បន្ទាយមានជ័យៈ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់បញ្ចូលតំបន់ភ្នំចំនួន ៩ នៅក្នុងខេត្តបន្ទាយមានជ័យ ឱ្យក្លាយជាតំបន់ការពារធម្មជាតិ ដើម្បីអភិរក្សវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់សក្ដានុពលទេសចរណ៍។
ក្រសួងបរិស្ថាន នាថ្ងៃអង្គារទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះបានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យការស្នើសុំគាំទ្រដំណើរការ រៀបចំបង្កើតតំបន់ការពារទេសភាព ឬតំបន់បេតិកភណ្ឌវប្បធម៌និងធម្មជាតិចំពោះតំបន់ភ្នំចំនួន ៩ភ្នំរបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ម៉ុម ថានី។
យោងតាមសំណើររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រុមការងារបានគាំទ្រដំណើរការរៀបចំបង្កើតតំបន់ការពារធម្មជាតិ ដែលគ្រោងបង្កើតភ្នំចំនួន ៤ ជាតំបន់បេតិកភណ្ឌធម្មជាតិ រួមមាន ភ្នំកងវ៉ា មានផ្ទៃដីទំហំ ៥០ហិកតា ភ្នំជ្រាប់ មានផ្ទៃដីទំហំ ៥៨,៥១ហិកតា ភ្នំតូច មានផ្ទៃដីទំហំ ៥២,៨០ហិកតា និងភ្នំស្រេះ មានផ្ទៃដីទំហំ ២២ហិកតា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើតំបន់ភ្នំចំនួន ៥ ជាតំបន់ការពារទេសភាព ដូចជាៈ ភ្នំវែង មានផ្ទៃដីទំហំ ២៧០ហិកតា ភ្នំម៉ាឡៃ មានផ្ទៃដី ទំហំ ១០៨ហិកតា ភ្នំទឹកចេញ មានផ្ទៃដីទំហំ ២៦២,៣១៦ហិកតា ភ្នំខ្លាកូន មានផ្ទៃដីទំហំ ៦៨ហិកតា និងភ្នំពង្រ មានផ្ទៃដីទំហំ ១៧ហិកតា។
ក្រុមការងារដែលមានមន្រ្តីជំនាញនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គយកដ្ឋានសហគមន៍មូលដ្ឋាន នឹងបន្តសហការជាមួយមន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គការដៃគូ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាននិងទិន្នន័យ ដែលនៅខ្វះខាតមួយចំនួនបន្ថែមទៀត ទាក់ទងទៅនឹងសង្គម សេដ្ឋកិច្ចនៅក្នុងតំបន់ តម្លៃវប្បធម៌និងទេសចរណ៍ ទិន្នន័យវិទ្យាសាស្រ្តជីវៈចម្រុះ រុក្ខជាតិ និងសត្វ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន៧៣ ដែលគ្រប់ដណ្តប់លើផ្ទៃដីជាង ៧លាន ហិកតា ស្មើនឹងប្រមាណ៤១% នៃផ្ទៃដីប្រទេស។ តំបន់ការពារធម្មជាតិទាំងនោះ ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ឧទ្យានជាតិ មានចំនួន ៩តំបន់ ឧទ្យានជាតិសមុទ្រមានចំនួន ២ តំបន់ ដែនជម្រកសត្វព្រៃមានចំនួន១៨ តំបន់ តំបន់ការពារទេសភាពមានចំនួន១៤ តំបន់ តំបន់ប្រើប្រាស់ច្រើយ៉ាង មានចំនួន ១១តំបន់ តំបន់រាមសារមានចំនួន ៥តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិ មានចំនួន១៤ តំបន់ផងដែរ៕

