទាប់ពីធ្វើការបាន ២ ទៅ ៣ ខែ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា តើគេបង្កើតគេហទំព័រយ៉ាងដូចម្ដេច? ហើយខ្ញុំក៏ចាប់ផ្ដើមផ្ដោតទៅលើគេហទំព័រនេះតាំងពីពេលនោះមក។ ខ្ញុំឃើញគេអាចបង្កើតគេហទំព័រស្អាតៗបាន ហើយខ្ញុំចង់ធ្វើវាដែរ»។
អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ លោកបានឆ្លងកាត់បទពិសោធខុសៗគ្នាក្នុងផ្នែកបច្ចេកវិទ្យានេះ រួមទាំងជាអ្នកឌីហ្សាញគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយឲ្យក្រុមហ៊ុន Nokor Trading Co., Ltd រួចបន្ដចាប់ការងារជា បង្ហាត់បង្ហាញអំពីការអភិវឌ្ឍគេហទំព័រឲ្យក្រុមហ៊ុន CM Training Center និងជាអ្នកឌីហ្សាញគេហទំព័រឲ្យក្រុមហ៊ុន HCC Co., Ltd នៅក្នុងឆ្នាំ ទី៤។
បទពិសោធក្នុងទិដ្ឋភាពជាក់ស្ដែងនៃបច្ចេកវិទ្យាអំឡុងពេលដែលសិក្សាបានសម្រួចការសម្រេចចិត្តរបស់យុវជន សុភ័ក្ត្រ ឲ្យជ្រើសរើសយកគេហទំព័រជាគោលដៅរបស់ខ្លួន នៅពេលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ។
លោកបានលើកឡើងថា៖ «តាមពិត កាលពេលនៅរៀន ខ្ញុំត្រូវផ្ដោតសំខាន់ទៅលើផ្នែក Programming ដែលទាក់ទងនឹងការសរសេរកូដ។ ប៉ុន្ដែនៅក្នុងឆ្នាំ ទី៤ ដែលជាពេលខ្ញុំត្រូវធ្វើសារណា ខ្ញុំសម្រេចចិត្តជ្រើសយកការបង្កើតគេហទំព័រ។ ខ្ញុំចាប់ផ្ដើមធ្វើការផ្នែកបង្កើតគេហទំព័រឲ្យក្រុមហ៊ុន HCC នៅឆ្នាំ ២០១១»។
បទពិសោធប្រមូលផ្ដុំរបស់លោកទាំងការសិក្សានិងការងារបានផ្ដល់ឲ្យលោកនូវលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលខុសត្រូវផ្នែកបង្កើតគេហទំព័រ និងរចនា។
មន្ត្រីផ្នែកព័ត៌មានវិទ្យាជាន់ខ្ពស់រូបនេះ បានពន្យល់ពីទំនួលខុសត្រូវរបស់ខ្លួនក្នុងក្រុមហ៊ុនថា៖ «ខ្ញុំសរសេរអត្ថបទ បង្កើតឡូហ្គោ និងបដា ហើយខ្ញុំក៏ថតរូបផងដែរ។ ខ្ញុំត្រូវរចនាវា រួចបង្ហោះលើគេហទំព័រ»។
ការសម្រេចចិត្តចាប់អាជីពផ្នែក គេហទំព័រនេះ ពិតជាត្រឹមត្រូវ ដោយសារតែលោកមានការប្ដេជ្ញាចិត្តក្នុងការបង្កើតគេហទំព័រ ហើយការប្ដេជ្ញាចិត្តនេះ បានធ្វើឲ្យលោកក្លាយជាមនុស្សដែលមានគេស្គាល់ច្រើននៅពេលនេះ។
លោកបានបន្ដថា៖ «នៅពេលដែលមានគេស្នើឲ្យខ្ញុំសរសេរអ្វីមួយក្នុងប្លុក ខ្ញុំសរសេរវាភ្លាមៗតែម្ដង»។ដោយមើលឃើញពីកង្វះខាតទិន្នន័យជាភាសាខ្មែរ ជាពិសេស ការទាក់ទងនឹងបច្ចេកវិទ្យា លោកបានសម្រេចចិត្តបង្កើតគេហទំព័រ សំបុក អាយធី ឡើងក្នុងឆ្នាំ ២០១១ ដើម្បីផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកវិទ្យាឲ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន សម្រាប់បំពេញតម្រូវការប្រជាជនកម្ពុជាដែលជួបប្រទះបញ្ហាលើកុំព្យូទ័រ ឬទូរស័ព្ទ។
លោកបានបង្ហាញពីគំនិតបង្កើត សំបុក អាយធី នេះថា៖ «ខ្ញុំគិតថា បើខ្ញុំមិនបង្កើតវា ហើយអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយមិនបង្កើតវាទៀត តើខ្មែរអាចមានវាដោយរបៀបណា?»។
លោកបានបន្ថែមថា៖ «គោលដៅរបស់ខ្ញុំគឺចែករំលែកព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាឲ្យ បានច្រើនជាភាសាខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ»។
បច្ចុប្បន្ននេះ សំបុក អាយធី មានអ្នកចូលមើលជាមធ្យម ២០០០នាក់ និងឃើញគេហទំព័រនេះ ៥០០០ នាក់ជារៀងរាល់ថ្ងៃ។ គម្រោងបន្ទាប់មកទៀត លោក សុភ័ក្ត្រ នឹងបង្កើតគេហទំព័រមួយទៀតសម្រាប់ផ្ដល់វេយ្យាករណ៍ខ្មែរ ដោយលោកបានពន្យល់ថា៖ «ខ្ញុំមើលឃើញថា អ្នកខ្លះនៅតែមានកំហុសនៅពេលសរសេរអក្សរខ្មែរនៅលើអ៊ីនធឺណិត ហើយពាក្យខុសខ្លះក្លាយទៅជាពាក្យនិយមប្រើទៅវិញ»។
យុវជន ឡាវ សុភ័ក្ត្រ បានណែនាំដល់អ្នកដែលមានចំណាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យា ជាពិសេស និស្សិតផ្នែកព័ត៌មានវិទ្យាដែលចាប់អារម្មណ៍ផ្នែកបង្កើតគេហទំព័រ ឲ្យផ្ដោតលើជំនាញច្បាស់លាស់ដែលខ្លួនស្រឡាញ់។
លោកបានណែនាំថា៖ «ត្រូវស្វែងរកជំនាញមួយពេលរៀននៅសាកលវិទ្យាល័យ ហើយត្រូវធ្វើការស្រាវជ្រាវបន្ថែមលើជំនាញនេះដើម្បីឲ្យចេះកាន់តែច្បាស់»។
លោកថែមទាំងបានលើកឡើងនូវកម្មវិធីកុំព្យូទ័រមួយ ចំនួនដែលត្រូវការចាំបាច់ក្នុងការបង្កើត និងរចនាគេហទំព័រដែលមានដូចជា Adobe Photoshop, Adobe Illustrator, CorelDRAW, Adobe InDesign, Adobe Flash, HTML5, និង Adobe Dreamweaver ជាដើម៕


