ឧត្តរមានជ័យៈ មន្ត្រីនគរបាលចរាចរណ៍ស្នងការដ្ឋាន ខេត្តឧត្តរមានជ័យ ម្នាក់ដែលចាក់ស្រីស្នេហ៍ជាង ១០ កាំបិតនៅ ក្រុងសំរោង កាលពីថ្ងៃ ទី៥ ឧសភា ត្រូវសមត្ថកិច្ចនគរបាល ក្រុងសំរោង ស្វែងរកចាប់ខ្លួនខណៈស្រ្តីរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តសៀមរាប។
លោក នៀម ចន្នី នាយផ្នែកនគរបាលព្រហ្មទណ្ឌ ក្រុងសំរោង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រិន រតនា ហៅ ម៉ាប់ អាយុ ៣២ឆ្នាំ ជាពលបាលនៅការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្ត ត្រូវកម្លាំងសមត្ថកិច្ចស្វែងរកចាប់ខ្លួនមកកសាងសំណុំរឿងបញ្ជូនទៅតុលាការសម្រេច។
លោក នៀម ចន្នី និយាយថា៖ «យើងដឹងពីអត្តសញ្ញាណជនល្មើសហើយ ហើយយើងកំពុងតែដុតដៃដុតជើងធ្វើការក្នុងរឿងនេះ»។
លោករំឭកថា ជនសង្ស័យនិងស្រីកំណាន់ឈ្មោះ រ៉េត គឹមស្រេង អាយុ ៣៣ឆ្នាំ ជានារីបម្រើខារ៉ាអូខេ ហើយបានរួមរស់ជាមួយគ្នាដោយមិនបានរៀបការទេ នៅក្នុង ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកឲ្យដឹងថា ជនសង្ស័យជាសិក្ខាកាមរៀន ៣ ខែនៅ ខេត្តសៀមរាប ហើយមុនថ្ងៃកើតហេតុជនសង្ស័យបានសុំច្បាប់សាលាមកលេងផ្ទះ ហើយក៏ កើតរឿងរ៉ាវមានជម្លោះជាមួយប្រពន្ធឥតខាន់ស្លានេះ ហើយឈានដល់ចាក់ជនរងគ្រោះ។
លោកបញ្ជាក់ដែរថា ជម្លោះនេះ ជនសង្ស័យបានយកកាំបិតចិតបន្លែ ចាក់ត្រូវពោះស្រ្តីរងគ្រោះ ៨ កាំបិតនិងត្រូវដៃឆ្វេង ៦ កាំបិតរបួសជាទម្ងន់។ភ្លាមៗជនដៃដល់បានរត់គេចខ្លួន ឯនារីរងគ្រោះត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប៕

