
បច្ចុប្បន្ន នេះយើងសង្កេតឃើញថា Mix Martial Art (MMA) ដែលប្រជាជនខ្មែរទូទៅស្គាល់ថា ជាកីឡាប្រដាល់វាយដាក់ទ្រុងនោះបានទទួលការគាំទ្រពីសំណាក់ទស្សនិកជន និងអ្នកដែលស្នេហាវិស័យប្រដាល់ជាច្រើន។
មានមតិមួយចំនួនបានលើកឡើងថា តើកីឡាប្រដាល់សេរី និងល្បុក្កតោដែលជាក្បាច់គុនបុរាណខ្មែរដ៏យូរលង់នោះនឹងធ្លាក់ប្រជាប្រិយភាពដែរឬទេ ខណៈដែលកីឡាប្រភេទថ្មីនេះទទួលបានប្រជាប្រិយភាពច្រើនក្នុងរយៈពេលកន្លងទៅនេះ។
ឆ្លើយតបនឹងកង្វល់នេះ លោក ផង់ តារា ជាអតីតអនុប្រធានសាលាគុនល្បុក្កតោបានបញ្ជាក់ប្រាប់ថា បើទោះបីជាថ្មីៗនេះ MMA មានការរីកចម្រើន និងទទួលបានការគាំទ្រក៏ដោយ តែវាមិនមានផលប៉ះពាល់ខ្លាំងខ្លាចំពោះសិល្បៈក្បាច់គុនបុរាណ ល្បុក្កតោនោះទេ។ សិល្បៈក្បាច់គុនល្បុក្កតោជាកេរដំណែលដែលបានបន្សល់ទុកពីដូនតាតាំងពីយូរលង់ណាស់មកហើយ ហើយក៏ត្រូវបានទទួលស្គាល់ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។
លោកបន្តថា៖ «ល្បុក្កតោនៅតែរក្សាជំហរយ៉ាងរឹងមាំដដែល។ យុវជនខ្មែរមួយចំនួនធំដែលមានស្មារតីលើកតម្កើងនូវវប្បធម៌ជាតិ ខ្លួននៅតែបន្តគាំទ្រនិងលើកស្ទួយនូវសិល្បៈក្បាច់គុនខ្មែរនេះជានិច្ច។ ចំណែកអ្នកដែលស្នេហាវិស័យក្បាច់គុនផ្សេងៗទៀតគឺអាស្រ័យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន»។
លោក តារា បានបញ្ជាក់ពីចំណុចលេចឮថា សាលាល្បុក្កតោរបស់លោកត្រូវបានបិទទ្វារដោយសារតែមានបញ្ហាបន្តិចបន្តួចខាងរចនាសម្ព័ន្ធ និងជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុបណ្ដាតឲ្យសាលាគុនរបស់លោកបានផ្អាកមួយរយៈ។
លោកបានសង្កត់ធ្ងន់ថា៖ «នេះគ្រាន់តែជាការផ្អាកមួយរយៈប៉ុណ្ណោះ មិនមែនជាការបិទទាំងស្រុងនោះ។ យើងផ្អាកដើម្បីធ្វើការកែតម្រូវឲ្យកាន់តែប្រសើរជាងមុន»។
យោងទៅតាមលោក ថា សៅ អាយុ ២៧ឆ្នាំ ដែលធ្លាប់ប្រកបរបរជាអ្នកប្រដាល់ MMA [នៅក្នុងទ្រុងដែក] បានឲ្យដឹងថា មានកីឡាករមួយចំនួនក៏បានងាកមកហាត់ប្រកួត MMA ដែរ។ ប៉ុន្តែមូលហេតុនោះ គឺដោយសារតែកត្តាជីវភាព និងដើម្បីបង្កើនប្រាក់ចំណូលរបស់គេ មិនមែនមកពីបញ្ហាផ្សេងនោះទេ។
ចំពោះរូបលោកផ្ទាល់ លោកសម្រេចចិត្តឡើងប្រដាល់សារតែរូបលោកពុំបានរៀនសូត្រខ្ពង់ ខ្ពស់ និងគ្មានសមត្ថភាពរកការងារប្រសើរជាងនេះទេ។
លោក សៅ បានបន្ថែមថា៖ «បើសិនជាខ្ញុំមានជម្រើសផ្សេងនោះខ្ញុំប្រាកដជាមិនជ្រើសធ្វើជាអ្នកប្រដាល់នោះទេ ពីព្រោះមិនត្រឹមតែប្រឈមនឹងគ្រោះថ្នាក់ ឬការរងរបួសនោះទេ ថែមទំាងជាមុខងារដែលមិនស្ថិតស្ថេរទៀត»។
យោងតាមប្រសាសន៍របស់លោកគ្រូ រាជ្យវ័ន្ធ ជាគ្រូបង្វឹកក្នុងសាលាក្បាច់គុនល្បុក្កតោមួយក៏បានទទួលស្គាល់ផង ដែរថា ចំពោះអ្នកដែលមាននិស្ស័យ និងចំណង់ចំណូលចិត្តក្នុងវិស័យកីឡានេះស្ទើរតែពាក់កណ្តាលទៅហើយដែលប្រកបរបរជាអ្នកប្រដាល់ដើម្បីជីវភាព។

លោកបានបន្តថា សិស្សមួយចំនួនដែលបានមកហ្វឹកហាត់នៅក្លិបរបស់លោកមានជីវភាព ខ្វះខាត ហើយពួកគេទទួលបាននូវកិត្តិយស និងប្រាក់រង្វាន់បន្តិចបន្តួចពីជ័យជម្នះ និងការខិតខំប្រឹងប្រែងរបស់ពួកគេ។
លោក ថា សៅ បានបង្ហើបប្រាប់ទៀតថា ចំពោះអ្នកប្រយុទ្ធ [MMA] ដែលមិនទាន់មានបទពិសោធនឹងធ្វើការហ្វឹកហាត់ដែលរៀបចំដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន យ៉ាងហោចណាស់ ២ខែ មុននឹងចូលប្រកួត។ ក្នុងករណីដែលពួកគេឈ្នះម្តងពួកគេនឹងបានទទួលនូវប្រាក់រង្វាន់ចំនួន ១៥០ ដុល្លារ បើសិនជាចាញ់ចំនួន ១០០ ដុល្លារ។ចំពោះអ្នកដែលមានបទពិសោធច្រើនវិញ ពួកគេអាចទទួលបានចាប់ពី ២០០ ដុល្លារឡើងទៅ។
លោកពន្យល់ថា ទោះបីជាលោកប្រឈមនឹងបញ្ហាគ្រោះថ្នាក់ ឬរងរបួសជាញឹកញាប់ក៏ដោយ ក៏លោកយល់ថា ការប្រដាល់នៅក្នុងទ្រុងដែកទាមទារឲ្យមានការហ្វឹកហាត់យ៉ាង ត្រឹមត្រូវ ថ្វីដ្បិតតែវាដូចជាសាហាវបន្តិចមែន។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានផ្នែកកីឡានៃបណ្តាញទូរទស្សន៍ ស៊ីធីអិន លោក ម៉ា សេរី បានបញ្ជាក់ថា បើយើងមើលពីសម្បកក្រៅនៃការប្រកួតក្នុងទ្រុងដែក យើងគិតថា កីឡាបែបនេះពិតជាប្រឈមនឹងគ្រោះថ្នាក់។ ប៉ុន្តែតាមពិតទៅកីឡានេះមានសុវត្ថិភាពជាងកីឡាប្រដាល់សេរីទៅទៀតពីព្រោះកម្មវិធីនេះមានលក្ខន្តិកៈត្រឹមត្រូវ និងច្បាស់លាស់។
លោកបន្តថា៖ «កីឡាប្រភេទកីឡាប្រដាល់ដែលប្រកួតនៅក្នុងទ្រុងដែកនេះ [MMA] មិនអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ពីព្រោះមានការមើលខុសត្រូវយ៉ាងហ្មត់ចត់ពីអាជ្ញាកណ្តាល និងមានការកំណត់នូវច្បាប់ច្បាស់លាស់ចំពោះលក្ខខណ្ឌនៃការប្រកួត»។
ទោះបីជាយ៉ាងណាក៏ដោយលោកគ្រូ រាជ្យវ័ន្ធ បានបន្ដថា ការហាត់ល្បុក្កតោផង និង MMA ផងមិនមានផលប៉ះពាល់អ្វីទេ។ ជាក់ស្តែងតាមរយៈការហ្វឹកហាត់នូវក្បាច់គុនល្បុក្កតោបូករួមនឹង ការហ្វឹកហាត់បន្ថែមក្នុងការប្រកួតសម្រាប់ MMA បានធ្វើឲ្យសិស្សសាលាគុនល្បុក្កតោទទួលជ័យជម្នះនៅក្នុងការប្រកួតប្រដាល់នៅក្នុងទ្រុងដែកនៅឯប្រទេស ម៉ាឡេស៊ី ដោយទទួលបាននូវមេដាយចំណាត់ថ្នាក់លេខពីរទៀតផង។ លោកបានបន្តទៀតថា នេះមិនត្រឹមតែនាំមកនូវមោទនភាពសម្រាប់ក្បាច់គុនល្បុក្កតោប៉ុណ្ណោះទេ ប៉ុន្ដែវាក៏នាំមកនូវកិត្តិយសដល់ប្រទេសជាតិផងដែរ។
ជាចុងក្រោយលោក ថា សៅ មានសំណូមពរថា រូបលោកសង្ឃឹមថា ខាងសហព័ន្ធកីឡាអាចបង្កើននូវប្រាក់រង្វាន់ឲ្យបានខ្ពស់ជាងនេះ សម្រាប់កីឡាករគ្រប់រូបពីព្រោះពួកគេអាចសន្សំប្រាក់សម្រាប់ពេលអនាគតដែលពួកគេមិនអាចបន្តអាជីពបានទៀត៕


