
ក្រុង វ៉ាស៊ីនតោនៈ ក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុន Honda Motor Co បានរាយការណ៍ថា ការលក់រថយន្តនៅ អាមេរិក មានចំនួនតិចជាងការព្យាកររបស់ក្រុមអ្នកវិភាគ ដោយសារអាកាសធាតុត្រជាក់ខ្លាំងបំផុតកាលពីខែ មករា ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ២០ឆ្នាំ បានចូលរួមចំណែកដល់ការធ្លាក់ចុះនៃការចែកចាយរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តភាគច្រើនដែលមានមូលដ្ឋាននៅតំបន់អាស៊ី និងឧស្សាហកម្មទាំងមូល។
ការចែកចាយរថយន្តរបស់ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ពិភពលោកបានធ្លាក់ចុះ ៧,២ ភាគរយកាលពីខែ មករា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះខ្លាំងជាង ២,៧ ភាគរយធៀបនឹងការព្យាករជាមធ្យមចំនួន ៧ លើករបស់ទីភ្នាក់ងារព័ត៌មាន Bloomberg។
រីឯការលក់រថយន្តរបស់ក្រុមហ៊ុន Honda វិញ បានធ្លាក់ចុះ ២,១ ភាគរយ ខណៈក្រុមអ្នកវិភាគបានរំពឹងថា ការលក់រថយន្តរបស់ក្រុមហ៊ុនមួយនេះ អាចកើនឡើង ៤,៨ ភាគរយ។ តែក្រុមហ៊ុន Nissan Motor គឺជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗ ដែលចែកចាយរថយន្តបានច្រើនជាងការរំពឹងទុក ដោយបានកើនឡើង ១២ ភាគរយនៅខែ មករា ធៀបនឹងការព្យាករថានឹងកើនឡើង ១០ ភាគរយ។
លោក Alan Baum អ្នកវិភាគប្រចាំក្រុមហ៊ុន Baum & Associates នៅទីក្រុង West Bloomfield ក្នុងរដ្ឋ Michigan បានថ្លែងនៅក្នុងបទសម្ភាសមួយក្នុងកម្មវិធីវិទ្យុរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទថា៖ «គ្រប់គ្នាបានលើកឡើងថា ការធ្លាក់ចុះការចែកចាយរថយន្ត កាលពីខែ មករា គឺទាក់ទងនឹងអាកាសធាតុ វាគឺជាការពិតហើយ។ តែជានិច្ចកាល ការលក់នៅក្នុងខែ មករា គឺមិនសូវបានច្រើនទេ ដោយសារការលើកទឹកចិត្តដែលបានផ្តល់ជូនអតិថិជននៅខែ ធ្នូ។ ក្រុមហ៊ុន Nissan គឺជាក្រុមហ៊ុនដែលផ្តល់ការលើកទឹកចិត្តតិចតួចដល់អតិថិជនកាលពីខែ ធ្នូ»។
ការលក់រថយន្តនិងរថយន្តដឹកទំនិញធុនស្រាលថ្មីៗនៅអាមេរិក បានចាប់ផ្តើមនៅឆ្នាំ ២០១៤ នេះ ជាមួយនឹងការធ្លាក់ចុះប្រចាំខែ ៣,១ ភាគរយនៅឆ្នាំ ២០១៤ បន្ទាប់ពីបានកើនឡើងក្នុងរយៈពេល ៤ ឆ្នាំជាប់គ្នាគិតត្រឹមឆ្នាំ ២០១៣ រហូតដល់ ១៥,៦ លានគ្រឿង។ នេះបើយោងតាមក្រុមហ៊ុន Autodata Corp។
ខែ មករា ឆ្នាំនេះគឺជាខែដែលមានអាកាសធាតុត្រជាក់បំផុតនៅតាមបណ្តារដ្ឋរបស់អាមេរិកដែលស្ថិតជាប់នឹងព្រំដែន គិតចាប់តាំងពីឆ្នាំ ១៩៩៤ មក។ នេះបើយោងតាមក្រុមហ៊ុន Com-modity Weather Group LLC ហើយនៅតាមតំបន់មួយចំនួន ក៏មានព្រឹលធ្លាក់ខ្លាំងផងដែរ។
ក្រុមហ៊ុន Toyota ក្រុមហ៊ុន Honda ក្រុមហ៊ុន Nissan និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត នៅតែព្យាករថា ការលក់រថយន្តប្រចាំឆ្នាំក្នុងឧស្សាហកម្មផលិតរថយន្តទាំងមូលនឹងមានប្រមាណ ១៦ លានគ្រឿង៕ BP


