ភ្នំពេញៈ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសថា ជនជាតិចិនចំនួន ៣ នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទពីបទជួញដូរ រក្សាទុក ចាត់ចែង និងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទម្ងន់ប្រមាណ ៦ គីឡូក្រាម និងសម្អាតប្រាក់។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យចុះថ្ងៃទី ១៧ ខែមីនា បានលើកឡើងថា ជនជាតិចិន និងម៉ាឡេស៊ីទាំង ៤ នាក់នេះ ត្រូវបានផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា ៤២ និងមាត្រា ៤៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទសម្អាតប្រាក់ជា បទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៧១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ប្រភពដដែលបានបន្ថែមថា នៅថ្ងៃទី ១០ ខែមីនា កន្លងទៅ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបករណីគ្រឿងញៀននៅចំណុចទីតាំងខារ៉ាអូខេ CITY OF STARRY SKY ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងជនជាតិម៉ាឡេស៊ីចំនួន ៤ នាក់ រកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីនមានទម្ងន់១ ៦៤៨ ក្រាម ប្រភេទ MDMA មានទម្ងន់ ២ ៣៣៦,៥២ក្រាម ប្រភេទកេតាមីនទម្ងន់ ៧២៤,៩០ ក្រាម កញ្ជាក្រៀមមានទម្ងន់ ១០៨,០៩ ក្រាម និងសារធាតុមិនច្បាស់ទម្ងន់ ៩២៥,០២ ក្រាម ព្រមទាំងភ័ស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ឋនឹងការសម្អាតប្រាក់។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។
ជុំវិញបញ្ហានេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូមិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេកាលពីថ្ងៃទី ១៧ ខែមីនា ប៉ុន្តែលោកធ្លាប់បានប្រាប់នាពេលកន្លងមកថា ករណីជនបរទេសស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយបានប្រព្រឹត្តបទល្មើសដូចជាករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវតែអនុវត្តទោសនៅក្នុងប្រទេសកម្ពុជាទៅតាមច្បាប់របស់ប្រទេស។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ជនបរទេសដែលបានបង្ក្រាបនៅខារ៉ាអូខេ CITY OF STARRY SKY មានជនល្មើស ៤ នាក់ បញ្ជូនទៅតុលាការ រួមមាន ឈ្មោះ TEOH KIN HONG (ZHANG JING KANG) ភេទប្រុស ជនជាតិម៉ាឡេស៊ី ជាអ្នកគិតលុយ, ឈ្មោះ YANG MING LIANG ភេទប្រុស ជនជាតិចិនជាអ្នកជួញដូរគ្រឿងញៀន, ឈ្មោះ JIANG WEI ភេទប្រុស ជនជាតិចិន ជាអ្នកជួញដូរ និងឈ្មោះ ZHANG YONG LIN ភេទប្រុស ជនជាតិចិនជាDJ។
របាយការណ៍ដដែលបានបន្តថា ក្នុងការបង្ក្រាបនោះដែរ មានជនបរទេសជាង ៦០ នាក់ផ្សេងទៀតបានជាប់ពាក់ព័ន្ធក្នុងនោះ អ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៣៥ នាក់(ស្រី ២០ នាក់) ក្នុងនោះជនជាតិខ្មែរ២នាក់(ស្រី ១ នាក់) បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា និង ៣៣ នាក់ផ្សេងទៀតដែលមានជនជាតិវៀតណាម ១៥ នាក់ (ស្រី ១៤ នាក់) និងជនជាតិចិន ១៨ នាក់ (ស្រី ៥ នាក់) ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា៕


