ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានបង្ហាញចំណាប់អារម្មណ៍ចូលរួមក្នុងសន្និសីទអន្តរជាតិមួយដែលកម្ពុជាគ្រោងរៀបចំនាពេលខាងមុខ ខណៈប្រទេសទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបរវាងលោម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ជាមួយលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែមិថុនា។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាប្រឈមរួមសម្រាប់បណ្តាប្រទេសជាច្រើនក្នុងតំបន់។
លោក ស៊ីណារិទ្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ក្រាប និងបោសសម្អាតក្រុមឧក្រិដ្ឋជនដែលប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុលោមតាមច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកបានគូសបញ្ជាក់ថា: “ក្រោមការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបានលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ក្នុងការបង្ក្រាបបណ្តាញឆបោកអនឡាញ និងការបោសសម្អាតមូលដ្ឋានប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជនទាំងនេះ”។
ជាមួយគ្នានេះ លោកបានឱ្យដឹងថា កម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយនឹងអញ្ជើញបណ្តាប្រទេស និងអង្គការអន្តរជាតិនានាចូលរួមផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកព័ត៌មាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងឧក្រិដ្ឋកម្មប្រភេទនេះ។
លោកបានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនអាចអនុវត្តបានដោយប្រទេសណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធ។
ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូត Kim Chang Yong បានកោតសរសើររាជរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ។
លោកបានបង្ហាញការពេញចិត្តចំពោះលទ្ធផលជាក់ស្តែងនៃប្រតិបត្តិការបង្ក្រាបរបស់កម្ពុជា និងការដាក់ឱ្យអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចាត់ទុកថា វិធានការរបស់កម្ពុជាអាចក្លាយជាគំរូសម្រាប់ប្រទេសផ្សេងទៀតដែលកំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នានេះ។
លោកបានកត់សម្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបទល្មើសឆ្លងដែនដែលទាមទារឱ្យមានការផ្លាស់ប្តូរព័ត៌មាន ការស៊ើបអង្កេតរួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា ការផ្តន្ទាទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើសទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជនកូរ៉េ។
លោកបានបង្ហាញជំនឿថា កម្ពុជានឹងបន្តអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ភាគីកូរ៉េក្នុងការចូលរួមសន្និសីទអន្តរជាតិដែលកម្ពុជាគ្រោងរៀបចំនាពេលខាងមុខ។


