ភ្នំពេញៈ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារក្នុងខេត្តត្បូងឃ្មុំដែលមានអគារធំៗចំនួន ២ និងជាមន្ទីរពេទ្យដែលមានហេដ្ឋារចនាសម្ព័ន្ធល្អនិងបំពាក់ដោយឧបករណ៍និងបរិក្ខារទំនើបៗមានតម្លៃរហូតដល់ ១,៤ លានដុល្លារ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បន្ទាប់ពីសាងសង់រួចជាស្ថាពរ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីចំនួន២អគារនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់៤ជាន់ ស្មើ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ និងជាន់ទី៣។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់និងមានការបំពាក់សម្ភារបរិក្ខារពេទ្យទំនើបៗដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងដឹកនាំការសាងសង់ដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
ក្រសួងបានបន្តថា មន្ទីរពេទ្យនេះមានបន្ទប់ពិនិត្យជំងឺទូទៅ,សង្គ្រោះបន្ទាន់,វះកាត់,សម្រាកព្យាបាល, មន្ទីរពិសោធន៍វេជ្ជសាស្ត្រ,អេកូសាស្ត្រ,X-Ray,សម្ភពនិងរោគស្ត្រី,ព្យាបាលជំងឺកុមារ,ព្យាបាលជំងឺមាត់ធ្មេញ,ឃ្លាំងបរិក្ខារវេជ្ជសាស្ត្រ និងឃ្លាំងឱសថ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងនៅក្នុងពិធីសម្ពោធនោះថា មន្ទីរពេទ្យនេះជាការចូលរួមចំណែកដ៏ធំធេងក្នុងការគ្របដណ្តប់សេវាសុខភាពជាសកលជាពិសេសជូនដល់ប្រជាជនដាច់ស្រយាលដោយមិនទុកឱ្យប្រជាជនណាម្នាក់មិនទទួលបានការថែទាំសុខភាពឡើយ។
លោកបានបញ្ជាក់ថា៖«ការសម្រេចបាននូវសេវាសុខភាពកាន់តែប្រសើរឡើងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនាពេលបច្ចុប្បន្នគឺកើតឡើងដោយសារសុខសន្តិភាពនិងស្ថិរភាពដែលជាសារវ័ន្តមិនអាចខ្វះបានក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី»។
នាពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអបអរសាទរជាមួយនឹងសមិទ្ធផលថ្មីនៅលើទឹកដីក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះ ដែលជាអគារមន្ទីរពេទ្យដ៏ធំសម្រាប់បម្រើវិស័យសុខាភិបាលនៅទីនោះ។
លោកបានលើកឡើងដែរថា ការប្រឹងប្រែងសាងសង់មន្ទីរពេទ្យនេះគឺជាកិច្ចប្រឹងប្រែងមួយក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋមិនត្រឹមតែបម្រើសេវាសុខាភិបាលនៅក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបម្រើប្រជាពលរដ្ឋនៅខេត្តផ្សេងៗដែលនៅជិតនេះបានផងដែរ។
លោក ហ៊ុន សែន មានប្រសាសន៍ថា ៖ «ស្រុកក្រូចឆ្មារពីមុនជាតំបន់ដាច់ស្រយាល និងមិនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រើននោះទេ ដែលពេលនោះអ្នកជំងឺខ្លះពេលសង្គ្រោះបន្ទាន់ត្រូវរកសេវាព្យាបាលនៅកន្លែងឆ្ងាយ ដែលធ្វើឱ្យមានការលំបាកយ៉ាងខ្លាំង»។
ឆ្លៀតក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ជំងឺកូវីដ១៩ បានដាស់តឿនស្មារតីឱ្យគ្រប់គ្នាឱ្យប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារសុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖«នៅពេលមានកូវីដ១៩យើងបានពង្រឹងសមត្ថភាពការព្យាបាលជំងឺនៅគ្រប់ទីកន្លែងទាំងអស់។មនុស្សយើងអាចមានពណ៌សម្បុរ សាសនា និងនយោបាយខុសគ្នា ប៉ុន្តែមានតម្រូវការរួម គឺការពិនិត្យព្យាបាលជំងឺ ហើយសន្តិភាព ក៏ជាតម្រូវការរួមផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តាំទៅកាន់អ្នកគ្រប់គ្រងនិងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះថា ការសាងសង់មន្ទីរពេទ្យនិងបំពាក់បរិក្ខារជាការលំបាកមួយទៅហើយ ប៉ុន្តែការធ្វើឱ្យមន្ទីរពេទ្យធានាបាននិរន្តរភាព គឺរឹតតែលំបាកទៅទៀត ដែលគ្រប់គ្នាត្រូវតែបន្តខិតខំបំពេញការងារឱ្យបានល្អគ្រប់ៗគ្នា៕


