ក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែមិថុនា បានរៀបចំវេទិកាថ្នាក់តំបន់ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ» បន្ទាប់ពីការបញ្ចប់ការអនុវត្តគម្រោងប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)។
វេទិកាថ្នាក់តំបន់ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ទទួលបានការគាំទ្រពីមូលនិធិពិសេសក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយមានការចូលរួមពីគណៈប្រតិភូ និងតំណាងមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ស្ថាប័ន រាជរដ្ឋាភិបាល អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកជំនាញ សង្គមស៊ីវិល វេទិកាឌីជីថល យុវជន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
វេទិកានេះ ជាវេទិកាសម្រាប់ការសន្ទនា ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងការពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភាន់ច្រឡំ ព័ត៌មានក្លែងបន្លំ ពាក្យចចាមអារ៉ាម មាតិកាបំភ្លៃ និងព័ត៌មានអនឡាញដែលបង្កគ្រោះថ្នាក់។
កិច្ចសហប្រតិបត្តិការនេះ ក៏បានរួមចំណែកក្នុងការពង្រឹងការយោគយោល់គ្នាទៅវិញទៅមក ទំនុកចិត្តសាធារណៈ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយទំនួលខុសត្រូវ ក្នុងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ។
វេទិការនេះបានរៀបចំកិច្ចពិភាក្សា ក្រោមប្រធានបទ “ការប្រែក្លាយពីព័ត៌មានក្លែងក្លាយ ទៅជាការកសាង ទំនុកចិត្តសាធារណៈ៖ តើប្រទេសជាសមាជិកមហាអនុតំបន់មេគង្គអាចឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ បានដោយរបៀបណា» វាគ្មិនកិត្តិយសបានចែករំលែកបទពិសោធរបស់ប្រទេសរៀងៗខ្លួន យន្តការតាមស្ថាប័ន វិធីសាស្រ្តគោលនយោបាយ និងវិធានការអនុវត្តដើម្បីពង្រឹងសុចរិតភាពព័ត៌មាន និងលើក កម្ពស់សុវត្ថិភាពព័ត៌មាន ទំនួលខុសត្រូវ និងព័ត៌មានដែលគួរឱ្យទុកចិត្តបាននៅក្នុងតំបន់មេគង្គ-ឡានឆាង។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ «សុចរិតភាពព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ ទំនុកចិត្តសាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ហើយសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីប្រទេសជាតិរបស់យើង តំបន់របស់យើង និង ពិភពលោកយើង»។
វេទិកានេះ បានសន្និដ្ឋានថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវការវិធីសាស្ត្រដែលមានការចូលរួមពីសង្គម និងតំបន់ទាំងមូល។ រដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន វេទិកាឌីជីថល គ្រូបង្រៀន និងវិស័យអប់រំ សង្គមស៊ីវិល យុវជន អ្នកមានឥទ្ធិពល អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋទាំងអស់ សុទ្ធតែមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ព័ត៌មានភាន់ច្រឡំ លើកកម្ពស់ព័ត៌មានដែលអាច ទុកចិត្តបាន និងពង្រឹងទំនុកចិត្តសាធារណៈ។
ក្រសួងព័ត៌មានថ្លែងថា កម្ពុជាបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិកមេគង្គ-ឡានឆាងទាំងអស់ ដើម្បីបំប្លែងអនុសាសន៍ដែលទទួលបានពីវេទិកាពិភាក្សានេះ ឱ្យ ក្លាយជាកិច្ចសហប្រតិបត្តិការរឹងមាំ ការអនុវត្តសកម្មភាពសាកល្បងជាក់ស្តែង និងយន្តការប្រកបដោយចីរភាព៕

