
ក្រុងស៊ីដនី: តារាហែលទឹកដ៏ល្បីឈ្មោះរបស់អូស្ត្រាលី Ian Thorpe បានស្ថិតក្នុងមន្ទីរស្តារកាយនីតិសម្បទាកាលពីថ្ងៃម្សិលមិញ ក្រោយពីការប្រើប្រាស់លាយឡំគ្នានូវថ្នាំបំបាត់ការឈឺចុកចាប់ និងថ្នាំប្រឆាំងរោគចិត្តបានធ្វើឲ្យគេស្ថិតក្នុងភាពវង្វេងស្មារតីនៅលើដងវិថីមួយក្នុងទីក្រុង Sydney ដើម្បីបង្ហាញពីសម្ពាធដែលអត្តពលិកល្បីៗត្រូវប្រឈមមុខ ក្រោយពីការចូលនិវត្តន៍។
ប៉ុន្តែ លោក James Erskine ដែលជាអ្នកចាត់ការទូទៅរបស់គេ បានបញ្ជាក់ថា រូបគេមិនបានប្រើប្រាស់គ្រឿងស្រវឹងឡើយ ខណៈដែលឪពុករបស់កីឡាករហែលទឹករូបនេះ បានឲ្យដឹងថា គេបានប្រឈមមុខនឹងការព្យាបាលអស់រយៈពេលជាច្រើនខែ ប៉ុន្តែ នឹងមានភាពល្អប្រសើរក្នុងពេលបញ្ចប់ការព្យាបាល។
Thorpe វ័យ៣១ឆ្នាំ ត្រូវបានឃើញដោយប៉ូលិសក្នុងពេលព្យាយាមចូលទៅក្នុងរថយន្តមួយ ស្ថិតក្បែរផ្ទះឪពុកម្តាយរបស់គេ កាលពីព្រឹកថ្ងៃចន្ទ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីត្រួតពិនិត្យ។
វា ជាការធ្វើដំណើរជាលើកទី២របស់គេទៅកាន់មន្ទីរពេទ្យ ក្រោយពីត្រូវទទួលការវះកាត់ទៅលើស្មាកាលពីសប្តាហ៍មុន។
ជាមួយគ្នានេះ អ្នកចាត់ការទូទៅរបស់គេបានបដិសេធរបាយការណ៍ថា រូបគេក៏កំពុងតែត្រូវបានព្យាបាលទៅលើជំងឺសរសៃប្រសាទ និងការប្រើប្រាស់គ្រឿងស្រវឹងហួសហេតុ។
លោក Ken ឪពុករបស់ Thorpe បានប្រាប់កាសែត Sydney Daily Telegraph លោកមានសុទិដ្ឋិនិយមថា កូនប្រុសរបស់លោកនឹងមានភាពល្អប្រសើរឡើង។
លោកបាននិយាយទាំង អួលដើមកជាមួយនឹងការសម្រក់ទឹកភ្នែកថា៖ «រូបគេកំពុងតែប្រយុទ្ធជាមួយនឹងបញ្ហាសុខភាពរបស់គេនៅពេលនេះ ហើយរូបគេកំពុងតែជួបពេលវេលាដ៏លំបាកមួយ។ ប៉ុន្តែ ជាការរំពឹងទុក ក្នុងរយៈពេល៦ខែ រូបគេនឹងមានភាពល្អប្រសើរឡើង»។
Thorpe គឺជាអត្តពលិកអូឡាំពិកដ៏ជោគជ័យបំផុតរបស់អូស្ត្រាលី ក្រោយពីបានឈ្នះពានរង្វាន់មេដាយមាសចំនួន៥ ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុង Sydney ឆ្នាំ២០០០ និងអូឡាំពិកនៅទីក្រុង Athens ឆ្នាំ២០០៤ ខណៈដែលការទទួលជោគជ័យដ៏អស្ចារ្យរបស់គេដែលត្រូវបានជួយមួយ ផ្នែកដោយសារតែបាតជើង និងបាតដៃដ៏ធំរបស់គេ។
រូបគេបាន ក្លាយជាមនុស្សទីមួយក្នុងការឈ្នះពានរង្វាន់មេដាយមាសចំនួន៦ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោកមួយនេះ កាលពីឆ្នាំ២០០១ ក្នុងចំណោមមេដាយពិភពលោកសរុបចំនួន១១ និងការឈ្នះមេដាយមាសចំនួន១០ក្នុងព្រឹត្តិការណ៍ Commonwealth Games។
ប៉ុន្តែ ទោះបីជាយ៉ាងណា តម្រូវការនៃរបៀបរស់នៅក្នុងនាមជាតារាល្បីម្នាក់ និងការហ្វឹកហាត់ដ៏លំបាក បានធ្វើឲ្យបោះបង់ក្នុងឆ្នាំ២០០៦ មុននឹងវិលមកប្រកួតវិញក្នុងឆ្នាំ២០១២ ដែលក្នុងពេលនោះរូបគេមិនបានឆ្លងផុតវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងដ៍ឡើយ។
ខណៈដែលរាល់ព្រឹត្តិការណ៍កីឡា សំខាន់ៗទាំងអស់នៅក្នុងប្រទេសអូស្ត្រាលី នឹងត្រូវមានការរៀបចំកម្មវិធីអប់រំ និងអាជីពរបស់អត្តពលិកដើម្បីជួយដល់ការត្រៀមលក្ខណៈក្នុងការរស់នៅបន្ទាប់កីឡាករ Thorpe មិនអាចស្វែងរកទិសដៅដ៏ពិតប្រាកដមួយឡើយ តាមរយៈការសាកល្បងធ្វើការងារជាច្រើនក្នុងនោះរាប់បញ្ចូលទាំង ការងារជាអ្នករចនាម៉ូដគ្រឿងអលង្ការ និងការងារជាមួយទូរទស្សន៍ ខណៈដែលកំពុងតែសិក្សាវគ្គជាច្រើននៅមហាវិទ្យាល័យ៕ IS


