ក្រុមបញ្ជាការដ្ឋានអង្គរក្ស ពិតជាធ្វើបានយ៉ាងល្អបំផុត ក្នុងនាមជាក្រុមការពារតំណែងជើងឯកនៃការប្រកួតកីឡាបាល់ទះពានរង្វាន់ «តេជោលីគ» រដូវកាលទី ៣ ឆ្នាំ ២០២៥-២០២៦ ដោយពួកគេបានឈ្នះគ្រប់ការប្រកួត នៅក្នុងជុំទី១ ប៉ុន្តែស្ថានភាពប្រកួតជុំទី២ អាចនឹងមានការប្រែប្រួល ជាមួយនឹងការផ្លាស់ប្តូរនូវសមាសភាពកីឡាកររបស់ក្រុមទាំង៦ ដែលបានឡើងទៅជុំទី២នេះ។
សម្រាប់ការប្រកួតបញ្ចប់ជុំទី១ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ២ ខែមិថុនា ក្រុមម្ចាស់ជើងឯក២សម័យកាល បញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយលទ្ធផល ៣-១ ហើយជ័យជម្នះ បានធ្វើឱ្យក្រុមអង្គរក្ស បញ្ចប់ការប្រកួតជុំទី១ ដោយឈ្នះទាំង៧ប្រកួត គឺឈ្នះដោយលទ្ធផល ៣-០ ចំនួន១ប្រកួត ឈ្នះ ៣-១ ចំនួន៥ប្រកួត និងឈ្នះ ៣-២ លើក្រុមវិសាខា។
លោក សូ សែម គ្រូបង្វឹកក្រុមស្នងការនគរបាលខេត្តស្វាយរៀង បានបង្ហាញការសោកស្តាយ ដែលក្រុមរបស់លោក មិនអាចបញ្ចប់កំណត់ត្រា មិនស្គាល់ការចាញ់របស់ក្រុមបញ្ជាការដ្ឋានអង្គរក្សបាន ប៉ុន្តែលោកទទួលស្គាល់ថា ក្រុមការពារតំណែងជើងឯកមួយនេះ នៅតែខ្លាំង និងលេងស៊ីចង្វាក់គ្នាល្អ។
លោកបាននិយាយក្រោយការប្រកួតថា៖«ប៉ះក្រុមខ្លាំង បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃនេះ ក្រុមរបស់ខ្ញុំ ធ្វើមិនបានល្អទេ ព្រោះការសហការលេងដូចជាមានភាពរកាំរកូស មិនស៊ីចង្វាក់គ្នាសោះ ហើយកីឡាកររបស់យើងមួយចំនួន ក៏រាងចាស់ដែរហើយ ខណៈកីឡាករបរទេសរបស់យើងម្នាក់ ក៏មានបញ្ហាសុខភាពផងដែរ តែគាត់បានបង្ខំចិត្តចូលលេង ដើម្បីក្រុម»។
លោកបានបន្ថែមថា៖ «ចំណែកការវាយសេវាវិញ ខ្ញុំរំពឹងទុកមុនថា កូនក្រុមរបស់ខ្ញុំ នឹងធ្វើបានល្អ តែផ្ទុយទៅវិញ ពួកគេធ្វើមិនបានល្អទេ ដោយវាយសេវាខូចច្រើន ខុសពីក្រុមបញ្ជាការដ្ឋានអង្គរក្ស ដែលគេលេងស៊ីចង្វាកគ្នាល្អទាំងកីឡាករខ្មែរ និងបរទេស ហើយការវាយសេវារបស់គេ ក៏មិនខូចច្រើនដូចយើង រីឯការធ្វើរនាំង ក៏គេធ្វើបានល្អជាងយើងដែរ»។
ចំណែកក្រុមវិសាខា ក៏បានជួបការខកចិត្ត សម្រាប់ការប្រកួតចុងក្រោយក្នុងជុំទី១នេះផងដែរ ដោយពួកគេ បានចាញ់ក្រុមក្រសួងមហាផ្ទៃ ៣-២ រីឯក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង ៣-០ តែក្រុមកងពលធំអន្តរាគមន៍លេខ៣ បានបន្តចាញ់ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៣-១។
យោងតាមលទ្ធផលនៃការប្រកួតជុំទី១នេះ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈរនៅលេខ១ មាន ២០ពិន្ទុ រីឯក្រុមវិសាខា បានឈរនៅលេខ២ មាន ១៧ពិន្ទុ ចំណែកក្រុមក្រសួងមហាផ្ទៃ ឈរនៅលេខ៣ មាន ១៤ពិន្ទុ តាមពីក្រោយដោយក្រុមស្នងការដ្ឋាននគរបាលរាជធានី មាន ១២ពិន្ទុ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មាន ១១ពិន្ទុ និងខេត្តកោះកុង ឈរនៅលេខ៦ មាន ៦ពិន្ទុ ដោយក្រុមទាំង៦នេះ ត្រូវឡើងទៅប្រកួតជុំទី២ ប៉ុន្តែក្រុមខេត្តព្រះសីហនុ មាន ៣ពិន្ទុ និងក្រុមកងពលធំអន្តរាគមន៍លេខ៣ មាន ១ពិន្ទុ ត្រូវបានកាត់ចេញ និងធ្លាក់ចេញពីការប្រកួតនេះហើយ។
ដោយឡែក សម្រាប់ការប្រកួតជុំទី២ រវាងក្រុមឈ្នះកៅអីទាំង៦ នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៨ ខែមិថុនា ដើម្បីយកក្រុមលេខ១ ដល់លេខ៤ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី ៤ ខែកក្កដា និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ៥ ខែកក្កដា នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្រាប់ការប្រកួតនៅជុំទី២នេះ ត្រូវបានគេមើលឃើញថា អាចមានការប្រែប្រួល ខុសពីការប្រកួតជុំទី១ ព្រោះសហព័ន្ធកីឡាបាល់ទះកម្ពុជា បានកំណត់គោលការណ៍រួចហើយ គឺអនុញ្ញាតឱ្យក្រុមទាំង៦ អាចផ្លាស់ប្តូរសមាសភាពកីឡាដោយសេរី ដើម្បីពង្រឹងគុណភាពលេងឱ្យបានកាន់តែស្វិតស្វាញ។ បើទោះបីជាពេលនេះ ក្រុមទាំង៦ នៅមិនទាន់បានទម្លាយសមាសភាពកីឡាករនៅជុំទី២ ប៉ុន្តែវិសាខា ទំនងនាំយកស្មាត់ធំ វឿន វាសនា មកជួយក្រុមវិញ ដើម្បីរារាំងការឈ្នះពានជាលើកទី៣ជាប់ៗគ្នារបស់ក្រុមបញ្ជាការដ្ឋានអង្គរក្ស នៅរដូវកាលនេះ។
ជាមួយគ្នានេះ លោក សូ សែម បានចាត់ទុកក្រុមបញ្ជាការដ្ឋានអង្គរក្ស និងវិសាខា ជាក្រុមដែលមានភាពលេចធ្លោ និងពិបាកទប់ទល់ ហើយក្រុមក្រសួងមហាផ្ទៃ ក៏មិនអាចមើលរំលងដូចគ្នា ប៉ុន្តែនៅជុំទី២នេះ លោកបានអះអាងថា នឹងកែប្រែទម្រង់លេងរបស់ក្រុមខេត្តស្វាយរៀង ឱ្យបានល្អជាងមុន។
លោកបញ្ជាក់ថា៖ «នៅរដូវកាលនេះ ខ្ញុំមើលឃើញថា បញ្ជាការដ្ឋានអង្គរក្ស និងវិសាខា ល្អដូចគ្នា តែក៏មិនអាចមើលរំលងក្រុមក្រសួងមហាផ្ទៃនោះដែរ ចំណែកក្រុមរបស់យើង ខ្ញុំនឹងរៀបចំផែនការលេងឱ្យមានភាពស៊ីចង្វាក់គ្នា។ បើទោះបីជាយើង មិនទាន់មានសង្ឃឹមបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែខ្ញុំមិនបោះបង់នោះទេ គឺយើងត្រូវតែខំប្រឹងថែមទៀត ដើម្បីឈានទៅដល់គោលដៅនេះ»៕

