នៅចំកណ្តាលសំណង់ប្រក់ស័ង្កសីនៅតាមបណ្តោយផ្លូវ ១៣៦ គេសង្កេតឃើញមានសណ្ឋាគារថ្មីមួយ គឺសណ្ឋាគារ Sun and Moon។ សណ្ឋាគារ ៩ ជាន់ ដែលហាក់មិនស៊ីគ្នានឹងផ្ទះសំណាក់សម្រាប់ជនបរទេស និងបារ៍ ដ៏សម្បូរបែបមាននៅតាមផ្លូវ ១៣៦ អាចជាសញ្ញាបង្ហាញពីការផ្លាស់ ប្តូរនៃសហគមន៍មួយនេះ។
សណ្ឋាគារដែលមានបន្ទប់ចំនួន ៨០ និងមានតម្លៃចាប់ពី ៨០ ដុល្លារអាមេរិកក្នុង១យប់ គឺជា កម្មសិទ្ធិរបស់លោកបណ្ឌិត ជា រតនា ដែលបានសាងសង់ឡើងជាកាដូសម្រាប់ភរិយារបស់លោក។ ឈានជើងចូលមកតាមទ្វារកញ្ចក់នៅតាមផ្លូវ ១៣៦ ហាក់ដូចជាបានចូលមកទីតាំងដែលស្ងប់ និងមានផាសុកភាព ឆ្ងាយពីចរាចរណ៍អ៊ូអរដែលនៅខាងក្រៅ។
អ្នកគ្រប់គ្រងទូទៅ លោក Noel Furrer បានប្រាប់ថា តំបន់នេះនឹងបន្តការរីកលូតលាស់។ «ពួកយើងជឿជាក់ថា តំបន់មាត់ទន្លេនេះ នឹងក្លាយជាតំបន់ដែលមានចំណាប់អារម្មណ៍ខ្ពស់។ មានអគារជាច្រើនដែលត្រូវបានដាក់លក់ក្នុងពេលបច្ចុប្បន្ននេះ ហើយអគារជាច្រើនក៏នឹងប្រហែលជាត្រូវវាយ កម្ទេចចោលដោយអគារធំៗនឹងត្រូវ បានសាងសង់ជំនួសវិញ។ ករណីបែបនេះមិនអាចបញ្ឈប់បានទេ ដូច្នេះហើយ បានជាពួកយើងចង់មកទីនេះមុនគេ»។
លោក Furrer បានបន្តថា បើទោះជាពួកគាត់ជឿជាក់ទៅលើសក្តានុពលនៃតំបន់មាត់ទន្លេនេះក៏ដោយ ប៉ុន្តែឱកាសក៏អំណោយផលសម្រាប់លោកដែរ។ «ដីភាគច្រើននៅទីនេះគឺជារបស់លោកនាយករបស់យើងតាំងពីមុនមកម្លេ៉ះ ហើយលោកក៏មានឱកាសទិញដីផ្សេងៗបន្ថែមទៀតនៅទីនេះ ដូច្នេះលោកបានបូកបញ្ចូលគ្នាហើយសាងសង់សណ្ឋាគារនេះឡើង»។
លោក Furrer ដែលបានធ្វើដំណើរមកទីក្រុងភ្នំពេញ ពីទីក្រុង ហុងកុង និងម៉ាកាវ បាននិយាយថា សណ្ឋាគារតែងតែព្យាយាមធ្វើឲ្យប្លែក។ «ពួកយើងហៅខ្លួនឯងថា ជាសណ្ឋាគារទីក្រុង (Urban) ពីព្រោះពួកយើងនៅតំបន់ដែលមានបារ៍ និងមនុស្សប្លែកៗ និងឆ្កួតៗជាច្រើន ប៉ុន្តែនៅទីនេះ ក៏មានអ្នកជំនួញ និងម្ចាស់ក្រុមហ៊ុនជាច្រើនដែរ។ យើងមិនហៅខ្លួនឯងថា ជាសណ្ឋាគារជំនួញ ឬសណ្ឋាគារសម្រាកលំហែកាយនោះទេ។ វាជាសណ្ឋាគារសម្រាប់អ្នកទាំងអស់គ្នា ជាទីកន្លែងធ្វើការ និងលេងសប្បាយ»។
ដោយកត់សម្គាល់ផលប៉ះពាល់បរិស្ថានដែលបណ្តាលមកពីឧស្សាហកម្មបដិសណ្ឋារកិច្ចលោក Furrer បានបញ្ជាក់ថា សណ្ឋាគារ Sun and Moon នឹងប្រកាន់ខ្ជាប់ទំនួលខុសត្រូវខ្ពស់។ «នៅជាន់ក្រោមយើងមានកន្លែងចម្រោះទឹក។ យើងចង់បង្កើតសណ្ឋាគារដែលមាននិរន្តភាព។ ប្រសិនបើខ្ញុំប្រើដបទឹក ២ ដបជារៀងរាល់ថ្ងៃសម្រាប់បន្ទប់ ៨០ ខ្ញុំនឹងប្រើប្រាស់អស់ដបផ្លាស្ទិច ៦ ម៉ឺនដបក្នុងមួយឆ្នាំ។ ដូច្នេះនៅទីនេះយើងមានដបកែវផ្ទាល់ខ្លួន ហើយយើងនឹងដំឡើងបន្ទះសូឡា។ យើងព្យាយាមធ្វើអ្វីៗបន្តិចបន្តួចសម្រាប់បរិស្ថាន»។
ភាពជោគជ័យរបស់សណ្ឋាគារ Sun and Moon ដែលការកម្រិតការស្នាក់នៅក្នុងរដូវភ្ញៀវទេសចរតិចនេះគឺ ៨០ ភាគរយ បង្ហាញឲ្យឃើញថា ក្រុមហ៊ុននេះនឹងព្យាយាមបន្តជំរុញស្លាកយីហោទៅមុខទៀត។ «ពួកយើងមានគម្រោងបើកចម្ការ Sun and Moon នៅតាមខេត្តនៅក្រៅទីក្រុងភ្នំពេញ ហើយនៅក្នុងទីក្រុង យើងកំពុងតែសាងសង់សួនឧទ្យានមួយ ដែលមានកន្លែងហាត់កីឡា និងអាងហែលទឹក។ ពួកយើងកំពុងតែសាកល្បងមើលគំនិតសណ្ឋាគារ Sun and Moon នៅកន្លែងដទៃទៀតនៅលើពិភពលោក»។
លោក Furrer ក៏បានបន្តទៀតដែរថា ៖ «យើងទើបតែបើកបាន ៦ ខែតែប៉ុណ្ណោះ។ ដូច្នេះយើងមិនចង់ពង្រីកលឿនពេកទេ។ យើងចង់ធ្វើជំនួញនេះឲ្យបានល្អ»។
នៅអាងហែលទឹកលើដំបូល Infinity លោក Furrer គិតពិចារណាពីតំបន់សហគមន៍នេះដោយសម្លឹងមើលទៅដំបូលប្រក់ស័ង្កសី និងទន្លេសាប។ «សណ្ឋាគារនេះឆ្លើយតបនឹងសំណួរថ្មីមួយ។ ប៉ុន្តែខ្ញុំគិតថា ការវិនិយោគថ្មី និងអគារខ្ពស់ៗនឹងកើតមានឡើង»។
លោកបានបន្តទៀតថា ៖ «មានអចលទ្រព្យជាច្រើនណាស់ដែលកំពុងតែត្រូវបានដាក់លក់នៅពេលនេះ។ ខ្ញុំឃើញសណ្ឋាគារផ្កាយ៥មួយ ដែលនឹងជិតបើកដំណើរការនៅមាត់ទន្លេ ហើយក៏នឹងមានសណ្ឋាគារ Rosewood ដែលនឹងបើកនៅអគារវឌ្ឍនៈដែរ។ ដូច្នេះវានឹងកើតមានឡើង ប៉ុន្តែយើងនៅទីនេះហើយ ខ្ញុំជឿថា ទីផ្សារនេះធំល្មមសម្រាប់យើងទាំងអស់នេះ»៕


