ភ្នំពេញៈ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅថ្នាក់ជាតិក្នុងឆ្នាំនេះក៏ដោយក៏ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវដល់ពលរដ្ឋឱ្យយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ ឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកាត់ផ្តាច់ការចម្លងវីរុសនេះពីបុគ្គលម្នាក់ទៅម្នាក់។
ការអំពាវនាវនេះត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងកាលពីថ្ងៃទី ១៨ ខែតុលា តាមរយៈសេចក្តីណែនាំពីការការពារការចម្លងវីរុសកូវីដ ១៩ ក្នុងអំឡុងនៃព្រះរាជពិធីបុណ្យនេះ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ៧ ដល់ទី ៩ ខែវិច្ឆិកា ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៩ ខែកញ្ញា កន្លងមកនេះ បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្នាក់ជាតិនៅឆ្នាំ ២០២២នេះ ប៉ុន្តែបានអនុញ្ញាតឱ្យធ្វើពិធីទាំងនេះនៅតាមបណ្តាខេត្តទូទាំងប្រទេសទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា ៖ «ដើម្បីបន្តនិរន្តរភាពដំណើរការប្រទេសឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មីសម្រាប់ការពារការឆ្លងរីករាលដាលជំងឺកូវីដ ១៩ បុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍ត្រូវតែបន្តការការពារជាចាំបាច់ដើម្បីរួមចំណែកទប់ស្កាត់នូវការផ្ទុះការចម្លងនៃវីរុសកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍យើងសាជាថ្មីឡើងវិញ ពីព្រោះ វីរុសកូវីដ ១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ»។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «ក្រសួងសុខាភិបាលសូមណែនាំឱ្យលោកអ្នកបន្តអនុវត្តដោយការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នានូវវិធានការ ៣ ការពារ និង ៣ កុំ រួមនឹងត្រូវបន្តអនុវត្តនូវគោលការណ៍ណែនាំសំខាន់ៗមួយចំនួនទៀតផងដែរ»។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សក្នុងករណីសង្ស័យវិជ្ជមានវីរុសកូវីដ ១៩ ប្រសិនបើមានរោគសញ្ញាណាមួយសង្ស័យ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀតដែលអាចបង្កឱ្យមានការចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍។
ជាមួយគ្នានោះដែរ លោកក៏បានណែនាំទៅដល់អាជ្ញាធរខេត្ត ស្រុក ក្រុង និងមន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិ ត្រូវសហការគ្នា និងចាត់តាំងកម្លាំង ចាត់ចែងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្ជួនប្រកបដោយប្រសិទ្ធភាពពីជំងឺកូវីដ ១៩។
ដោយឡែក ក្រៅពីការអំពាវនាវទាក់ទងនឹងការបង្ការការឆ្លងមេរោគកូវីដ ១៩ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានណែនាំឱ្យបង្ការការពុលចំណីអាហារផងដែរ ដោយត្រូវរក្សាភាពស្អាត,ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នានិងត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមនៅល្អផងដែរ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីថ្ងៃទី ១៧ ខែតុលា កន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា មនុស្សទាំងអស់សុទ្ធតែបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលមិនមែនជាជោគជ័យដាច់ដោយឡែករបស់រាជរដ្ឋាភិបាលនោះទេ។
លោកបានពន្យល់ពីមូលហេតុដែលនាំឱ្យលោកសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ថ្នាក់ជាតិនេះគឺមិនមែនរដ្ឋាភិបាលខ្វះថវិកានោះទេ ប៉ុន្តែដោយសារការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ និងកម្ពុជាមានកម្មវិធីសំខាន់ៗជាច្រើននៅក្នុងអំឡុងខែវិច្ឆិកានោះផងដែរ។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើមានការឆ្លងរីករាលដាលកូវីដ ១៩ ម្តងទៀត វានឹងបង្កើតនូវស្ថានភាពដ៏គ្រោះថ្នាក់មួយទៀត។យើងមិនបានធ្វើពិធីបុណ្យអុំទូកនៅឆ្នាំ ២០២០ និង ២០២១ ដោយសារតែបញ្ហាកូវីដឯឆ្នាំ ២០២២ ក៏មានមូលហេតុកូវីដផងដែរ»។
លោក ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ផងដែរថា នៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់ និងនៅជិតខាងកម្ពុជា មានការរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី និងករណីស្លាប់ជារៀងរាល់ថ្ងៃ។
លោកថា បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ស្ថានភាពនៃការចម្លងវីរុសកូវីដ ១៩ នៅលើសកលលោកបានបង្ហាញថា មានករណីជំងឺកូវីដ ១៩ ចំនួនជាង ៦២០ លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុប ៦ ៥៤៣ ១៣៨ នាក់ គិតត្រឹមថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២៕


