
ក្រុងសូជី: នៅពេលលោក Murray Cluff ចង់ពន្យល់ពីចំណុចមួយទៅកាន់អត្តពលិកអូឡាំពិកជិះស្គីបែបសេរីរបស់ចិន Ning Qin រូបលោកនឹងទាញកាមេរ៉ា និងកុំព្យូទ័រយួរដៃ ខណៈដែលឧបករណ៍ទាំងពីរនេះគឺជាជំនួយដ៏សំខាន់ក្នុងការរៀន ខណៈដែលពេលភាសាជារបារក្នុងការទំនាក់ទំនងរវាងពួកគេទាំងពីរ ។
លោកគ្រូបង្វឹកសញ្ជាតិកាណាដា ចេះនិយាយភាសាចិនតិចប៉ុណ្ណោះ ខណៈដែលកីឡាការិនី Qin វ័យ២២ឆ្នាំ មានកម្រិតដ៏ទាបក្នុងការនិយាយភាសាអង់គ្លេស ហេតុនេះបច្ចេកវិទ្យាបានមកសង្គ្រោះសម្រាប់ការឈ្នះមេដាយលើ វិញ្ញាសាជិះស្គីជាលើកទី១របស់ចិន។
លោក Cluff បានធ្វើការពន្យល់ថា៖ «វាជាការប្រជែងមួយក្នុងចំណោមការប្រជែងដ៏ធំបំផុតដែលខ្ញុំមាន ក្នុងនាមជាគ្រូបង្វឹកម្នាក់។ យើងប្រើប្រាស់បច្ចេកវិទ្យា។ ខ្ញុំចាក់បង្ហាញវីដេអូដើម្បីឲ្យនាងធ្វើអ្វីមួយ។ បន្ទាប់មក ខ្ញុំចង្អុលទៅវា និងនិយាយថា កុំធ្វើបែបហ្នឹង»។
សូមបញ្ជាក់ ថា កាលពីឆ្នាំ១៩៨០ លោក Cluff បានឈ្នះពានរង្វាន់ពិភពលោកក្នុងវិញ្ញាសាសេរី ហើយបន្ទាប់មកបានបង្វឹកកីឡាការិនី Jennifer Heil ដែលជាមិត្តរួមជាតិរបស់លោកឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ អូឡាំពិកទីក្រុង Turin ឆ្នាំ២០០៦ និងមេដាយប្រាក់ក្នុងទីក្រុង Vancouver រយៈពេលបួនឆ្នាំក្រោយមក។
លោក Cluff បានឲ្យដឹងថា៖ «នៅពេលខ្ញុំបានចាប់ផ្តើមធ្វើការជាលើកទី១ជាមួយនឹងពួកគេ [អត្តពលិកចិន] កាលពីខែកក្កដា ឆ្នាំ២០១២ ពួកគេបាននិយាយថា ពួកគេចង់ទទួលជ័យជម្នះក្នុងទីក្រុង Sochi។ ខ្ញុំបានពន្យល់ដល់ពួកគេថា រឿងដ៏ល្អបំផុតដែលខ្ញុំអាចធ្វើបានគឺការជួយឲ្យ Ning ឈានទៅប្រកួត Sochi។ អ្នកត្រូវការពេលវេលាពី៧ ទៅ១២ខែដើម្បីអាចទទួលជ័យជម្នះ»។
នាង Ning និងលោក Cluff ត្រូវបានផ្តល់ឈ្មោះថា «ក្រុមក្រហមខ្នាតតូច» ដែលយោងទៅលើក្រុមអត្តពលិកស្ត្រីរបស់ចិនដែលត្រូវបានគេស្គាល់ថា «ក្រុមក្រហម» ក្នុងនោះរាប់បញ្ចូលទាំងកីឡាការិនិជិះស្គី Li Nina ដែលបានឈ្នះមេដាយប្រាក់ក្នុងទីក្រុង Turin និង Vancouver។
គោលដៅដ៏ចម្បងរបស់កីឡាការិនី Ning មិនមែនការឈ្នះនៅ Sochi ប៉ុន្តែ គឺការឈ្នះមេដាយមាសនៅព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០១៨ ក្នុងទីក្រុង Pyeongchang។ លោក Cluff មានមហិច្ឆតាជាធម្មតាមួយសម្រាប់កូនសិស្សរបស់លោកនៅក្នុង ប្រទេសរុស្ស៊ី គឺដោយគ្រាន់តែឈានទៅប្រកួតជុំចុងក្រោយនៃការប្រកួតជម្រុះ ប៉ុណ្ណោះ៕ IS


