មន្ត្រីសន្តិសុខអាមេរិក និងអ៊ីរ៉ង់ បានអះអាងស្របគ្នាថា ប្រទេសអ៊ីរ៉ង់ បានព្រៀងព្រមផ្គត់ផ្គង់រុស្ស៊ីនូវកាំជ្រួចរយៈចម្ងាយមធ្យម និងដ្រូន ក្នុងចំនួនដ៏ច្រើន ដើម្បីប្រើក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
អ៊ីរ៉ង់នឹងផ្គត់ផ្គង់រុស្ស៊ីនូវមីស៊ីលបាញ់លើដី ដើម្បីបំពេញឃ្លាំងអាវុធរបស់រុស្ស៊ី ដែលកំពុងតែស្បើយទៅៗជាលំដាប់ បន្ទាប់ពីរុស្ស៊ីបានបាញ់ជាច្រើនគ្រាប់ នាពេលកន្លងមក ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន មុនរដូវរងា។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីសង្គ្រាម ដែលបានកើតឡើង និងដែលឈានដល់គ្រោះថ្នាក់ដំណាក់កាលថ្មី និងដើម្បីចែករំលែកព័ត៌មានស៊ើបការណ៍ពាក់ព័ន្ធនឹងការមានចំណែករបស់អ៊ីរ៉ង់ ព្រមទាំងបានពិគ្រោះគ្នាអំពីការផ្តល់ឧបករណ៍ការពារដែនអាកាសដល់អ៊ុយក្រែន ដើម្បីជួយទប់ស្កាត់ការវាយប្រហារ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះ បានកើតឡើង កាលពីថ្ងៃទី ៦ ខែតុលា បន្ទាប់ពីអនុប្រធានាធិបតីអ៊ីរ៉ង់ លោក Mohammad Moghber រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ ២ រូប មកពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងមន្ត្រីមកពីក្រុមប្រឹក្សាសន្តិសុខជាតិ ទៅទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ដោយអ្នកការទូតអ៊ីរ៉ង់ម្នាក់បានបង្ហើបថា រុស្ស៊ីត្រូវការដ្រូន និងមីស៊ីលផ្លោងដែលបាញ់ចំគោលដៅច្បាស់ ពិសេសមីស៊ីលគ្រួសារ Fateh និង Zolfaghar។
ដ្រូនមួយ ក្នុងចំណោមដ្រូនដែលអ៊ីរ៉ង់យល់ព្រមផ្គត់ផ្គង់ដល់រុស្ស៊ី គឺ Shahed-136 ដែលជាដ្រូន បាញ់ពីអាកាសមកដី ហើយចំណែកឯ Fateh-110 និង Zolfaghar គឺជាមីស៊ីលបាញ់លើដីរយៈចម្ងាយខ្លីរបស់អ៊ីរ៉ង់ ដែលអាចវាយប្រហារ លើគោលដៅរយៈចម្ងាយចន្លោះពី ៣០០ ទៅ ៧០០ គ.ម។
តាមអ្នកការទូតអ៊ីរ៉ង់ ការផ្គត់ផ្គង់សព្វាវុធនេះ មិនបានបំពានលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឆ្នាំ ២០១៥ នោះឡើយ ដោយប្រាប់ថា «សព្វាវុធទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ទីណា ដែលមិនមែនជាបញ្ហារបស់អ្នកលក់៕
វីដេអូ៖


