ភ្នំពេញ: តារាសម្តែង សាន សុម៉ាលី ដែលត្រូវបានគេសម្គាល់ថា ទីផ្សារការងារសិល្បៈសម្តែងមិនកម្រើកតាមការវិវត្តវ័យកើនឡើង ទាំងការបង្ហោះសារត្អូញត្អែរជារឿយៗ បង្ហាញពីភាពឯកានឹងសម្ផស្សជីវិត។ ថ្មីៗនេះទៀត តារាស្រីនៅរក្សាងារសិល្បៈតួនាង កាកី រូបនេះ ហាក់បង្ហាញពីចេតនា លែងខ្វល់ពីអ្នកណាទាំងអស់ ខណៈអ្នកនោះក៏មិនបានផ្តល់ក្តីសុខស្ងប់សម្រាប់នាង។
ក្នុងដំណើរជីវិត នៅប្រព្រឹត្តការងារអាជីពជាអ្នកសិល្បៈលុះបច្ចុប្បន្ន ជាងមួយទសវត្សរ៍ កញ្ញា សាន សុម៉ាលី ក៏រមែងត្អូញត្អែរថា ចំណូលពីការងារនេះ ក៏មានការធ្លាក់ចុះខ្លាំង។
តារាស្រីដែលទើបវិលពីសម្ដែងនៅទឹកដីអូស្ត្រាលី កញ្ញា សាន សុម៉ាលី បានថ្លែងរបៀបតូចចិត្តថា៖ «យើងជាតួចាស់អ៊ីចឹងឥឡូវមិនសូវមានទីផ្សារសម្តែងទេ បើគេហៅថតយើងទារថ្លៃ អ៊ីចឹងគេក៏ងាកទៅរកតែតួថ្មីៗតម្លៃទាបជាងយើងវ័យចាស់»។
តារាស្រីនិយមសម្ញែងដើមទ្រូង កញ្ញា សាន សុម៉ាលី ក៏បានបញ្ជាក់ថា៖ «មានគេហៅថតតែរហូតហ្នឹង តែភាគច្រើនមិនត្រូវតម្លៃពលកម្ម អ៊ីចឹងហើយទើបឱកាសសម្តែងយើងមិនសូវបានបង្ហាញច្រើន»។
យ៉ាងណាក៏ដោយ នាង សាន សុម៉ាលី ដែលមុននេះ ក៏រមែងបង្ហាញភាពឯកា ក្នុងបណ្តាញសង្គម ដែលនាំឲ្យអ្នកគាំទ្រនាងជាច្រើន ក៏បញ្ចេញមតិបែបចំអកឡកឡាយដាក់នាងថា៖ «កើតជាតារាហើយស្អាតទៀតអ៊ីចឹង កុំប្រកាន់ពេក មើលបុរសណាអាចផ្ញើកាយបាន ក៏ដាក់ចិត្តទៅនឹងបានកំដរភាពឯកាបង»។
ខណៈនោះគេក៏ឃើញតារារូបនេះពន្យល់តបថា៖ «មិនប្រកាន់ តែធ្វើម៉េចបើរកមនុស្សម្នាក់មានចិត្តស្មោះមិនបាន»។
ព្រមនឹងការបង្ហាញពីហេតុផល ដែលបណ្តាលឲ្យរូបនាង ចំណាយវេលា ចាយឈ្មោះជា «កញ្ញា» លុះវ័យជាង៣០ឆ្នាំផ្លាយរួមរឹតជាមួយភាពឯកានេះ កញ្ញា សាន សុម៉ាលី ក៏ពោលទៀតថា៖ «មនុស្សយើងម្នាក់ៗបើដល់វ័យប៉ុណ្ណឹង អ្នកណាគេក៏សង្វាតគិតរឿងអនាគត តែបើយើងជាមនុស្សស្រី បានត្រឹមតែគិត បើមិនមានអ្នកស្មោះ ក៏គិតបានត្រឹមតែគិតដដែល»។
ជាថ្មីក្នុងហ្វេសប៊ុក តារាសម្តែងវ័យរាងក្រាស់ កញ្ញា សាន សុម៉ាលី បង្ហោះរូបថត ក្នុងសម្លៀកបំពាក់រ៉ូបពណ៌ក្រហម ដៃម្ខាងច្រត់ជញ្ជាំង និងដៃម្ខាងច្រត់ចង្កេះ ឈរកាច់រាងពើងទ្រូងយ៉ាងហំ ទាំងទឹកមុខក៏រឹងមាំនោះ នាងបានបន្ថែមសារដ៏ខ្លីបង្កប់នូវអត្ថន័យជីវិតទាក់ទាញផងដែរ។
ក្នុងនោះកញ្ញា សាន សុម៉ាលី បានសរសេរយ៉ាងខ្លីថា៖ «អ្នកណាថាអីថាទៅ សំខាន់ខំរកលុយចិញ្ចឹមគ្រួសារល្អជាង»។
ក៏ព្រមនឹងអ្នកគាំទ្រជាច្រើន បង្ហាញពីការឈឺឆ្អាលរួចក៏សួរនាំយ៉ាងព្រោងព្រាត មិនឃ្លាតពីពាក្យថា៖ «បងមានរឿងអីទៀតហើយ ហើយអ្នកណាដែលធ្វើឲ្យបងស្រីស្អាតខ្ញុំខឹងថ្នាក់នេះទៀតហើយ។ តែបងមិនបាច់គិតច្រើនទេ គ្មានអ្នកណាយល់ចិត្តយើងជាងខ្លួនឯងទេ ហើយបងក៏មិនទៅសុំបាយគេស៊ីដែរ ត្រូវហើយបងខំរកចិញ្ចឹមខ្លួនឯង និងគ្រួសារនោះល្អហើយ»។
ខណៈនោះ តារាសម្តែងដើមទ្រូងសិចស៊ី ត្រូវនឹងងារមហាជន ថានាង កាកី រូបនេះ ក៏បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងវាចាខ្លីថា៖ «គ្មានរឿងអីទេ គ្រាន់តែពេលខ្លះតូចចិត្តខ្លួនឯង ហើយយកភាពតូចចិត្តនោះមកពង្រឹងស្មារតីខ្លួន ដើម្បីគ្រួសារនឹងទៅ»។
ក្រៅពីអះអាងថា នាងគ្រាន់តែយកអារម្មណ៍តូចចិត្តមកដាស់តឿនខ្លួនឯងឲ្យរឹងមាំដើម្បីគ្រួសារនោះ កញ្ញា សាន សុម៉ាលី ក៏បញ្ជាក់ដែរថា៖ «តែរឿងស្នេហានោះដូចជាមិនបានគិតទេ ចាំពេលណាពេលនោះចុះ»៕


