
ទន្ទឹមនឹងការរីកចម្រើននៃគ្រឹះស្ថានអប់រំនានា ឱកាសអាហារូបករណ៍សម្រាប់សិស្ស និស្សិតក៏មានសន្ទុះកើនឡើងផងដែរ។ ប៉ុន្ដែបញ្ហាស្ថិតនៅត្រង់ថា និស្សិតមួយចំនួននៅតែមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការសាកល្បងដាក់ពាក្យអាហារូបករណ៍ទាំងអស់នោះ។
ប្រាកដណាស់ ការប្រកួតប្រជែងត្រូវការសមត្ថភាពទាំងចំណេះដឹងជំនាញ និងភាសាខ្ពស់។ ចំពោះចំណុចនេះ និស្សិតខ្លះយល់ថា ឱកាសទៅបន្ដការសិក្សានៅបរទេសគឺជាអាទិភាពរបស់សិស្សពូកែទៅវិញ។
សាកលវិទ្យាល័យបរទេសជាច្រើន បាននិងកំពុងផ្ដល់ឱកាសឲ្យនិស្សិត កម្ពុជា ទៅបន្ដការសិក្សានៅស្រុកគេដែលនរណាក៏អាចខិតខំដណ្ដើមយកបានដែរ។
ពាក់ព័ន្ធ នឹងការស្ទាក់ស្ទើរនេះ លោកបណ្ឌិត តាំង យូ នាយកផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ទទួលបន្ទុកផ្នែកអាហារូបករណ៍ បានបកស្រាយថា៖ «ចូរកុំស្ទាក់ស្ទើរក្នុងការចាប់យកឱកាស។ ប្រសិនបើសិស្ស និស្សិតពិតជាមានការតាំងចិត្ដចង់បន្ដការសិក្សានៅបរទេស និងតែងតែយល់ថា ខ្លួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ពួកគេគួរតែខិតខំប្រឹងប្រែងសិក្សាបន្ថែមឲ្យកាន់តែប្រសើរជាងមុន។ ឱកាសជាច្រើនកំពុងតែរង់ចាំពួកគេ ដរាបណាពួកគេព្យាយាមពុះពារស្វែងរកដោយខ្លួនឯង ជាពិសេស កុំបាត់បង់ជំនឿចិត្ដចំពោះខ្លួនឯងឲ្យសោះ»។
លោកបានបន្ដថា ភាសា អង់គ្លេសគឺជាតម្រូវការចាំបាច់សម្រាប់បំពេញលក្ខខណ្ឌនៃការជ្រើសរើស ប៉ុន្ដែអាហារូបករណ៍ខ្លះផ្ដល់អាទិភាពដល់ជំនាញដែលនិស្សិតកំពុងតែរៀននៅសាកលវិទ្យាល័យ។ មានវិធីសាស្ដ្រមួយចំនួនដែលនិស្សិតអាចទទួលបានអាហារូបករណ៍។ សំខាន់បំផុត សិស្ស និស្សិតទាំងអស់ត្រូវមានជំនឿចិត្ដលើខ្លួនឯង មានសមត្ថភាព ជំនាញច្បាស់លាស់ និងការប្ដេជ្ញាចិត្ដមុតមាំ។
តើធ្វើដូចម្ដេចទើបអាចទទួលបានជោគជ័យលើបញ្ហាខាងលើនេះ?
កញ្ញា យ៉ុង សុគន្ធី ជានិស្សិតទទួលបានអាហារូបករណ៍នៅសិក្សានៅប្រទេស ជប៉ុន ហើយសព្វថ្ងៃនេះកញ្ញាកំពុងតែបន្ដការសិក្សាផ្នែកគ្រប់គ្រងជំនួញ នៅទីនោះបានរៀបរាប់ថា៖ «ផលវិបាកដែលខ្ញុំជួបប្រទះនោះគឺនៅពេលខ្ញុំដាក់ពាក្យ ខ្ញុំគ្មានជំនឿចិត្ដលើខ្លួនឯងទាល់តែសោះ។ ចាប់ពីការប្រឡងសរសេរភាសាអង់គ្លេស ភាសា ជប៉ុន និងគណិតវិទ្យា រហូតដល់វគ្គសម្ភាសន៍ ខ្ញុំគិតថា ពាក្យសុំរបស់ខ្ញុំ វានឹងល្អគ្រប់គ្រាន់ និងអាចទទួលបានដែរឬទេ»។
ជាលទ្ធផលកញ្ញាបានជាប់ទៅបន្ដការសិក្សានៅ ជប៉ុន ដូចបំណងមែន។ កញ្ញាទទួលបានបទពិសោធស្គាល់ពីវប្បធម៌ផ្សេងៗ និងជីវិតដែលរស់នៅបរទេសឆ្ងាយពីស្រុកកំណើត។ បន្ថែមពីនេះទៅទៀត កញ្ញាអាចរៀនភាសាបានកាន់តែរហ័សដោយសារតែបរិស្ថាននៅជុំវិញផ្ដល់ភាពងាយក្នុងការអនុវត្ដ ព្រមទាំងរៀនរស់ដោយឯករាជ្យ និងទទួលខុសត្រូវចំពោះជីវិតខ្លួនឯងទៀតផង។
កញ្ញាបានបន្ដថា គោលបំណងសំខាន់ដែលសម្រេចចិត្ដដាក់ពាក្យទៅសិក្សានៅបរទេស ដោយសារតែកញ្ញាចង់មានបទពិសោធនៃការសិក្សាថ្មី និងចង់បង្កើននូវទំហំចំណេះដឹងឲ្យបានទូលំទូលាយថែមទៀត។
កញ្ញា សុគន្ធី បង្ហើបប្រាប់ថា កញ្ញាបានប្រឡងយកអាហារូបករណ៍តាមរយៈការរៀបចំរបស់ស្ថានទូត ជប៉ុន ប្រចាំនៅ កម្ពុជា សម្រាប់ ជុំទីមួយ រួចបន្ដទៅវគ្គសម្ភាសន៍។ ក្រោយពីជាប់វគ្គសម្ភាសន៍ កញ្ញាត្រូវបានតម្រូវឲ្យសរសេរពាក្យសុំទៅកាន់ក្រសួង អប់រំ នៅ ប្រទេស ជប៉ុន ដែលត្រូវឆ្លងកាត់រយៈពេល ៦ខែ។
វាគឺជារឿងចាំបាច់ណាស់ដែលនិស្សិតទាមទារឲ្យមានកម្រិតយល់ដឹងផ្នែកភាសា អង់គ្លេស ខ្ពស់ពីគ្រឹះស្ថាននៅបរទេស។ ពួកគេតម្រូវឲ្យមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ភាសាទាំងការនិយាយស្ដី និងការសរសេរ។ ថ្វីដ្បិតតែយើងចង់លើកទឹកចិត្ដនិស្សិតទាំងអស់ឲ្យធ្វើការប្ដេជ្ញាចិត្ដក៏ដោយ ក៏ពួកគេគួរតែខិតខំឲ្យអស់ពីលទ្ធភាពដើម្បីចាប់យកឱកាសនេះ ដោយមិនគួររួញរាចំពោះបរាជ័យនោះទេ។
កញ្ញា ជាន ច័ន្ទសុជាតា ជានិស្សិតឆ្នាំ ទី២ ផ្នែកគណនេយ្យ បានឲ្យដឹងថា៖ «ខ្ញុំចាប់អារម្មណ៍ចំពោះការដាក់ពាក្យទៅសិក្សានៅក្រៅប្រទេសណាស់។ ខ្ញុំធ្លាប់បានដាក់ពាក្យម្ដងរួចទៅហើយ តែបរាជ័យ។
នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្មាសមិត្ដភក្ដិរបស់ខ្ញុំណាស់។ ខ្ញុំមិនហ៊ានធ្វើការសាកល្បងម្ដងទៀតទេ ពីព្រោះខ្ញុំយល់ថា ខ្ញុំមិនពូកែ និងគ្មានសមត្ថភាពទៀត»។
កញ្ញាបានបន្ថែមថា កញ្ញាមិនធ្លាប់ចង់សាកល្បងទៀតទេ ប៉ុន្ដែដោយសារតែមានការជំរុញ និងលើកទឹកចិត្ដពីមិត្ដភក្ដិ និងក្រុមគ្រួសារឲ្យកញ្ញាខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។ បច្ចុប្បន្ននេះ កញ្ញាកំពុងត្រៀមខ្លួនសម្រាប់ការដាក់ពាក្យលើក ទី២។
កញ្ញា សុធា បញ្ញា ជានិស្សិតឆ្នាំ ទី៣ នៃវិទ្យាស្ថាន ភាសាបរទេស បានឲ្យដឹងថា៖ «ខ្ញុំដឹងថា ការដែលទទួលបានអហារូបករណ៍ទៅសិក្សានៅបរទេសនេះ វាគឺជាឱកាសល្អ ប៉ុន្ដែខ្ញុំគ្មានជំនឿចិត្ដនោះទេ។ បើទោះបីជាភាសា អង់គ្លេស របស់ខ្ញុំល្អក៏ដោយ ក៏ខ្ញុំមិនហ៊ានសាកល្បងឡើយ។ មានគេប្រាប់ថា ខ្ញុំគួរតែសាកល្បង តែខ្ញុំបានឃើញគំរូបងប្រុសខ្ញុំហើយ គាត់ឆ្លាតជាងខ្ញុំ និងរៀនពូកែទៀត គាត់នៅតែមិនទាន់ទទួលបានជោគជ័យ។ អ៊ីចឹងហើយ ខ្ញុំមិនចង់ប្រថុយប្រថានទៀតទេ»។
តើវាជាការពិតមែនទេដែល និស្សិតមានឱកាសទៅបន្ដការសិក្សានៅបរទេសសុទ្ធតែជាសិស្សឆ្នើម? ប្រាកដណាស់ គ្រឹះស្ថានភាគច្រើនទាមទារឲ្យនិស្សិតដែលត្រូវបានជ្រើសរើសនោះជាសិស្សឆ្នើម។ ប៉ុន្ដែមានគ្រឹះស្ថានមួយចំនួនទៀតទាមទារលើការតាំងចិត្ដរៀនសូត្រផងដែរ។ និស្សិតទាំងអស់ត្រូវបានលើកទឹកចិត្ដឲ្យដាក់ពាក្យបើភាសា អង់គ្លេស របស់ពួកគេអាចប្រើការបាននិងព្យាយាមរកការងារធ្វើបន្ថែម វាកាន់តែប្រសើរ។
លោក ម៉ែន សារ៉ុម ជាសាស្ដ្រាចារ្យនៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម បានលើកឡើងថា៖ «ពិតណាស់ ភាសា អង់គ្លេស ជាតម្រូវការចាំបាច់ក្នុងការប្រកួតប្រជែងទៅសិក្សា នៅបរទេស។ ប៉ុន្ដែពេលខ្លះ វាគ្រាន់តែជាតម្រូវការបន្ថែមដោយអាស្រ័យលើអហារូបករណ៍ដែលបានដាក់ពាក្យសុំប៉ុណ្ណោះ។ អ្វីដែលសំខាន់សិស្សិនិស្សិតគ្រប់រូបគួរតែយល់ដឹង និងចេះនូវជំនាញដែលចាប់យកឲ្យច្បាស់ និងប្រាកដប្រជា។ កត្ដានេះ វាគួបផ្សំជាមួយចំណេះដឹងទូទៅ ជំនឿចិត្ដ និងសមត្ថភាពរបស់ពួកគេផ្ទាល់ផងដែរ»។
លោកបានបន្ថែមថា ជំនាញដែលនិស្សិតចាប់យកនៅសាកលវិទ្យាល័យគឺសំខាន់ណាស់។ ម្ចាស់ជំនួយភាគច្រើនបានដឹង និងយល់ច្បាស់ពីស្ថានភាពរបស់និស្សិតនៅប្រទេស កម្ពុជា។ ដូច្នេះ គេផ្ដល់ជំនួយដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅប្រទេសយើងឲ្យ មានការអភិវឌ្ឍ។ សរុបមក អាហារូបករណ៍មួយចំនួនបានផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកភាសា អង់គ្លេស ដល់និស្សិតដែលទទួលបាននូវអាហារូបករណ៍ផងដែរ។
សព្វថ្ងៃនេះ ពីមួយឆ្នាំទៅមួយឆ្នាំ និស្សិតជាច្រើននាក់បាននិងកំពុងតែបញ្ចប់ការសិក្សា តែមិនមែននិស្សិតទាំងអស់ត្រូវបានផ្ដល់តម្លៃស្មើៗគ្នានោះទេ។ មនុស្សជាច្រើនបានផ្ដល់តម្លៃខ្ពស់ដល់និស្សិតតែបានទៅបន្ដការសិក្សានៅក្រៅប្រទេសជាហេតុធ្វើឲ្យពួកគេមានសក្ដានុពលក្នុងអាជីពការងារជាងនិស្សិត សិក្សាក្នុងស្រុក។
គ្មានឱកាសណាមួយរត់មករកយើងដោយខ្លួនឯងឡើយ វាត្រូវទាមទារឲ្យមានការប្រឹងប្រែងស្វះស្វែងរក។ ប្រសិនបើលើកនេះយើងបរាជ័យ យ៉ាងហោចណាស់វាបានក្លាយជាបទពិសោធសម្រាប់ថ្ងៃក្រោយទៀត។ ដូច្នេះនិស្សិតទាំងអស់ត្រូវបានលើកទឹកចិត្ដឲ្យខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងសាកទំនុកចិត្ដសម្រាប់ខ្លួនឯងក្នុងការដាក់ពាក្យសុំអាហារូបករណ៍៕


