ក្រុងរីយែន៖ អស់រយៈពេលជាង ១៣០ ឆ្នាំ ពលរដ្ឋក្នុងទីក្រុងរបស់អូទ្រីសតែងតែនិយមចូលចិត្ដការ៉េមអ៊ីតាលីរបស់ក្រុមគ្រួសារ មូលីន-ប្រាដែល ជាកន្លែងផលិតការ៉េមហ្គាឡេតូដ៏ចំណាស់បំផុតមួយ។
លោក ស៊ីលវីយ៉ូ មូលីន-ប្រាដែល បាននិយាយអំពីជីតាលួតរបស់លោកឈ្មោះ អាខានហ្គេឡូ ដែលចាប់ផ្ដើមលក់ការ៉េមលើរទេះរុញក្នុងទីក្រុងរីយែន ក្នុងឆ្នាំ ១៨៨៦ យ៉ាងដូច្នេះថា៖ «គាត់បានជួយអភិវឌ្ឍការ៉េម ដែលពីមុន វាជាចំណីត្រជាក់ៗសម្រាប់តែមនុស្សវណ្ណៈទ្រព្យស្ដុកប៉ុណ្ណោះ»។
ជាង១សតវត្សរ៍ក្រោយមក ការទទួលទានការ៉េមក្នុងចំណោមពលរដ្ឋអូទ្រីស កាន់តែច្រើនជាងពលរដ្ឋនៅអ៊ីតាលី ហើយសហគ្រិន ដូចជាលោក អាខានហ្គេឡូ មូលីន-ប្រាដែល ដែលកើតក្នុងត្រកូលគ្រួសារក្រីក្រនៅតំបន់នូលូមិត អេប ភាគខាងជើងប្រទេសអ៊ីតាលី ស្ថិតក្នុងចំណោមមនុស្សដំបូងទទួលបានអត្ថប្រយោជន៍ពីការលក់ការ៉េមដល់ពលរដ្ឋអូទ្រីស។

ការផ្សំគ្រឿងពីស្ករ ទឹកដោះគោ និងទូរទឹកកកដ៏មានតម្លៃខ្ពស់ ជាច្រើនឆ្នាំមុនពេលមានម៉ាស៊ីនកកអេឡិចត្រូនិកត្រូវបានបង្កើតឡើង មានន័យថា ការ៉េមត្រូវបានរផលិតឡើងសម្រាប់តែអភិជនប៉ុណ្ណោះ។
ប៉ុន្ដែជនជាតិដើមអ៊ីតាលី ដូចជាត្រកូល មូលីន-ប្រាដែល បានធ្វើឱ្យមានការផ្លាស់ប្ដូរ ដែលការផលិតការ៉េមផ្ដោតលើទឹក និងទឹកផ្លែឈើ។
រៀងរាល់ថ្ងៃក្នុងរដូវក្ដៅ អតិថិជនប្រមាណ ៥ពាន់នាក់តែងកុម្ម៉ង់ការ៉េមរសជាតិច្រើនបែប ចាប់ពីការ៉េមប្រពៃណី ដូចជា សូកូឡា និងវ៉ានីឡា រហូតដល់ប៊័រ ឡាវេនឌ័រ និងហេម។

លោក មូលីន-ប្រាដែល ដែលបានពង្រីកមុខជំនួញ រួមទាំងការលក់ការ៉េមនៅតាមផ្សារទំនើបក្រុងរីយែនមួយចំនួន បានបន្ដថា៖ «គ្រប់ពលរដ្ឋក្រុងរីយែន នឹងប្រាប់អស់លោកថា អ្នកផលិតការ៉េមអ៊ីតាលីពិតជាល្អមែន។ ពណ៌ការ៉េមត្រូវតែស្មើសាច់ល្អ។ វាប្រកបដោយគុណភាពខ្ពស់»។
ខណៈក្រុមហ៊ុនផលិតការ៉េមកាលពីសម័យមុនត្រូវត្រឡប់ទៅកាន់ប្រទេសអ៊ីតាលី ដើម្បីប្រមូលផលវត្ថុធាតុដើមនៅតាមតំបន់ភ្នំពាក់កណ្ដាលខែសីហា បច្ចុប្បន្ន រដូវប្រមូលបន្ដរហូតដល់ខែតុលាខាងមុខ។
សព្វថ្ងៃនេះ គ្រួសារ មូលីន-ប្រាដែល នៅតែធ្វើដំណើរទៅកាន់ទឹកដីដូនតា ហ្សូលដូ នៅចុងរដូវនីមួយៗ ដើម្បីបន្តទទួលបានគំនិតផលិតការ៉េម ពីទឹកដីដែលនៅតែជាប្រភពធនធានដ៏សំខាន់ក្នុងការបង្កើតរសជាតិថ្មីៗចុងក្រោយ និងរូបមន្ដសម្ងាត់ផងដែរ៕ AFP/HR




