ភ្នំពេញៈ និស្សិតម្នាក់អាយុ ២៨ ឆ្នាំត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១២ លានរៀលកាលពីម្សិលមិញ ក្រោមការចោទចំនួនបួនបទល្មើសរួមមាន លួច ប្រើអាវុធខុសច្បាប់ ឆបោក និងទទួលផលចោរកម្មកាលពីឆ្នាំមុន នៅក្នុង ខណ្ឌ ដូនពេញ។
លោក យូ ប៊ុណ្ណា ចៅក្រមតុលាការរាជធានីភ្នំពេញ ថ្លែងថា ឈ្មោះ ចាន់ ដារារ័ត្ន អាយុ ២៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៦ ឆ្នាំ និងពិន័យប្រាក់ចំនួន ១២ លានរៀល។
លោកចៅក្រមបន្ថែមថា៖ «ផ្អែកតាមសវនាការ និងភ័ស្តុតាង តុលាការបានរកឃើញថា ចាន់ ដារារ័ត្ន ពិតជាមានពិរុទ្ធភាព តុលាការបានសម្រេចផ្ដន្ទាទោសគាត់ដាក់ពន្ធនាគារ ៦ ឆ្នាំ និងពិន័យប្រាក់ចំនួន ១២ លានរៀលចូលក្នុងថវិកាជាតិ ក្រោមការចោទពីបទលួច ប្រើអាវុធខុសច្បាប់ ឆបោក និងទទួលផលចោរកម្ម»។
លោកចៅក្រមបញ្ជាក់ថា៖ «គាត់មានសិទ្ធិប្ដឹងជំទាស់ ទៅសាលាឧទ្ធរណ៍ បើសិនមិនទទួលយកការសម្រេចនេះ»។
លោកចៅក្រម រំឭកថា ចាន់ ដារារ័ត្ន ត្រូវតុលាការចោទប្រកាន់ពីរករណីគឺពីបទប្លន់ និងប្រើអាវុធខុសច្បាប់។ គាត់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពប្លន់បានម៉ូតូទំនើបមួយគ្រឿងនិងបាញ់ឲ្យស្ត្រីម្ចាស់ម៉ូតូរបួសនៅក្នុងសង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ ពីថ្ងៃទី១១ ខែ មីនា ដើមឆ្នាំ។ គាត់ត្រូវតុលាការជំនុំជម្រះក្តីពីថ្ងៃទី២២ ខែ សីហា ហើយប្រកាសសាលក្រមជាផ្លូវការកាលពីម្សិលមិញ។
ចាន់ ដារារ័ត្ន និយាយថា ការសម្រេចរបស់តុលាការនេះដូចជាធ្ងន់ធ្ងរពេក។ គាត់មិនទទួលយកទេ។ គាត់នឹងប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍នៅក្នុងពេលឆាប់ៗនេះ។
ដារារ័ត្ន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីថ្ងៃម្សិលមិញនៅក្រៅបន្ទប់តុលាការថា៖ «ខ្ញុំគិតថា ការសម្រេចរបស់តុលាការនេះហាក់ដូចជាធ្ងន់ធ្ងរចំពោះខ្ញុំពេកហើយ។ ខ្ញុំនឹងប្ដឹងទាស់នៅតុលាការថ្នាក់លើឲ្យបន្ធូរទោស និងការពិន័យប្រាក់លើរូបខ្ញុំ»៕ PN

