ទីក្រុងហ្សាការតាៈ Pertamina ជាក្រុមហ៊ុនប្រេងរដ្ឋឈានមុខគេរបស់ឥណ្ឌូនេស៊ីទទួលបានឧបករណ៍ និងលិខិតអនុញ្ញាតឱ្យប្រើប្រាស់ដី ដើម្បីធានាដល់ការបង្កើនសមត្ថភាព ចម្រាញ់ប្រេងនៅរោងចក្រ Balikpapan នឹងបញ្ចប់ទាន់ពេលវេលា។
វឌ្ឍនភាពនៃគម្រោងរោងចក្រចម្រាញ់ប្រេង Balikpapan ភាគខាងកើតនៃកោះ Kalimantan ដែលជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍រោងចក្រចម្រាញ់ប្រេង (RDMP) មានចំនួន ៤៧ ភាគរយក្នុងខែធ្នូ ឆ្នាំ ២០២១។
កំណែលម្អរោងចក្រផលិតដ៏សំខាន់មួយនេះ គ្រោងនឹងបញ្ចប់ត្រឹមខែតុលាឆ្នាំ ២០២៣ ខណៈពេលដែលគ្រឿងបរិក្ខារសម្រាប់ការបំបែកកាតាលីករសារធាតុរាវសំណល់ (RFCC) ត្រូវបានកំណត់គោលដៅថា នឹងបញ្ចប់ត្រឹមខែមីនាឆ្នាំ ២០២៤ និងការផលិតប្លុកប្រេងសាំង នឹងបញ្ចប់ត្រឹមខែវិច្ឆិកាឆ្នាំ ២០២៤។
លោកស្រី Nicke Widyawati ប្រធានក្រុមហ៊ុន Pertamina បានសម្តែងសុទិដ្ឋិនិយមអំពីការបញ្ចប់គម្រោងមួយនេះទាន់ពេលវេលា។
លោកស្រីកត់សម្គាល់ថាក្រុមហ៊ុន Pertamina បានដោះស្រាយបញ្ហាសំខាន់ៗដែលនឹងប៉ះពាល់ដល់វឌ្ឍនភាពការគម្រោងដែលរួមមានការអនុញ្ញាតឲ្យប្រើប្រាស់ដី និងវិស្វកម្ម។
លោកស្រី Nicke បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីតាំងគម្រោងរោងចក្រចម្រាញ់ប្រេង RDMP Balikpapan ថា៖ «ក្រុមហ៊ុន Pertamina បន្តសម្រេចការបញ្ចប់គម្រោងដើម្បីបង្កើនសមត្ថភាពនៃការចម្រាញ់ប្រេង និងធ្វើឱ្យប្រសើរឡើងនូវដំណើរការចម្រាញ់»។
ការសាងសង់រោងចក្រចម្រាញ់ប្រេង RDMPBalikpapan បានចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០១៨ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិស្វកម្មលទ្ធកម្ម និងការសាងសង់ (EPC)។
ការសាងសង់កំពុងអនុវត្តដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុក និងបរទេសចំនួន ៤ ដែលរួមមានក្រុមហ៊ុន Hyundai Engineering Co. Ltd របស់កូរ៉េខាងត្បូងនិងក្រុមហ៊ុន SK Engineering និង Construction Co. Ltd ព្រមទាំងក្រុមហ៊ុនសំណង់របស់រដ្ឋ PT Rekayasa Industri និងក្រុមហ៊ុន PT PP។
លោកស្រី Nicke បានឱ្យដឹងថា ជាញឹកញាប់បំផុតការពន្យារពេលគម្រោងចម្រាញ់ប្រេងគឺបណ្តាលមកពីបញ្ហាលទ្ធកម្មដែលជាប់ទាក់ទងនឹងឧបករណ៍ប្រើរយៈពេលវែងជាពាក្យដែលសំដៅលើឧបករណ៍ដែលមានពេលវេលាដឹកជញ្ជូនយូរគ្រប់គ្រាន់ ដែលប៉ះពាល់ដល់ពេលវេលាដឹកនាំគម្រោងជារួម៕Jakarta Post-ANN/LA


