មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានអះអាងថា លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសនៅថ្ងៃពុធ ទី ១៩ ខែតុលា អំពីការបញ្ចេញប្រេង ១៥ លានបារ៉ែល ចេញពីកន្លែងស្តុកទុកយុទ្ធសាស្ត្រ ហើយការបញ្ចេញបែបនេះ អាចនឹងកើតមានជាបន្តបន្ទាប់ ប្រសិនបើតម្លៃកើនឡើងខ្ពស់។
មន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ជាអនាមិក កាលពីថ្ងៃអង្គារថា ការបញ្ចេញប្រេងថ្មីពីកន្លែងស្តុកបម្រុងជាយុទ្ធសាស្ត្រ នឹងបញ្ចប់ផែនការបញ្ចេញប្រេង ១៨០ លានបារ៉ែល ដែលទទួលបានការអនុញ្ញាតកាលពីដើមឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងការឡើងថ្លៃនៃតម្លៃថាមពល ដោយសារតែការឈ្លានពានលើប្រទេសអ៊ុយក្រែន ពីសំណាក់រុស្ស៊ី។
គួរំឭកថា ការសម្រេចចិត្តបញ្ចេញប្រេងពីក្នុងស្ដុក ដែលទុកសម្រាប់ពេលបន្ទាន់សំខាន់ គឺជាយុទ្ធសាស្ត្ររបស់លោក បៃដិន ក្នុងការធ្វើឱ្យទីផ្សារថាមពលស្ងប់ស្ងាត់ និងការពារសេដ្ឋកិច្ចអាមេរិក ពីការប៉ះពាល់ខ្លាំងៗពីសង្គ្រាមនៅអ៊ុយក្រែន។
ក្រុមហ៊ុននាំចេញថាមពលដ៏ធំរបស់រុស្ស៊ី បានរងការវាយប្រហារដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបភ្លាមៗ បន្ទាប់ពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ដែលបង្កឱ្យមានភាពចលាចលលើទីផ្សារ។ លើសពីនេះ វិមានក្រឹមឡាំងបានគំរាមប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន លើការផ្គត់ផ្គង់ថាមពលជាអាវុធសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសលោកខាងលិច ដែលគាំទ្រដល់ការប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ខ្លួន។
ការសម្រេចចិត្តលើកនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងកាតអូប៉ិច ព្រមព្រៀងគ្នាលើការកាត់បន្ថយផលិកម្មប្រេងចាប់ពីដើមខែក្រោយទៅ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ជាថ្មី។
ប៉ុន្តែជាមួយគ្នានោះផងដែរ តម្លៃប្រេងក្នុងស្រុកឡើងថ្លៃ គឺជាកង្វល់ដ៏ធំសម្រាប់លោក បៃដិន។ កាលពីប៉ុន្មានខែមុន តម្លៃប្រេងនៅសហរដ្ឋអាមេរិក បានឡើងជាមធ្យមលើសពី ៥ ដុល្លារអាមេរិក ក្នុង ១ ហ្គាឡុង ដែលបង្កឱ្យមានកំហឹងទូទាំងប្រទេស ខណៈពេលដែលតម្លៃ បានធ្លាក់ចុះមកទល់ពេលនេះ។
អតិផរណានៅតែជាកត្តាដ៏ធំបំផុត ដែលជំរុញឱ្យរដ្ឋបាលលោក បៃដិន មានការព្រួយបារម្ភជាថ្មី មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ នៅខែវិច្ឆិកាខាងមុខ។
ប៉ុន្តែបន្ថែមពីនេះ រដ្ឋបាលលោក បៃដិន បានអះអាងថា ខ្លួនគ្រោងនឹងស្តុកទុកប្រេងឡើងវិញភ្លាមៗ នៅពេលដែលតម្លៃប្រេងធ្លាក់ចុះពី ៦៧ ទៅ ៧២ ដុល្លារ ក្នុង ១ បារ៉ែល។ តម្លៃប្រេងឆៅរបស់អាមេរិកនាពេលនេះ មានប្រហែល ៨២ ដុល្លារ ក្នុង ១ បារ៉ែល៕
វីដេអូ៖


