កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯសាលាអនុវិទ្យាល័យអនុវត្តន៍ នៃ ទីក្រុងបាត់ដំបង ពិធីចែកសៀវភៅសរសេរដល់សិស្សានុសិស្សដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ បានបញ្ចប់ទៅដោយរលូន និងប្រកបដោយជោគជ័យ។
អ្នកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិការរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ VisionFund (វីសិនហ្វាន់) បានឲ្យដឹងថា ក្រៅពីអាជីវកម្មសេវាប្រាក់កម្ចី វីសិនហ្វាន់ ក៏មានផ្តល់សេវាហិរញ្ញវត្ថុផ្សេងទៀតដូចជា សេវាប្រាក់បញ្ញើសន្សំ និងសេវាផ្ទេរប្រាក់ជាដើម។ នាពេលថ្មីៗនេះគ្រឹះស្ថានបានបង្កើតជាគម្រោងសម្រាប់ជួយតម្រង់ទិសសិក្សាដល់យុវជនកម្ពុជា ក្រោមប្រធានបទ «សុបិនខ្ញុំ» វាស្របទៅនឹងទស្សនវិស័យរបស់ វីសិនហ្វាន់ ក្នុងការចង់ឃើញកុមារគ្រប់រូប រស់នៅក្នុងជីវិតពេញបរិបូរណ៍ ដោយពួកគេអាចទទួលបានការអប់រំ និងអាចមានអនាគតភ្លឺស្វាង។ អ្នកស្រីបញ្ជាក់ថា «វីសិនហ្វាន់ ជឿជាក់ថា យុវជនកម្ពុជាគ្រប់ៗរូបសុទ្ធតែមានសុបិន ឬក្តីស្រមៃរបស់គេ ដោយប្រាថ្នាចង់បានអនាគតភ្លឺស្វាងតាមរយៈវិថីនៃការអប់រំ»។
«វីសិនហ្វាន់ ក៏បានដាក់បម្រើសេវាសន្សំថ្មីដ៏ពិសេសមួយគឺគណនីកូនល្អ ដែលជាដំណោះស្រាយហិរញ្ញវត្ថុដ៏ប្រសើរសម្រាប់ឪពុកម្តាយ ឬអាណាព្យាបាលដែលមានគម្រោងច្បាស់លាស់ សម្រាប់សម្រេចក្តីស្រមៃ ក៏ដូចជាអនាគតកូនៗពួកគាត់នាពេលអនាគត តាមរយៈការចាប់ផ្តើមមានទម្លាប់សន្សំប្រាក់ ដែលមានរយៈពេលយូរចាប់ពីពេលឥឡូវនេះរហូតដល់កូនរបស់ពួកគាត់អាយុ ១៨ឆ្នាំ ដែលជាវ័យត្រូវបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ និងក៏ជាស្ពានសម្រាប់ពួកគេអាចទទួលបានការសិក្សាខ្ពង់ខ្ពស់ និងមានអនាគតដ៏ប្រសើរមួយ»។

អ្នកស្រីបន្តថា ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំកម្ពុជា វីសិនហ្វាន់ បានផ្តល់សៀវភៅសរសេរ និងប៊ិកដល់សិស្សជាច្រើនរូប។ «យើងបានបោះពុម្ពសៀវភៅសរសេរចំនួន ៦០០០០ ក្បាល ដែលភ្ជាប់ដោយសារអប់រំខ្លីៗបីជាសំខាន់ គឺការបណ្តុះឆន្ទៈអំពីក្តីស្រមៃរបស់កុមារ និងយុវជន, ការយល់ដឹងអំពីវិធីសន្សំប្រាក់ចំពោះសិស្ស និងអាណាព្យាបាលរបស់ពួកគេ និងការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ដោយធ្វើដំណើរទៅសាលាដោយម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងចៀសផុតពីគ្រឿងញៀនជាដើម»។ នេះបើតាមការអះអាងរបស់អ្នកស្រី សុក្រសម្ភារ។ «សៀវភៅសរសេរទាំងនោះសម្រាប់ចែកជូនដោយឥតគិតថ្លៃទៅដល់សិស្សនៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យមួយចំនួន នៅតាមបណ្តាខេត្តចំនួន ១៧ ក្នុង ប្រទេសកម្ពុជា»។
សៀវភៅទាំង ៦ ម៉ឺនក្បាលនេះ គឺសម្រាប់ចែកជូនកុមារចំនួន ១២០០០ នាក់ នៅតាមខេត្ត គោលដៅទាំង ១៧។ វីសិនហ្វាន់ បានចំណាយថវិកាសរុបចំនួន ២១ ៨២០ ដុល្លារអាមេរិករួមទាំងលើការបោះពុម្ពសៀវភៅការបរិច្ចាគជូនសាលារៀន និងរៀបចំសិក្ខាសាលាមួយនៅសាលាអនុវិទ្យាល័យអនុវត្តន៍នៅ ខេត្តបាត់ដំបង។
រឿងចម្លែកមួយបានកើតឡើងនៅឯសាលាអនុវិទ្យាល័យអនុវត្តន៍ ក្នុង ទីក្រុង ខេត្តបាត់ដំបង គឺមិនត្រឹមតែពីការចែកសៀវភៅសរសេរ ប៊ិក ចំនួន ២០០០ កញ្ចប់ និងអាហារសម្រន់ប្រមាណ ៤០០កញ្ចប់ ប៉ុណ្ណោះទេ សាលាមួយនេះបានឆក់ ថ្ពក់ចិត្តសប្បុរសរបស់ថ្នាក់ដឹកនាំ VisionFund ឲ្យរួមចំណែកជួយ ជួសជុលបន្ទប់រៀនសាលាមួយនេះជាច្រើនផ្នែកទៀតគឺបន្ទាប់ពីក្រុមបុគ្គលិកគ្រឹស្ថានហិរញ្ញវត្ថុមួយនេះបានផ្តល់របាយការណ៍អំពីស្ថានភាពផ្ទាល់នៅទីនោះ។
បុគ្គលិក វីសិនហ្វាន់ ម្នាក់បានបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់ វីសិនហ្វាន់ មានអារម្មណ៍រំជួលចិត្តគ្រប់ៗគ្នា នៅពេលដែលបានឃើញរូបភាពអំពីស្ថានភាពនៅ ក្នុងថ្នាក់រៀនដែលមានសភាពទ្រុឌទ្រោម ប្រកបដោយតុ កៅអីចាស់ៗ និងក្តារខៀនរខេករខាក ទ្វារ និងបង្អួចបាក់បែកព័ទ្ធជុំវិញទៅដោយជញ្ជាំងថ្នាក់រៀនដាច់ដោចដោយអន្លើៗផងនោះ។ ដោយឃើញពីសភាពទ្រុឌទ្រោមរបស់សាលារៀនមួយនេះថ្នាក់ដឹកនាំ វីសិនហ្វាន់ បានសម្រេចចិត្តផ្តល់ជំនួយសម្រាប់ជួយការ ជួសជុល ដោយលាបថ្នាំជញ្ជាំងសាលា ជួសជុលទ្វារ បង្អួច និងផ្តល់ក្តារខៀនថ្មីមួយចំនួនដល់អនុវិទ្យាល័យនោះ។

យោងតាមរបាយការណ៍របស់ វីសិនហ្វាន់ បានបង្ហាញថា គម្រោងនៅអនុវិទ្យាល័យអនុវត្តន៍ គឺទាំងជួសជុលសាលាផ្តល់សៀវភៅ សរសេរ ធ្វើសិក្ខាសាលា ផ្តល់រង្វាន់ដល់សិស្សពូកែនៅទីនោះ គឺ វីសិនហ្វាន់ ចំណាយអស់ទឹកប្រាក់សរុបចំនួនប្រហែល ២០ លានរៀល គឺប្រហែល ៥០០០ ដុល្លារអាមេរិក។
លោក ម៉ម រិទ្ធី នាយកសាលាអនុវិទ្យាល័យអនុវត្តន៍ ដែលមានទីតាំងស្ថិតនៅជាប់ពីខាងជើងរង្វង់មូលលោកតាដំបងគ្រញូង នៃ ទីក្រុងបាត់ដំបង បានឲ្យដឹងថា«រូបខ្ញុំក៏ដូចជាគ្រូៗទាំងឡាយ និងជាពិសេសគឺសិស្សានុសិស្សនៅទីនេះមានក្តីរំភើបឥតឧបមាខណៈដែលបានឮការសម្រេចផ្តល់ជំនួយបន្ថែមពីមូលនិធិ វីសិនហ្វាន់ ដើម្បីជួសជុលសាលារបស់យើង»។
លោក រិទ្ធី បានបន្តថា សាលារបស់យើងនៅកណ្តាលទីក្រុងក៏ពិតមែន ប៉ុន្តែយើងខ្វះខាតជាងគេ ពីមុនមកជារៀងរាល់ថ្ងៃបើមានធ្លាក់ភ្លៀងខ្លាំងតែបន្តិច ថ្នាក់រៀនទាំងឡាយរបស់យើងត្រូវទឹកជន់លិចដល់ក្បាលជង្គង់។ ទាំងសិស្ស និងគ្រូត្រូវតែបង្ខំចិត្តផ្អាករៀន ២-៣ ថ្ងៃយ៉ាងតិច។ រហូតដល់ ឆ្នាំ២០១៤ នេះ គឺបន្ទាប់ពីសាលាធ្លាប់ធ្វើរបាយការណ៍សុំជំនួយថវិកាពីស្ថាប័នរដ្ឋជាច្រើនដងត្រូវបរាជ័យ ទើបសាលាព្យាយាមរៃអង្គាសប្រាក់តាមសទ្ធាពីអាណាព្យាបាលរបស់សិស្ស ការដើររៃអង្គាសតាមផ្សារ និងរួមទាំងជំនួយសប្បុរសធម៌ខ្លះៗ សរុបបានប្រាក់ជាង ៥ លានរៀល គឺជាការលំបាកណាស់ទម្រាំយើងទិញដីគេមកចាក់បំពេញក្នុងបរិវេណសាលា និងថ្នាក់រៀនឲ្យផុតពីទឹកលិច។ ពួកយើងទាំងគ្រូ និងសិស្សធ្វើពលកម្មយ៉ាងច្រើនដើម្បីជញ្ជូនដីចាក់ឲ្យខ្ពស់ មុននឹងធ្វើការចាក់សាបបេតុងជាចុងក្រោយ។
«ឥឡូវនេះយើងបានជំនួយដ៏សប្បុរសធម៌ពី វីសិនហ្វាន់ ដូចព្រះជួយដែរ។ ទាំងគ្រូទាំងសិស្សរបស់យើង គឺមានកម្លាំងកាយចិត្តកើនទ្វេដងក្នុងការបង្រៀន និងរៀនសូត្រ ឲ្យបានប្រសើរសម្រាប់ជាកិច្ចតបស្នងដល់ទស្សនវិស័យរបស់ វីសិនហ្វាន់»។ នេះបើតាមប្រសាសន៍របស់លោក រិទ្ធី។
វីសិនហ្វាន់ កម្ពុជា គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែមួយគត់នៅកម្ពុជាដែលមានបណ្តាញ វីសិនហ្វាន់ រហូតដល់ ៣៥ ប្រទេសនៅទូទាំងពិភពលោកដើម្បីបំពេញបេសកកម្មក្នុងការធ្វើឲ្យជីវិតកុមារមានភាពប្រសើរឡើងតាមរយៈការផ្តល់កម្ចីខ្នាតតូច និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតដល់គ្រួសាររបស់ពួកគេ។ គិតត្រឹម ខែតុលា ឆ្នាំ២០១៤ នេះ វីសិនហ្វាន់ កម្ពុជា មានបុគ្គលិករបស់ខ្លួនកំពុងបម្រើការងារជាងមួយពាន់នាក់ និងមានអតិថិជនរបស់ខ្លួនជាង ២២ ម៉ឺនគ្រួសារដែលអាចផ្តល់ផលប៉ះពាល់ជាវិជ្ជមានដល់សហគមន៍ជាពិសេសគឺកុមាររហូតដល់ជាង ៧ សែននាក់ ជាមួយនឹងទំហំទឹកប្រាក់ផ្តល់កម្ចីចំនួន ៨៦ លានដុល្លារអាមេរិក។ វីសិនហ្វាន់ មានទីស្នាក់ការនៅទូទាំង ២៥ ខេត្តក្រុង នៅទូទាំងប្រទេសកម្ពុជា៕


