ក្រុងតូក្យូៈ ក្រុមហ៊ុន Toyota Motor Corp បានវ៉ាដាច់ក្រុមហ៊ុន Volkswagen AG និងក្រុមហ៊ុន General Motors Co ដោយបន្តធ្វើជាក្រុមហ៊ុនផលិតរថយន្តដែលលក់រថយន្តបានច្រើនជាងគេរបស់ពិភពលោក បើទោះជាការចែកចាយរថយន្តបានធ្លាក់ចុះនៅត្រីមាសទីមួយក្នុងឆ្នាំនេះក្តី។
ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ការលក់រថយន្តបានធ្លាក់ចុះ ២,៥ ភាគរយ មកនៅត្រឹម ២,៥២ លានគ្រឿងនៅត្រីមាសទីមួយ។ ការចែកចាយរថយន្តរបស់ក្រុមហ៊ុន Volkswagen បានកើនឡើងដល់ ២,៤៩ លានគ្រឿង ហើយការចែកចាយរថយន្តរបស់ក្រុមហ៊ុន GM មានចំនួន ២,៤២ លានគ្រឿង នេះបើយោងតាមសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់ក្រុមហ៊ុនផលិតរថយន្តទាំងពីរ។
តម្រូវការរថយន្តប្រភេទ SUV ដូចជារថយន្តម៉ូដែល RAV4 និងម៉ូដែល Lexus NX ស៊េរីថ្មី បានបន្តជំរុញកំណើនចំណែកទីផ្សាររបស់ក្រុមហ៊ុន Toyota នៅអាមេរិក នៅអំឡុងត្រីមាសទីមួយ។
ក្រុមហ៊ុន Volkswagen នៅតែបន្តប្រឈមនឹងបញ្ហានៅអាមេរិក ហើយបច្ចុប្បន្នការលក់រថយន្តនៅប្រទេសចិនត្រូវបានរំពឹងថានឹងសម្រេចបានកំណើនលក់កាន់តែទាបជាងទីផ្សារផ្សេងទៀតនៅឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តមួយនេះពុំទទួលបានកំណើនលក់រថយន្តប្រភេទ SUV តម្លៃទាប។ នៅឆ្នាំ ២០១៤ ក្រុមហ៊ុនToyota បន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងរយៈពេលបីឆ្នាំជាប់គ្នា។
ចូលឆ្នាំ ២០១៥ ក្រុមហ៊ុន Volkswagen គ្រោងនឹងវ៉ាដាច់គូប្រជែងជប៉ុនរបស់ខ្លួន តាមរយៈការបង្កើនរោងចក្រផលិតរថយន្តនៅប្រទេសចិន ដើម្បីលើកកម្ពស់ចំណែកទីផ្សាររបស់ខ្លួន ដែលមានច្រើនជាងគេរួចទៅហើយនោះនៅក្នុងទីផ្សាររថយន្តធំជាងគេរបស់ពិភពលោកមួយនេះ។
បើទោះជាក្រុមហ៊ុន Volkswagen នៅតែជាក្រុមហ៊ុនលក់រថយន្តបានច្រើនក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តបរទេសធំនៅប្រទេសចិនក្តី ក៏ការចែកចាយរថយន្តម៉ាក VW របស់ខ្លួន បានធ្លាក់ចុះ ០,៦ភាគរយនៅត្រីមាសទីមួយ។ ទន្ទឹមនឹងនោះដែរ ការលក់រថយន្តប្រភេទ SUV សម្រាប់រថយន្តដែលផលិតដោយក្រុមហ៊ុនចិនគឺចិនបានកើនឡើងច្រើនជាងទ្វេដង។
រថយន្តប្រភេទ SUV គឺជាចំណុចខ្លាំងសម្រាប់ក្រុមហ៊ុន Toyota នៅអាមេរិក ជាទីដែលការលក់រថយន្តរបស់ក្រុមហ៊ុននេះបានកើនឡើង ១០ ភាគរយ។ ការចែកចាយរថយន្តម៉ាក RAV4 ដែលជាម៉ូដែលរថយន្តប្រភេទ SUV សំខាន់របស់ក្រុមហ៊ុន Toyota បានកើនឡើង ២៦ភាគរយ។
រថយន្តម៉ូដែល Lexus NX ស៊េរីថ្មី កំពុងលក់ដាច់ជាងរថយន្តម៉ូដែលផ្សេងៗដែលជាគូប្រជែងរបស់ខ្លួន មានដូចជា រថយន្តម៉ាក Audi របស់ក្រុមហ៊ុន Volkswagen និងរថយន្ត Mercedes-Benz របស់ក្រុមហ៊ុន Daimler៕ BP


