កញ្ញា ចេង ចរណៃ អាយុ២០ឆ្នាំ គឺជាម្ចាស់ជ័យលាភីលេខមួយ ក្នុងការប្រឡងអត្ថបទសរសេរ (Essay Contest)ឆ្នាំ២០១៤ ដែលរៀបចំឡើងដោយសមាគមនិស្សិតកម្ពុជានៅប្រទេសជប៉ុន កាលពីចុងខែសីហា ឆ្នាំ២០១៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន។
ចរណៃ ដែលជានិស្សិតឆ្នាំទីបួននៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍រំភើបជាខ្លាំង ពីព្រោះខ្ញុំមានជំនឿចិត្តថា ខ្ញុំនឹងអាចជាប់»។

ប្រធានបទដែលចរណៃ បានដាក់ក្នុងការប្រកួតនោះ មានចំណងជើងថា«ក្នុងនាមជាយុវជន ហេតុអ្វីបានជាការតាមដាន ពីគោលនយោបាយរបស់រដ្ឋាភិបាល មានសារៈសំខាន់?»។
ខ្លឹមសារសំខាន់នៃអត្ថបទនេះ គឺចង់បង្ហាញពីសារៈសំខាន់នៅក្នុងការចូលរួមរបស់យុវវ័យ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅក្នុងគោលនយោបាយសាធារណៈ ដើម្បីធ្វើឲ្យសង្គមមានការផ្លាស់ប្តូរ និងរីកចម្រើនឈានទៅមុខ តាមរយៈការបញ្ចេញទស្សនៈ និងតាមដានពីការដឹកនាំប្រទេស របស់រាជរដ្ឋាភិបាល។
ចរណៃ ម្ចាស់ជ័យលាភីប្រឡងអត្ថបទសរសេរបានពោលថា ការចាប់អារម្មណ៍របស់យុវជនទៅលើបញ្ហានេះនៅមានកម្រិត ហើយបញ្ហានេះជាអ្វីដែលយុវវ័យ មិនអាចខ្វះបានដើម្បីក្លាយជាអ្នកដឹកនាំម្នាក់ដ៏ល្អ ក្នុងពេលអនាគត។
ចរណៃ បន្តថា៖ «ប្រធានបទ នេះមិនត្រឹមតែដើម្បីប្រកួតប្រជែងប៉ុណ្ណោះទេ តែដើម្បីដាស់ស្មារតីរបស់យុវជន ឲ្យស្វែងយល់ និងបង្វែរការចាប់អារម្មណ៍ កាន់តែខ្លាំងពីគោលនយោបាយរបស់រដ្ឋាភិបាល ប៉ុន្តែមិនមែនរិះគន់រដ្ឋាភិបាលនោះទេ»។
នាងថា៖« ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ទៅលើប្រធានបទនេះ បន្ទាប់ពីខ្ញុំបានទៅផ្លាស់ប្តូរការសិក្សា នៅ Nanyang Technology University នៅប្រទេសសិង្ហបុរី ចំនួនបួនខែលើមុខវិជ្ជាគោលនយោបាយសាធារណៈ ហើយឃើញថា វាមានសារៈសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសមួយ»។
វិធីសាស្រ្តក្នុងការសរសេរអត្ថបទ បើតាមចរណៃ ដើម្បីសរសេរអត្ថបទឲ្យបានល្អ កញ្ញាបានផ្តោតលើចំណុចដូចខាងក្រោម៖ ១ ស្រាវជ្រាវ (Research): ត្រូវស្រាវជ្រាវពី អ្វីដែលទាក់ទងនឹងប្រធានបទ តាមរយៈការតាមដានព័ត៌មាន ដែលកើតមានឡើងនៅក្នុងសង្គម ព្រមទាំងការអានសៀវភៅ ឬឯកសារនានា ជាពិសេស ការអានសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដែលអាចជួយជាគំនិតបន្ថែមពាក់ព័ន្ធនឹងបញ្ហាកម្ពុជាដែលកើតមានកន្លងមក។
២ បង្កើតគំនិត(Brainstorm): ស្រមើស្រមៃ និងគិតពីអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងសង្គមបច្ចុប្បន្ន និងចាប់ផ្តើមសរសេរពីអ្វីដែលនឹកឃើញភ្លាម បន្ទាប់ពីការប្រមូលគំនិត។
៣ គ្រោង(Outline): កំណត់គោលដៅឲ្យបានច្បាស់លាស់ មុននឹងសរសេរ និងស្វែងរកគំនិតតូចៗ ដើម្បីគាំទ្រប្រធានបទ។ ឧទាហរណ៍ មានចំណុចសំខាន់បី នៅក្នុងមួយប្រធាននោះ ត្រូវស្វែងរកគំនិតតូចៗពីរ ឬបី ដើម្បីគាំទ្រប្រធានបទ ហើយដាក់បញ្ចូលនូវឧទាហរណ៍ដើម្បីឲ្យងាយស្រួលយល់។
៤ លើកឧទាហរណ៍ជាក់ស្តែងៈ លើកជាឧទាហរណ៍នៅក្នុងសង្គមជាក់ស្តែងដើម្បីឲ្យងាយយល់។ ជាក់ស្តែង នៅក្នុងអត្ថបទដែលជាប់លេខនេះ ចរណៃ បានលើកឧទាហរណ៍ជាក់ស្តែង អំពីបញ្ហាដីសម្បទាន ដែលពេលខ្លះ វាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដូច្នេះក្នុងនាមជាយុវជន ឬអ្នកដឹកនាំនៅពេលអនាគត គួរតែពិចារណា ឬជៀសវាង ឬដើរផ្លូវល្អជាងនេះ។
៥ ការប្រើប្រាស់ពាក្យពេចន៍ (Academic Words): ប្រើពាក្យដែលមានលក្ខណៈផ្លូវការ។ បន្ថែមលើនេះ ការប្រើប្រាស់ភាសាអង់គ្លេស គឺដើរទន្ទឹមគ្នានឹងគំនិតដែលយើងបង្កប់នៅក្នុងប្រធានបទ។
កម្មវិធីប្រកួតការសរសេរអត្ថបទ(Essay Contest)ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពក្នុងការសរសេររបស់និស្សិតដែល មានអ្នកចូលរួមប្រមាណជា៥០ ទៅ៦០នាក់ ពីបណ្តាសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញដោយជ័យលាភីលេខមួយទទួលបានមេដាយមាសមួយ ប័ណ្ណសរសើរ រួមទាំងទឹកប្រាក់ចំនួន ២០០ដុល្លារ ចំណែក លេខពីរ និងលេខបី ទទួលបានមេដាយ និងថវិកាមួយចំនួន។ នេះជាលើកទីបួនហើយដែលសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន បានបង្កើតនូវកម្មវិធីនេះឡើង ដោយនិស្សិតអាចសរសេរ បានទាំងភាសាអង់គ្លេស និងភាសាខ្មែរ៕


