កោះកុងៈ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២២ នេះបានចេញសេចក្តីជូនដំណឹងមួយឱ្យពលរដ្ឋនៅលើកោះទទឹងស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ធ្វើការរុះរើសំណង់និងចាកចេញ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា ទីតាំងដីស្ថិតនៅកោះទទឹង ភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង គឺជាដីរបស់រដ្ឋ ដែលត្រូវបានរាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុម ហ៊ុន ដែននគរ ឯ.ក. ធ្វើការវិនិយោគអភិវឌ្ឍ ជារមណីយដ្ឋានអេកូទេសចរណ៍ កម្សាន្តលំដាប់ពិភពលោក។
ទោះយ៉ាងណា តាមការពិនិត្យជាក់ស្ដែង បច្ចុប្បន្ននេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានកាន់កាប់ដី និងរស់នៅលើកោះទទឹង ជាទីតាំងដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគនោះ។ ដូច្នេះរដ្ឋបាលខេត្តបានឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានពាក់ព័ន្ធនឹងការកាន់កាប់ដីនៅលើកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ធ្វើការរុះរើសំណង់ និងចាកចេញពីទីតាំងដីនេះឱ្យបានឆាប់រហ័សបំផុត។
រដ្ឋបាលខេត្តបានបញ្ជាក់ថា៖«អ្នកដែលចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ឬទិញលក់ដីរដ្ឋ នឹងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងទីតាំងដីខាងលើនេះ ត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តចាប់ពីថ្ងៃនេះតទៅ»៕


