
ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កុមារកម្ពុជាប្រមាណ ៤០ ភាគរយ កំពុងជួបប្រទះនូវកង្វះអាហារូបត្ថម្ភ និងមិនទាន់ទទួលការថែទាំសុខភាពប្រកបដោយគុណភាពនៅឡើយ ហើយក៏បានអំពាវនាវឲ្យទាំងអស់គ្នា ពិសេសផ្នែកពាក់ព័ន្ធត្រូវប្រឹងប្រែងធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈ «យុទ្ធនាការលើកកម្ពស់សុខភាពកុមារឥឡូវនេះ»។
នៅក្នុងពិធីបើកសម្ពោធ «យុទ្ធនាការលើកកម្ពស់សុខភាពកុមារឥឡូវនេះ» ដែលប្រារព្ធជាលើកដំបូងនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ នៅសណ្ឋាគារ អាំងទែរកុងទីណង់តាល់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (CARD) បានថ្លែងថា ការបើកយុទ្ធនាការសុខភាពកុមារនាពេលឥឡូវនេះ គឺជាឱកាសមួយដែលតម្រូវឲ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ ហើយនិងអង្គការសង្គមស៊ីវិល ត្រូវខិតខំធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះអាហារូបត្ថម្ភនៅប្រទេសកម្ពុជា។
លោកបន្តថា កង្វះអាហារូបត្ថម្ភមិនត្រឹមតែពាក់ព័ន្ធនឹងកំណើនអត្រាស្លាប់របស់ កុមារទេ ប៉ុន្តែ បញ្ហានេះក៏ជះឥទ្ធិពលលើការអភិវឌ្ឍផ្នែកបញ្ញា ស្មារតី និងខួរក្បាលរបស់កុមារក៏ដូចជា កម្រិតអប់រំ ការអភិវឌ្ឍផ្នែករាងកាយនិងផលិតភាពរបស់កុមារផងដែរ។
លោក យឹម ឆៃលី គូសបញ្ជាក់ថា៖ «យើងដឹងថា មានកុមារជាច្រើននៅមិនទាន់បានទទួលការថែទាំសុខភាពប្រកបដោយគុណភាព មានឱកាសអប់រំរៀនសូត្រ និងបញ្ហាកសាងគ្រឹះនានា សម្រាប់អនាគតរបស់ពួកគេនៅឡើយទេ ដូច្នេះនេះ ជាបញ្ហាដែលទាំងអស់គ្នាត្រូវចូលរួមដោះស្រាយ»។
ចាប់តាំងពីឆ្នាំ ១៩៩០ អត្រាមរណភាពរបស់កុមារអាយុក្រោម ៥ ឆ្នាំបានធ្លាក់ចុះរហូតដល់ ៦០ ភាគរយ ប៉ុន្តែ បញ្ហាកង្វះអាហារូបត្ថម្ភកុមារហាក់មិនបានធ្លាក់ចុះ តាមការចង់បានរបស់រដ្ឋាភិបាល និងបណ្តាអង្គការដៃគូឡើយ។ ហេតុដូច្នេះរដ្ឋាភិបាលនិងអង្គការដៃគូបានប្តេជ្ញាប្រឹងប្រែងប្រើប្រាស់គ្រប់កម្លាំង មធ្យោបាយ និងវិធានការរួមក្នុងការលើកកម្ពស់បញ្ហាអាហារូបត្ថម្ភ សម្រាប់កុមារ ស្រ្តីមានផ្ទៃពោះនិងស្រ្តីក្នុងវ័យបន្តពូជ ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍សហស្សវត្យរ៍កម្ពុជា នៅក្នុងឆ្នាំ ២០១៥។
អ្នកស្រី កែវ មុំ អ្នកផលិតចំណីអាហារដែលមកចូលរួមពិធីនេះបានឲ្យដឹងថា កាលពី ១១ ឆ្នាំមុន អ្នកស្រីបានចាប់ផ្តើមចូលរួមចំណែកក្នុងការលើកកម្ពស់អាហារូបត្ថម្ភកុមារ តាមរយៈការផលិតចំណីអាហារ ដែលបានជួយផ្តល់ការងារដល់ប្រជាជនក្រីក្រកម្ពុជា និងអ្នកមិនចេះអក្សរ ឬអ្នកមានការចេះដឹងតិចតួច ជនពិការ អសមត្ថភាពនិងកុមារកំព្រាឲ្យមានការងារធ្វើផងដែរ។ អ្នកស្រីបន្តថា៖ «យើងបានចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ និងផលិតអាហារសម្រន់សម្រាប់កុមារ ដែលមានគុណភាពខ្ពស់និងមានផ្ទុកសារជាតិចិញ្ចឹមជួយដល់កុមារ ផងដែរ»។
អ្នកស្រី ដួង ច័ន្ទធីតា ប្រធានគម្រោងយុទ្ធនាការលើកកម្ពស់សុខភាព នាយកដ្ឋានតស៊ូមតិនៃអង្គការទស្សនពិភពលោកកម្ពុជា (World Vision) បានលើកឡើងថា កុមារជួបកង្វះអាហារូបត្ថម្ភ អាចបណ្តាលឲ្យកើតមានជំងឺស្គម ស្លេកស្លាំង ងាយនឹងកើតជំងឺជាច្រើន នៅក្នុងរយៈពេលខ្លី។ មិនតែប៉ុណ្ណោះ ពួកគេអាចប្រឈមទៅនឹងការចុះខ្សោយនៃកម្លាំងខួរក្បាលអាប់ប្រាជ្ញា ជាមនុស្សមិនសូវឆ្លាតវៃផងដែរ ក្នុងរយៈពេលវែង។ អ្នកស្រីបន្តថា ជាច្រើនឆ្នាំកន្លងមកនេះអង្គការទស្សនពិភពលោកចាប់ផ្តើមគម្រោងការរបស់ខ្លួន នៅក្នុងខេត្ត-ក្រុង ចំនួន ៩ ផ្តោតទៅលើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បានយល់ដឹងអំពីប្រភេទអាហារូបត្ថម្ភ និងអត្ថប្រយោជន៍នៃការរស់នៅស្អាត និងការថែទាំ ការពារកុមារឲ្យមានសុខភាពល្អប្រសើរដើម្បីចៀសវាងនូវជំងឺផ្សេងៗទៀត។
ជាមួយគ្នាដែរ ដើម្បីប្រមូលនូវការផ្តល់អាទិភាព និងធ្វើសកម្មភាពដោះស្រាយរួមគ្នា លើបញ្ហាកង្វះអាហារូបត្ថម្ភកុមារនៅកម្ពុជា អង្គការទស្សនពិភពលោក បានរៀបចំយុទ្ធនាការតស៊ូមតិជាសាធារណៈមួយដែលអំពាវនាវឲ្យប្រជាជនកម្ពុជា យុវជន និងរដ្ឋាភិបាលត្រូវពិចារណាឡើងវិញទៅលើការលើកស្ទួយស្ថានភាពអាហារូបត្ថម្ភឲ្យបានកាន់តែប្រសើរឡើង៕


