កម្ពុជារំពឹងនឹងទទួលបានវិនិយោគិន និងភ្ញៀវទេសចរជនជាតិឥណ្ឌាច្រើនបន្ថែមទៀតនាពេលខាងមុខ ខណៈប្រទេសទាំង ២ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត។
ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា(ដំណាក់កាលទី១៖ ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា) បានធ្វើឡើងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) និងលោក Vanlalvawna Bawitlung ឯកអគ្គរាជទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងលោក Saswat Kumar Mahapatra ប្រធានគ្រប់គ្រងទូទៅធនាគារកណ្តាលឥណ្ឌា។
ពិធីនេះក៏មានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជា សរុបប្រមាណ ១៩០ រូប។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ស្របពេលដែលមានកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា, ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌាដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញនិងសេវាតាមខេអេចឃ្យូអរកូតរបស់អាជីវករប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។
NBC បានបញ្ជាក់ថា៖«ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះ នឹងពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌាឱ្យកាន់តែទូលំទូលាយ សំដៅគាំទ្រការបង្កើតកាលានុវត្តភាព និងបង្កើនសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់ប្រទេសទាំងពីរ»។
បើយោងតាម NBC គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែននេះសម្រេចទៅបានដោយមានកិច្ចសហប្រតិបត្តិការរវាងបណ្តាញទូទាត់ជាតិ NIPL នៃប្រទេសឥណ្ឌា និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារទំនាក់ទំនងនៅកម្ពុជា។
គំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ ឆ្លុះបញ្ចាំងពីទស្សនៈវិស័យវែងឆ្ងាយរបស់កម្ពុជានៅលើពិភពលោកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូនានា ស្របពេលដែលកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់អាស៊ាន។ សមិទ្ធផលដែលសម្រេចបាននាពេលនេះសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងវិស័យសាធារណៈ និងវិស័យឯកជនក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌាឱ្យកាន់តែជិតស្និទ្ធ រួមចំណែកគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ និងជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរ និងចែករំលែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍។ នេះបើតាម NBC។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៣ ខែមិថុនាថា ភាពមិនច្បាស់លាស់នៃស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសកល ព្រមទាំងព័ត៌មានអវិជ្ជមានមួយចំនួននៅកម្ពុជា បានធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវក្នុងតំបន់អាស៊ីដែលធ្វើដំណើរមកកម្ពុជានាពេលនេះមិនមានចំនួនច្រើនទេ។ លោកលើកឡើងទៀតថា បច្ចុប្បន្នក៏មានប្រជាជនឥណ្ឌាកាន់តែច្រើនផងដែរដែលស្គាល់ប្រទេសកម្ពុជា គឺបន្ទាប់ពីទាហានថៃបានបំផ្លាញបដិមាព្រះវិស្ណុនៅច្រកព្រំដែនអានសេះ របស់កម្ពុជា។ ជនជាតិឥណ្ឌាមានការមិនពេញចិត្តជាខ្លាំងចំពោះសកម្មភាពបំផ្លិចបំផ្លាញ់ព្រះដែលពួកគេគោរព។
លោកបញ្ជាក់ថា នៅពេលមធ្យោបាយទូទាត់កាន់តែងាយស្រួល ការធ្វើដំណើរមកសិក្សាពីឱកាសវិនិយោគ ឬធ្វើទេសចរណ៍របស់ជនជាតិឥណ្ឌាមកកម្ពុជា ក៏នឹងកើនឡើងផងដែរ។
លោកនិយាយថា៖«ភ្ញៀវទេសចរឥណ្ឌាល្អហើយ ភ្ញៀវទេសចរណាក៏ល្អដែរ ព្រោះវានាំកម្រៃចូលមកប្រទេសយើងទាំងតម្លៃវីសា ការស្នាក់នៅ ការហូបចុក និងការទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗសុទ្ធតែផ្តល់ផលកម្រៃចូលមកប្រទេសយើងទាំងអស់។ ក្រៅពីមកមើលប្រាសាទអង្គរ ភ្ញៀវទេសចរឥណ្ឌាក៏ចូលចិត្តទៅមើលថ្ងៃលិចនៅរមណីយដ្ឋានភ្នំគូលែនផងដែរ»។
ទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៥,៥៧ លាននាក់ កើនឡើង ១៥,៧% បើធៀបនឹងឆ្នាំ២០២៤ ក្នុងចំនួននេះ គឺជនជាតិឥណ្ឌាមានចំនួន ៧១ ០៤៦ នាក់ ថយចុះ ៨,៥%៕

