ក្នុងចំណោមសិស្សក្រីក្រជាច្រើននៅតាមបណ្តាខេត្តនៃ ប្រទេសកម្ពុជា បានផ្អាកការសិក្សារបស់ខ្លួនដោយសារបញ្ហាខ្វះខាតនៅក្នុងជីវភាពគ្រួសាររបស់ពួកគេ ហើយពួកគេក៏បានក្លាយខ្លួនទៅជាកសិករ ឬក៏មនុស្សមានការចេះដឹងតិចតួចនាយុគសម័យវិទ្យាសាស្ត្ររីកចម្រើននេះ។ ករណីរបស់យុវជន មិថុនា ក៏អាចនឹងមានវាសនាបែបនេះនឹងគេដែរប្រសិន បើគាត់ពុំទទួលបានអាហារូបករណ៍ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់។
យុវជន ភឿន មិថុនា បាននិយាយដោយរីករាយថា «បើគ្មានអាហារូបករណ៍វីសិនហ្វាន់ ខ្ញុំក៏មិនអាចបន្តការសិក្សានៅភ្នំពេញ បានដែរ»។ មិថុនា មានវាសនាបានក្លាយជានិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំ ទី២ ជំនាញធនាគារ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា ឆ្នាំ សិក្សា២០១៣-២០១៤។ នៅពេលទំនេរ ពីការសិក្សារបស់ខ្លួនយុវជនរូបនេះ បាទទៅបម្រើការងារនៅតាម ភោជនីយដ្ឋានដើម្បីរកប្រាក់ជួយ ផ្គត់ផ្គង់ការសិក្សាបន្ថែម និងជាការ ជួយរំលែកបន្ទុកឪពុកម្តាយ។

យុវជន ភឿន មិថុនា អាយុ ១៨ឆ្នាំ ជាកូន ទី៥ នៃគ្រួសារកសិករមានជីវភាពខ្វះខាត ដែលមានបងប្អូន ៦នាក់ មានស្រុកកំណើតនៅ ខេត្តកណ្តាល។ មិថុនា និយាយថា បងៗរបស់ខ្លួនពុំបានសិក្សាខ្ពង់ខ្ពស់ឡើយ ពួកគាត់បានក្លាយជាកសិករ កម្មករ ទាំងវ័យកំពុងត្រូវការចំណេះដឹង។
សម្រាប់ មិថុនា អាហារូបករណ៍វីសិនហ្វាន់ មានសារៈសំខាន់ណាស់ ព្រោះនេះជាឱកាសតែមួយគត់សម្រាប់ខ្លួន អាចបន្តការសិក្សានៅមហាវិទ្យាល័យដោយមិនបង់ថ្លៃ ព្រោះ វីសិនហ្វាន់ គឺជាអ្នកទទួលបន្ទុក។ មុនពេលទទួលបានអាហារូបករណ៍នេះ គឺកាលពីដើម ឆ្នាំ២០១៣ យុវសិស្ស មិថុនា គឺជាអ្នកស្ម័គ្រចិត្តក្នុង «ក្លិបយុវជនស្ម័គ្រចិត្ត» របស់អង្គការទស្សនៈពិភពលោក។
គួររំព្ញកថា ដើម្បីចូលរួមលើកកម្ពស់ការអប់រំដល់យុវជន ក៏ដូចជាកុមារនៅតាមសហគមន៍ វីសិនហ្វាន់ បានបង្កើតកម្មវិធីទំនុកបម្រុងផ្សេងៗទៀត និងការផ្តល់កម្ចីសិក្សាដែលមានអត្រាការប្រាក់ទាបសម្រាប់និស្សិតក្រីក្រ។

ចំពោះការសិក្សានៅថ្នាក់ចំណេះទូទៅ វីសិនហ្វាន់ មានកម្មវិធី «អាហារូបករណ៍សម្រាប់កូនរបស់អតិថិជនឆ្នើម» គឺចាប់ពីពេលដែលអាណាព្យាបាលរបស់គេក្លាយជាអតិថិជនរបស់ វីសិនហ្វាន់ នោះកូនរបស់ពួកគាត់អាចមានឱកាសរៀនរហូតដល់ថ្នាក់ ទី១២។ ចំណែកអាហារូបករណ៍ ៣ឆ្នាំ ផ្សេងទៀត គឺសម្រាប់កុមារក្រីក្រតែម្តង។ អាហារូបករណ៍សម្រាប់សិស្សថ្នាក់ចំណេះទូទៅរួមមាន សៀវភៅ ប៊ិក និងសម្ភារសិក្សាផ្សេងៗទៀត សម្លៀកបំពាក់ និងកង់សម្រាប់ជិះទៅសាលា។
ស្រដៀងគ្នានឹងយុវជន មិថុនា ដែរ កុមារី ឡាយ សៀម អាយុ ១១ឆ្នាំ រៀននៅថ្នាក់ ទី៥ នៃសាលាបឋមសិក្សាមួយក្នុង ខេត្តកណ្តាល។ នាងជាកូនកសិករមានជីវភាពខ្វះខាតគួរឲ្យអាណិត។ នាងក៏ទទួលបានអាហារូបករណ៍ពីអង្គការ វីសិនហ្វាន់។
កុមារីមួយរូបនេះ ពិតជាចង់ចេះដឹងខ្លាំងណាស់ ហើយជារៀងរាល់ថ្ងៃនៅពេលទំនេរ នាងតែងដើរតួជាគ្រូបង្រៀនដើម្បីជួយបង្រៀនព្យញ្ជនៈ និងស្រៈអក្សរខ្មែរ ដល់ប្អូនៗ និងកុមារនៅជិតខាងរបស់នាង។ ដោយសារមានអត្តចរិតល្អ ចង់ចេះចង់ដឹង និងឧស្សាហ៍ព្យាយាម នាងក៏ត្រូវបាន វីសិនហ្វាន់ ជ្រើសរើសផ្តល់អាហារូបករណ៍ផងដែរ៕


