ភ្នំពេញៈ មន្ត្រីជំនាញក្រសួងទេសចរណ៍កំពុងចរចាជាមួយគ្រឹះស្ថានផ្តល់កម្ចី និងប្រតិបត្តិករទេសចរណ៍នៅកម្ពុជាដើម្បីបើកផ្លូវឲ្យមានការផ្តល់កម្ចីសិក្សាផ្នែកទេសចរណ៍មានលក្ខខណ្ឌអនុគ្រោះជាងមុន ក្នុងគោលដៅសម្រួលដល់និស្សិតដែលខ្វះលទ្ធភាពអាចបន្តការសិក្សាជំនាញក្នុងវិស័យនេះបានកាន់តែច្រើន។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីក្រសួងទេសចរណ៍កាលពីម្សិលមិញ។
លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍បានលើកឡើងថា ក្រុមការងារជំនាញកំពុងចរចាជាមួយភាគីពាក់ព័ន្ធជាច្រើនរួមមាន គ្រឹះស្ថានផ្តល់កម្ចី ក្រុមហ៊ុនសេវាទេសចរណ៍ និងគ្រឹះស្ថានអប់រំ ដើម្បីបង្កើតជាកិច្ចព្រមព្រៀងមួយស្តីពីការជំរុញ និងធានាកម្ចី ដើម្បីចាប់ផ្តើមដំណើរការគម្រោងផ្តល់កម្ចីសិក្សាផ្នែកទេសចរណ៍ដែលមានលក្ខខណ្ឌអនុគ្រោះនេះ។
លោកបានថ្លែងថា៖ «យើងគ្រោងសម្រេចការងារពិភាក្សា ហើយយើងសង្ឃឹមថានឹងអាចចុះ ហត្ថលេខាជាមួយភាគីពាក់ព័ន្ធនៅខែកញ្ញាខាងមុខដើម្បីអាចដំណើរការគម្រោងនេះ»។
លោកវ៉ាន់ដេត មិនទាន់អាចបញ្ជាក់ពីលក្ខខណ្ឌលម្អិតដូចជាការប្រាក់ និងការទទួលបានកម្ចីនេះនៅឡើយដោយថាកិច្ចការទាំងនេះអាស្រ័យលើគ្រឹះស្ថានផ្តល់កម្ចី តែលោករំពឹងថាអ្នកផ្តល់កម្ចីនឹងអាចផ្តល់លក្ខខណ្ឌអនុគ្រោះជាងមុន ខណៈប្រតិបត្តិករទេសចរណ៍អាចចូលរួមគាំទ្រតាមរយៈការផ្តល់ការងារនៅពេលនិស្សិតបញ្ចាប់ការសិក្សា។
លោកបានថ្លែងថា៖ «យើងលើកទឹកចិត្តឲ្យអ្នកផ្តល់កម្ចីនៅក្នុងគម្រោងនេះបន្ទាបការប្រាក់ និងលក្ខខណ្ឌទាបបំផុតតាមដែលអាចធ្វើបាន ព្រោះថា អ្នកទទួលកម្ចីដើម្បីសិក្សានេះ គឺជាសិស្សនិស្សិតក្រីក្រ ដែលទទួលកម្ចីដើម្បីបន្តការសិក្សា និងមិនមែនយកទៅធ្វើអាជីវកម្មនោះទេ»។
យោងតាមលោក វ៉ាន់ដេត ក្រុមការងារជំនាញផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ កំពុងប្រមូលព័ត៌មានពីគ្រឹះស្ថានដែលកំពុងផ្តល់កម្ចីដល់និស្សិត ដើម្បីចងក្រងជាបញ្ជីរាយនាមមួយងាយស្រួលដល់និស្សិតអាចស្វែងយល់ពីឈ្មោះគ្រឹះស្ថានដែលពួកគេអាចទទួលកម្ចីបានរួមទាំងលក្ខខណ្ឌលម្អិតនៃប្រភពកម្ចីរបស់ស្ថាប័ននីមួយៗ។
វិស័យទេសចរណ៍កម្ពុជាបានបន្តរីកចម្រើនជាបន្តបន្ទាប់ ដោយរក្សាបានកំណើនចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាជារៀងរាល់ឆ្នាំ។
យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០១៧ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ ២,២៨ លាននាក់ កើនឡើង១២,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមការព្យាករកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៧លាននាក់ហើយចូលរួមបង្កើតការងារដោយផ្ទាល់បាន ១ លាននាក់ត្រឹមឆ្នាំ២០២០៕


