សៀមរាបៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសបើកជាផ្លូវការនូវព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែធ្នូ។
លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ នៅមុខប្រាសាទអង្គរវត្ត ថាការរៀបចំប្រារព្ធព្រឹត្តិការណ៍វប្បធម៌នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រធានប្តូរវេននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានសម្រាប់ឆ្នាំ២០២០ដល់ឆ្នាំ២០២២។ នេះបើយោងតាមហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាបនៅថ្ងៃទី១០ ធ្នូ។
លោកស្រីថ្លែងថា៖ «ការសម្រេចជ្រើសរើសក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានពុំមែនជាការចៃដន្យឡើយ ព្រោះក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ យ៉ាងហោចណាស់ចាប់ពីសតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៥ ដែលមានប្រាង្គប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃនៅចំពោះមុខយើងជាសក្ខីភាព និងជាខេត្តសម្បូរទៅដោយមត៌កវប្បធម៌ទាំងរូបី និង អរូបី ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍យើងនេះ»។
លោកស្រី មុនីមករា ថ្លែងថា ការរៀបចំព្រឹត្តិការណ៍វប្បធម៌នៅពេលនេះ មិនត្រឹមតែជាការអបអរនៃការដាក់បញ្ចូលក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ដើម្បីបើកដំណើរការស្ដារសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។
ក្នុងរយៈពេល៣ថ្ងៃនេះ មានសកម្មភាពវប្បធម៌ជាច្រើនដែលរៀបចំនៅកន្លែងផ្សេងៗគ្នាក្នុងខេត្តសៀមរាប ដូចជាពិព័រណ៍គំនូរបុរាណ ពិព័រណ៍តម្បាញសូត្រ មហោស្រពដណ្ដាំស្លម្ហូបអាហារខ្មែរ កម្មវិធីអំណាន ការគូររូបតាមដងផ្លូវ ការសូត្រកំណាព្យ ការជួបផ្ទាល់ជាមួយសិល្បករ និង មានកម្មវិធីជាច្រើនទៀត។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖«ព្រឹត្តិការណ៍នេះ ពិតជារួមចំណែក អភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរឱ្យទៅជាកម្លាំងលើកទឹកចិត្តកូនខ្មែរឱ្យចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឱ្យទៅជា មជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ» ។
គួររំឭកថា ទីក្រុងវប្បធម៌អាស៊ាន ដែលត្រូវបានជ្រើសរើសកន្លងមករួមមាន ទីក្រុង Cebu នៃប្រទេសហ្វីលីពីនចាប់ពីឆ្នាំ២០១០ដល់២០១១ ទីក្រុង Singapore នៃប្រទេសសិង្ហបុរីពីឆ្នាំ២០១២ដល់២០១៣ ទីក្រុង Hue នៃប្រទេសវៀតណាមពីឆ្នាំ២០១៤ដល់២០១៥ ទីក្រុង Bandar Seri Begawan នៃប្រទេសប្រ៊ុយណេពីឆ្នាំ២០១៦ដល់២០១៧ ទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ីពីឆ្នាំ២០១៨ដល់២០២០។
សម្រាប់ខេត្ដសៀមរាបនៃប្រទេសកម្ពុជាជាទីក្រុងទី៦ ដែលបានដាក់ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០ដល់២០២២៕


