ទោះបីជាភាគីថៃបានសម្រេចជាឯកតោភាគីក្នុងការហែកចោលនូវក្របខណ្ឌចរចាវិវាទសមុទ្រដែលមានស្រាប់ (MOU 2001) ក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសថៃបានចោទប្រកាន់កម្ពុជាថាបាន «បិទទ្វារ» ចរចា ចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការងាកទៅរកយន្តការដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
កម្ពុជាបានប្រកាសចាប់ផ្ដើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) កាលពីថ្ងៃទី២ ខែមិថុនា ដែលវាហាក់បីដូចជាបានធ្វើឱ្យរដ្ឋបាលថៃមានការអាក់អន់ចិត្តជាខ្លាំង។ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានប្រើប្រាស់ភាសាបែបគំរាមកំហែងចំពោះការសម្រេចចិត្តនេះ ដោយបានថ្លែងថា ការសម្រេចចិត្តរបស់កម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដែលកំពុងតែល្អក់កករស្រាប់រវាងព្រះរាជាណាចក្រជិតខាងទាំងពីរ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ The Nation លោក ស៊ីហាសាក់ បានអះអាងថា ការលុបចោល MOU ដែលមានអាយុកាល ២៥ ឆ្នាំមកហើយ កាលពីថ្ងៃទី៥ ខែឧសភា គឺមានបំណងចាប់ផ្ដើមនីតិវិធីផ្សេងទៀតសម្រាប់គោលបំណងដដែល។ លោកបានផ្តល់យោបល់ថា មុននឹងងាកទៅរក UNCLOS កម្ពុជាគួរតែបើកចំហសម្រាប់ការចរចាទ្វេភាគី ដោយហេតុថាការផ្សះផ្សរាដោយបង្ខំអាចជាដំណើរការដែលចំណាយពេលយូរ។ លោកបានលើកយកករណីប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី ដែលត្រូវចំណាយពេលពីរឆ្នាំ ទើបអាចរកឃើញដំណោះស្រាយ។
លោកត្រូវបានស្រង់សម្ដីនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី៣ ខែមិថុនា ថា៖ «មានន័យថា ប្រហែលជាពីរឆ្នាំទៀត យើងនឹងមិនអាចខ័ណ្ឌសីមាព្រំដែនសមុទ្រ ឬអភិវឌ្ឍរួមគ្នានៅតំបន់ត្រួតស៊ីគ្នាបានទេ។ ចុះហេតុអ្វីបានជាមិនព្យាយាមចរចាសិន? បើយើងព្យាយាម យើងប្រហែលជាអាចឈានដល់កិច្ចព្រមព្រៀងបានឆាប់ជាងនេះ»។
លោកបានថ្លែងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែននឹងកាន់តែយ៉ាប់យ៉ឺន និងបានព្រមានថា កម្ពុជា «ត្រូវតែទទួលខុសត្រូវចំពោះការសម្រេចចិត្តនោះ»។
លោកបានបន្តថា៖ «ប្រសិនបើយើងមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក យើងគួរតែត្រៀមខ្លួនចាប់ផ្ដើមការចរចាដើម្បីកសាងទំនុកចិត្ត។ ប៉ុន្តែ កម្ពុជាបែរជាចាប់ផ្ដើមតាមរបៀបនេះ ដូច្នេះវាជៀសមិនរួចទេដែលវានឹងប៉ះពាល់ដល់ការចរចាស្តីពីការស្ដារទំនាក់ទំនងឡើងវិញ សន្តិសុខព្រំដែន និងការចាប់ផ្ដើមពិភាក្សាលើបញ្ហាព្រំដែន។ អ្វីដែលកម្ពុជាសម្រេចចិត្តធ្វើ គឺផ្ទុយស្រឡះពីអ្វីដែលខ្លួនបាននិងកំពុងទាមទារពីប្រទេសថៃ»។
លោកបានបន្ថែមថា៖ «ឥឡូវនេះគេអាចមើលឃើញថា កម្ពុជាបានបិទទ្វារលើរឿងជាច្រើន រួមទាំងការចរចាលើព្រំដែនសមុទ្រផងដែរ។ ប្រសិនបើត្រូវងាកទៅរកយន្តការសម្រុះសម្រួលដោយបង្ខំ ថៃត្រៀមខ្លួនរួចជាស្រេច។ យើងមិនមានការញាប់ញ័រឡើយ។ ប៉ុន្តែកម្ពុជាក៏បានបិទទ្វារលើការចរចាបញ្ហាផ្សេងទៀតដែលខ្លួនចង់ឃើញការរីកចម្រើនផងដែរ។ នេះគឺជាការសម្រេចចិត្តរបស់កម្ពុជា ហើយកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះការសម្រេចចិត្តនេះ»។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិដ៏លេចធ្លោគឺលោក គិន ភា បានចាត់ទុកសម្ដីរបស់លោក ស៊ីហាសាក់ ថាបង្ហាញពី «ការខ្វះការទទួលខុសត្រូវទាំងស្រុង»។
លោកលើកឡើងដូច្នេះថា៖ «គឺភាគីថៃទេ ដែលជាអ្នកលុបចោលជាឯកតោភាគីនូវយន្តការចរចាអធិបតេយ្យភាពសមុទ្រទ្វេភាគី ប៉ុន្តែពួកគេបែរជាងាកមកចោទប្រកាន់កម្ពុជាដោយខុសឆ្គងថា ជាអ្នកបិទទ្វារការចរចាទៅវិញ»។
លោកបានបន្តថា៖ «មានតែពពួកអមនុស្សទេ ទើបហ៊ានហាមាត់ខ្ជាក់សម្ដីប្រាសចាកការពិត និងទម្លាក់កំហុសមកលើអ្នកដទៃដោយគ្មានភាពខ្មាសអៀនបែបនេះ, ចោរមុខឌឺ»៕


