ក្នុងលិខិតចំហចុះថ្ងៃទី១៩មិថុនា ដែលបានផ្ញើជូនប្រធានប្តូរវេនអាស៊ានគឺ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. ក្រុមសមាជិកសភា និងអតីតសមាជិកសភាមកតំបន់អាស៊ី មានដូចជាកម្ពុជា ម៉ាឡេស៊ី អូស្ត្រាលី និងហ្វីលីពីន និងសហភាពអឺរ៉ុបជាដើមនោះ បានស្នើឲ្យមេដឹកនាំសមាជិកអាស៊ានធ្វើការទាមទារជាផ្លូវការនូវការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់។ ជាការដោះលែង ដោយគ្មានលក្ខខណ្ឌ រួមទាំងរាល់អ្នកទោសនយោបាយ ដែលត្រូវបានឃុំខ្លួនដោយអាជ្ញាធរនៃរបបសឹកភូមា។
ក្រុមអ្នកធ្វើច្បាប់ទាំងនោះ ក៏បានទាមទារឲ្យរបបសឹកភូមាបង្ហាញមុខលោកស្រី អ៊ុងសាន ស៊ូជី ជាសាធារណៈ និងផ្តល់ការអនុញ្ញាតឲ្យសាច់ញាតិ ក៏ដូចជាក្រុមគ្រូពេទ្យបានចូលជួបលោកស្រី ដើម្បីបញ្ជាក់ពីស្ថានភាពនៃសុខភាពលោកស្រី និងទីតាំងដែលលោកស្រីរស់នៅ។
បើតាមលិខិតចំហរដដែល ក្រុមអ្នកតាក់តែងច្បាប់ទាំងនោះ បានស្នើឲ្យមានការអនុវត្តផងដែរនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុច។ ជាកិច្ចព្រមព្រៀង ដែលតម្រូវឲ្យរបបសឹកភូមាដោះលែងអ្នកទោសនយោបាយ បញ្ឈប់អំពើហិង្សា និងការបើកផ្លូវឲ្យមានការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង ព្រមទាំងជំរុញឲ្យមានកិច្ចសន្ទនាដ៏មានអត្ថន័យ ដើម្បីរកដំណោះស្រាយ ដែលមានចីរភាពចំពោះវិបត្តិនៅក្នុងប្រទេសភូមា។
សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ លោកគង់ មុនីកា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២៣មិថុនានេះថា ក្នុងនាមជាអ្នកប្រជាធិបតេយ្យនៅក្នុងតំបន់ លោកចង់ឃើញសមាគមអាស៊ានមានសាមគ្គីភាព និងជំរុញការអនុវត្តលទ្ធិប្រជាធិតេយ្យឲ្យបានខ្ជាប់ខ្ជួន។ បើតាមលោក គង់ មុនីកា ពលរដ្ឋនៅកម្ពុជា ក៏ដូចជានៅភូមា ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានរងការឈឺចាប់ ដោយសារមេដឹកនាំខ្លួនត្រូវបានរដ្ឋអំណាចធ្វើទុក្ខបុកម្នេញ។
លោកបានសង្កត់ធ្ងន់ថា លោកស្រី អ៊ុងសាន ស៊ូជី គឺជានិមិត្តរូបនៃអ្នកប្រជាធិបតេយ្យនៅក្នុងតំបន់។ ក្នុងន័យនេះ លោកចង់ឃើញប្រទេសក្នុងតំបន់អាស៊ានជំរុញឲ្យមានការដោះលែងលោកស្រី ព្រោះរាល់បញ្ហា ឬវិបត្តិនយោបាយនៅក្នុងប្រទេសសមាជិកអាស៊ានណាមួយតែងតែបានបង្កផលប៉ះពាល់ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់។
សូមជម្រាបជូនថា កាលពីខែមេសាកន្លងទៅ មេដឹកនាំយោធាលោក មីន អ៊ុងឡាំង ដែលពេលនេះបានក្លាយជាប្រធានាធិបតីភូមា បានប្រកាសថាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានប្តូរពីការឃុំខ្លួនក្នុងពន្ធនាគារ មកឃុំខ្លួនក្នុងផ្ទះវិញ។ តែទោះជាយ៉ាងណា ពុំមានភស្តុតាងណាមួយបញ្ជាក់ពីព័ត៌មានជាក់លាក់នៃការផ្លាស់ប្តូរកន្លែងឃុំខ្លួននេះឡើយ។ កាលពីពេលថ្មីៗនេះ លោកស្រី Julie Bishop ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិសម្រាប់កិច្ចការភូមា ក៏បានអំពាវនាវ ឲ្យសហគមន៍អន្តរជាតិចូលរួមទាមទារឲ្យរបបសឹកភូមាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ៕

