
កំពង់ស្ពឺៈ អង្គការការពារធនធានធម្មជាតិបានធ្វើការស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ ឱរ៉ាល់ និងបានរកឃើញថា មន្ត្រីយោធាបានឃុបឃិតជាមួយនឹងមន្ត្រីអាជ្ញាធរកាប់ឈើគ្រញូង ក្នុងដែនជម្រកប្រមាណជា ២ តោនលួចដឹកចេញទៅលក់នៅប្រទេស វៀតណាមទាំងយប់។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធាន ធម្មជាតិ និងការពារសិទ្ធិមនុស្សបានឲ្យដឹងពីម្សិលមិញថា បន្ទាប់ពីការស៊ើបអង្កេតបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃ ឱរ៉ាល់ ដែលការពារដោយព្រះរាជក្រឹត្យ ក្រុមការងារលោកបានរកឃើញថា មេបញ្ជាការសឹករងស្រុក ឱរ៉ាល់ ឈ្មោះ ជឿង ឃេង បានកាប់ឈើគ្រញូងក្នុងដែនជម្រកសត្វព្រៃ ឱរ៉ាល់ ត្រង់ចំណុច ភ្នំ ក្រពើ ហើយដឹកតាមចំណុច ជាំ ឆ្លងកាត់ចំណុច កន្ទួត តាមផ្លូវលេខ ៤២ យកទៅលាក់ទុកនៅក្នុងផ្ទះក្មួយនៅទីនោះ។
លោក ជា ហ៊ាន បញ្ជាក់ថា៖ «ឈើនោះប្រហែលជា ២ តោន ដឹកកាត់ប៉ុស្តិ៍ដែនជម្រកសត្វតែគ្មានអ្នកចាប់ ហើយកាលពីម៉ោងប្រហែល ១២ យប់ថ្ងៃចន្ទ គេបានលួចដឹកតាមឡានទៅប្រទេស វៀតណាម»។
លោក ជា ហ៊ាន បន្តថា លោកបានរាយការណ៍សុំអន្តរាគមន៍ទៅលោកចែម សារីម អភិបាលស្រុក ឱរ៉ាល់ លោក នៅ ណាក់ អនុប្រធានមន្ទីរ បរិស្ថានខេត្ត កំពង់ស្ពឺ លោក គាំង ចាន់សែម៉ា ប្រធានរដ្ឋបាលព្រៃឈើស្រុក និងនគរបាលស្រុក ឱរ៉ាល់ ដែរ ប៉ុន្តែ គ្មានលោកណាអើពើទេ។
លោក ជា ហ៊ាន ថ្លែងថា៖ «ខ្ញុំខំប្រាប់ដើម្បីឲ្យជួយទប់ស្កាត់ឈើនោះ បែរជាត្រូវគេប្រាប់គ្នាគេឲ្យដឹកឈើចេញទាំងយប់ទៅវិញ។ គេដឹកឈើកាត់ប៉ុស្តិ៍រដ្ឋបាលព្រៃឈើចំនួន ៤ មុននឹងដឹកចេញគេទាក់ទងគ្នាអស់ហើយ»។
លោក គាំង ចាន់សែម៉ា ប្រធានរដ្ឋបាលព្រៃឈើស្រុក ឱរ៉ាល់ អះអាងថា ករណីឈើនោះស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ឱរ៉ាល់ មិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់លោកនោះទេ។ លោកបានបញ្ជាក់ថា៖ «រឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ»។ ចំណែកអធិការរងស្រុក ឱរ៉ាល់ លោក ប៊ុត ប៊ុនធឿន បានប្រាប់ថា លោកជាប់ប្រជុំនៅទីរួមខេត្ត មិនទទួលបានការរាយការណ៍ពីបទល្មើសនេះទេ។
លោក ចែម សារីម អភិបាលស្រុក ឱរ៉ាល់ មានប្រសាសន៍ពីម្សិលមិញថា បន្ទាប់ពីទទួលដំណឹងអំពីបទល្មើសដឹកឈើនោះមក លោកបានចាត់ឲ្យមន្រ្តីជំនាញចុះស្ទាក់ឡានដែរ តែមិនមានឃើញឈើនោះទេ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទង មន្ត្រីដែនជម្រក និងមេបញ្ជាការសឹករងស្រុក ឱរ៉ាល់ ឈ្មោះ ជឿង ឃេង ដើម្បីសុំការបំភ្លឺបានទេកាលពីម្សិលមិញ។
តែយ៉ាងណា លោក ជា ហ៊ាន អះអាងថា នឹងធ្វើរបាយការណ៍ពីបទល្មើសព្រៃឈើនេះ ដាក់ជូនទៅតំណាងអង្គការសហប្រជាជាតិ ហើយនិងត្រៀមផ្ញើលិខិតទៅស្ថានទូត វៀតណាម ប្រចាំប្រទេស កម្ពុជា ផងដែរ ដើម្បីស្នើសុំឲ្យជួយទប់ស្កាត់ និងអន្តរាគមន៍បញ្ឈប់ការទិញអនុផលព្រៃឈើពីប្រទេសកម្ពុជា។ លោកលើកឡើងថា បទល្មើសព្រៃឈើបាននិងកំពុងកើតឡើងពេញបន្ទុកប៉ុន្តែ មិនមានអ្នកបង្រ្កាបនោះទេ។ ប្រការនេះនឹងធ្វើឲ្យព្រៃឈើក្នុងស្រុកខ្មែរវិនាសនៅថ្ងៃខាងមុខមិនខានឡើយ៕


