
ជាការពិតណាស់នៅ ក្នុងជីវិតរបស់បុគ្គលម្នាក់ៗគឺតែងតែឆ្លងកាត់នូវដំណាក់កាលជា ច្រើន។ ដំណាក់កាលដំបូងគឺនៅពេលចាប់ផ្តើមធំដឹងក្តី និងឈានចូលដល់វ័យសិក្សា សិស្សម្នាក់ៗតែងតែមានគោលបំណងរៀងៗខ្លួន។ បំណងប្រាថ្នាដែលពួកគេយល់ថានឹងអាចសម្រេចបាននៅថ្ងៃអនាគតតាមរយៈការសិក្សាមួយប្រកបដោយភាពជោគជ័យ ព្រោះភាពជោគជ័យក្នុងការសិក្សានេះ អាចជាស្ពានដែលជួយឲ្យពួកគេទទួលបាននូវការងារល្អៗ។ ចំណេះដែលពួកគេទទួលបានពីការអប់រំនៅសាលានេះត្រូវបានគេហៅថាជា ជំនាញគ្រឹះ (Hard skills)។
បន្ទាប់មកទៀតមនុស្សគ្រប់រូបនឹងឈានទៅដល់ដំណាក់កាលមួយផ្សេងទៀត គឺការបញ្ចប់ការសិក្សា។ ក្នុងដំណាក់កាលនេះ ពួកគេត្រូវចាប់ផ្តើមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំម្តងទៀត ពោលគឺការសម្រេចនូវគោលដៅក្នុងការទទួលបាននូវការងារល្អ និង ការឡើងតំណែង។ សម្រាប់ករណីនេះ វាជាតួនាទីរបស់និយោជកក្នុងការសង្កេត និងវាយតម្លៃទៅលើបុគ្គលិកលក្ខណៈរបស់បុគ្គលិកម្នាក់ៗដោយអាស្រ័យ ទៅលើសមត្ថភាពរបស់ពួកគេ។ ការវាយតម្លៃនេះគឺធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗពីរ គឺគេមើលទៅលើជំនាញគ្រឹះ (Hard skills) និងជំនាញបន្ថែម (Soft skills)។ ជំនាញគ្រឹះគឺជាមូលដ្ឋានដែលបុគ្គលិកម្នាក់ អាច បង្ហាញពីចំណេះដឹង និងសមត្ថភាពដែលខ្លួនអាចបំពេញកិច្ចការបាន។
បើទោះបីជាយ៉ាងណាក៏ ដោយជំនាញបន្ថែមគឺជាជំនាញកត្តាចម្បងដែលជំរុញឲ្យបុគ្គលម្នាក់ក្លាយទៅជាបុគ្គលិកឆ្នើម។ វាហាក់បីដូចជាទូកនិងច្រវាអ៊ីចឹងដែរ គឺវាអាចធ្វើដំណើរទៅមុខបានលុះត្រាតែវាធ្វើការជាមួយគ្នា។ ជាក់ស្តែងដូចជាការធ្វើការនៅក្នុងក្រុមហ៊ុនជាដើម គឺគេទាមទារឲ្យយើងពូកែទាំងជំនាញជាគ្រឹះ និងជំនាញបន្ថែម។ ជំនាញទាំងពីរនេះរឹតតែចាំបាច់បំផុតសម្រាប់យុវជនកម្ពុជាដើម្បីត្រៀមជាស្រេចក្នុងការប្រកួតប្រជែងលើទីផ្សារការងារនៅ ពេលខាងមុខ នៅពេលដែលអាស៊ានត្រូវបានគេបង្កើតជាសហគមន៍តែមួយ (The ASEAN Community 2015)។
ជំនាញបន្ថែមគឺសំដៅទៅលើអាកប្បកិរិយា ចរិតលក្ខណៈរបស់បុគ្គល ទម្លាប់ និងការសម្របខ្លួននៅក្នុងសង្គមដែលអាចធ្វើឲ្យបុគ្គលម្នាក់ក្លាយ ជាបុគ្គលិកល្អ និងងាយស្រួលក្នុងការធ្វើការជាមួយអ្នកដទៃ។
ចរិតលក្ខណៈទាំងអស់នោះមានដូចជា សីលធម៌ក្នុងការប្រកបការងារ អាកប្បកិរិយាវិជ្ជមាន ជំនាញទំនាក់ទំនង សមត្ថភាពក្នុងការបែងចែកពេលវេលា ជំនាញក្នុងការដោះស្រាយបញ្ហា សមត្ថភាពធ្វើការជាក្រុម ជំនឿចិត្តផ្ទាល់ខ្លួន សមត្ថភាពរៀន ទទួលយកការរិះគន់ និងជាបុគ្គលដែលចេះសម្របខ្លួនទៅតាមកាលៈទេសៈការងារ។
តាមពិតទៅ បុគ្គលម្នាក់ៗអាចអភិវឌ្ឍនូវជំនាញបន្ថែមរបស់ខ្លួនតាមរយៈការហ្វឹកហាត់ ការងារ។ ការហ្វឹកហាត់ការងារ គឺជាឱកាសដ៏ល្អសម្រាប់បុគ្គលគ្រប់រូបដើម្បីពង្រឹងនូវជំនាញបន្ថែម ដូចជាការទាក់ទងក្នុងសង្គម ការទាក់ទងជាមួយនឹងមិត្តរួមការងារ និងរៀនសម្របខ្លួននឹងមជ្ឈដ្ឋានការងារជាក់ស្តែង។ វាគឺជាទុនសម្រាប់ឱកាសការងារ។
លោក Alfons Mensdorff-Pouilly ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Jebsen & Jessen (Cambodia) Co., Ltd បានមានប្រសាសន៍ថា៖ «និស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យគួរតែឆ្លៀតពេលស្វែងរកឱកាសក្នុងការហ្វឹកហាត់ការងារដែលផ្តោតសំខាន់ទៅលើជំនាញដែលកំពុងតែសិក្សា នៅសាកលវិទ្យាល័យ ហើយព្យាយាមរៀន សូត្រឲ្យបានច្រើននៅអំឡុងពេល ហ្វឹកហាត់នោះ ដើម្បីជាអត្ថប្រយោជន៍ទៅដល់ការប្រកួតប្រជែង នៅក្នុងទីផ្សារការងារនាពេលអនាគត»។
តាមរយៈបញ្ហានេះផងដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់នូវការបណ្តុះបណ្តាលវគ្គខ្លីៗ សិក្ខាសាលា គម្រោងអភិវឌ្ឍន៍ទៅលើបញ្ហានេះផងដែរ។
ពួកគេសង្ឃឹមថាបុគ្គលិកគ្រប់រូបអាចរៀន និងកាន់តែយល់ដឹងបន្ថែមទៅលើជំនាញនេះនៅក្នុងពេលអនាគត ពិសេសសម្រាប់ដំណាក់កាលនៃការធ្វើសមាហរណកម្មអាស៊ានផង ដែរ។
លោក ថង សាម៉ុន ជាមន្ត្រីនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញនូវមតិស្រដៀងគ្នាដែរថា៖ «ជាការពិតណាស់ ខាងក្រសួងកំពុងតែធ្វើការទៅលើគម្រោងនៃការពង្រឹងនូវជំនាញ បន្ថែមដោយសារតែវាមានសារៈសំខាន់សម្រាប់បុគ្គលិកគ្រប់រូប»។
ជំនាញគ្រឹះគឺជាធនធានដែលមិនអាចខ្វះបានដែលបុគ្គលិកគ្រប់រូបត្រូវតែមានសម្រាប់ជាដើមទុននៅក្នុងការប្រកបការងារ។ វាជាការពិតណាស់ដែលថាបុគ្គលិកម្នាក់ៗមិនអាចខ្វះនូវជំនាញបន្ថែមបានទេ ពីព្រោះវាគឺជាអ្វីដែលអាចនាំឲ្យបុគ្គលិក គ្រប់រូបមានការប្រាស្រ័យទាក់ទងល្អ ការសហការ និងការយោគយល់ដល់គ្នាទៅវិញទៅមក។
កញ្ញា សេង សុជាតា ដែលជាបុគ្គលិកហ្វឹកហាត់ការងារនៅអង្គការ World Vision ទទួលបន្ទុកខាងរបាយការណ៍ប្រចាំឆ្នាំបានបញ្ជាក់ឲ្យដឹងថា៖ «ខ្ញុំសឹងតែមិនជឿថាខ្លួនឯងអាចធ្វើបានដោយជោគជ័យ ទាល់តែខ្ញុំបានបញ្ចប់នូវការហ្វឹកហាត់ការងារនោះជាស្ថាពរ»។
មុនពេលដែលនាងបានចូលហ្វឹកហាត់ការងារនៅទីនោះ នាងបាននិយាយថានាងគឺជាមនុស្សដែលខ្វះខាតនូវជំនឿជឿជាក់លើខ្លួនឯង ជំនាញក្នុងការទាក់ទង និងភ័យខ្លាចក្នុងការធ្វើឲ្យមាន កំហុស ប៉ុន្តែផ្ទុយទៅវិញបន្ទាប់ពីនាងបានបញ្ចប់ការហ្វឹកហាត់ការងារ នាងចាប់ផ្តើមគិតថានាងអាចគិតគូរបានវែងឆ្ងាយកសាងនូវទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ចេះប្រឈមមុខ និងដោះស្រាយជាមួយនឹងមនុស្សផ្សេងៗគ្នា ចេះសហការ និងយោគយល់គ្នាបានល្អជាងមុន។
បើសិនជាគ្មានជំនាញបន្ថែមនោះទេ យើងអាចនិយាយបានថាវាពិតជាមានការពិបាកណាស់នៅក្នុងការធ្វើការ ដើម្បីឲ្យចុះសម្រុងជាមួយអ្នកដទៃនៅក្នុងកន្លែងធ្វើការ។ ក្នុងបរិស្ថានការងារ បុគ្គលិកម្នាក់ៗទាមទារឲ្យមានសមត្ថភាពធ្វើការជាក្រុមការយោគយល់គ្នាទៅវិញទៅមក និងសមត្ថភាពធ្វើការនៅក្រោមសម្ពាធ។
កញ្ញា លុយ គន្ធា ជាបុគ្គលិកធ្វើការឲ្យក្រុមហ៊ុន Kwantum ដែលនាំចេញនូវសម្លៀកបំពាក់ម៉ាក Marks and Spancer បានប្រាប់ឲ្យដឹងថានាងតែងចង់សុំឈប់ពីការងារជាច្រើនដង ព្រោះនាងមិនអាចទ្រាំ និងដោះស្រាយនូវបញ្ហា នៅក្នុងកន្លែងការងាររបស់នាងបាន។
វាកាន់តែពិបាកឡើងៗ នៅពេលដែលនាងមិនអាចទាក់ទងឲ្យចុះសម្រុងជាមួយនឹងមិត្តភក្តិរួមការងាររបស់នាង។
នាងបានបន្ថែមថា៖ «ជាការពិតណាស់ ខ្ញុំចាប់ផ្តើមយល់ពីសារៈសំខាន់នៃជំនាញបន្ថែមនៅពេលដែលពិបាកនឹងសម្របខ្លួនទៅនឹងបរិយាកាសការងាររបស់ខ្ញុំ»។
នៅឆ្នាំ ២០១៥ ខាងមុខនេះ នឹងមានសមាហរណកម្មអាស៊ាន ដូច្នេះហើយវានឹងបង្កើតឲ្យមានការប្រកួតប្រជែង ក្នុងទីផ្សារការងារដ៏ធំមួយក្នុងចំណោមប្រទេសដែលជាសមាជិក។
យុវជនគឺជាសសរទ្រូង និងជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ ដូច្នេះពួកគេត្រូវតែពង្រឹងនូវសមត្ថភាពក្នុងការរៀនសូត្ររបស់ពួកគេទាំងជំនាញគ្រឹះ និងជំនាញបន្ថែមដើម្បីឲ្យប្រាកដថាពួកគេមានសមត្ថភាពក្នុងការ ប្រកួតប្រជែងសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន៕


