ក្រុង ម៉ានីលៈ ប្រទេស ហ្វីលីពីន អាចនឹងបញ្ចប់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលបីត្រីមាសដោយប្រទេសមួយនេះអាចសម្រេចបានកំណើនខ្ពស់ជាង ៦,៥ ភាគរយនៅត្រីមាសទីមួយឆ្នាំនេះ នេះបើយោងតាមលោក Arsenio Balisacan អគ្គលេខាធិការរៀបចំផែនការសេដ្ឋកិច្ចរបស់ ហ្វីលីពីន។
លោក Balisacan បានឲ្យដឹងក្នុងបទសម្ភាសមួយនៅការិយាល័យរបស់លោកនៅទីក្រុង ម៉ានីល កាលពីថ្ងៃម្សិលមិញថា បន្ទាប់ពីការស្តារការខូចខាតឡើងវិញបន្ទាប់ពីព្យុះ ហៃយ៉ាន់ កំណើននាំចេញ និងវិស័យទេសចរណ៍នឹងជួយជំរុញដល់សេដ្ឋកិច្ចរបស់ ហ្វីលីពីន នៅ ត្រីមាសទីមួយនេះឲ្យសម្រេចបាននូវកំណើនខ្ពស់ជាង ៦,៥ ភាគរយ ធៀបនឹងកំណើននៅត្រីមាសទីបួនកាលពីឆ្នាំមុន។
លោកបានថ្លែងបន្តថា សេដ្ឋកិច្ចរបស់ប្រទេស ហ្វីលីពីន ក៏នឹងទទួលបានផលប្រយោជន៍ពីកំណើនប្រាក់ចំណេញលើវិស័យខាងក្រៅផងដែរ។
លោក Balisacan មានប្រសាសន៍ថា៖ «មូលដ្ឋានគឺមានភាពរឹងមាំល្អ ហើយវិស័យឯកជនក៏នៅតែមានសភាពស្ទុះងើបបន្តិចផងដែរ ដោយសារតែកំណើនសេដ្ឋកិច្ច និងលទ្ធភាពពីការទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុន។ ការធ្លាក់ថ្លៃប្រាក់ប៉េសូនាពេលថ្មីៗនេះ គឺមិនចោទជាបញ្ហាទេ ហើយវារឹតតែល្អថែមទៀតចំពោះការងារ និងសេដ្ឋកិច្ចដោយសារវានឹងជំរុញដល់ឧស្សាហកម្មនាំចេញ»។
ប្រាក់ប៉េសូបានឡើងថ្លៃ ០,១ ភាគរយ ដល់ ៤៥,៣៤ ប៉េសូ ក្នុងមួយដុល្លារ៕ BP

