ភ្នំពេញៈ ក្រុមហ៊ុន Microsoft កាលពីម្សិលមិញបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីសហការដំណើរការគម្រោង Translator Hub-Khmer ដែលជាកម្មវិធីបកប្រែភ្លាមៗតាមអ៊ីនធឺណិតពីខ្មែរ-អង់គ្លេស និងអង់គ្លេស-ខ្មែរដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងវិស័យពាណិជ្ជកម្ម។
Translator Hub-Khmer នឹងក្លាយជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យបកប្រែ «ឃ្លាឃ្លោង និង ប្រយោគ» ក្នុងសកម្មភាពពាណិជ្ជកម្មដែលមានភាពត្រឹមត្រូវដែលអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់ ឬប្រើប្រាស់សម្រាប់បកប្រែព័ត៌មានក្នុងវិស័យពាណិជ្ជកម្ម។
លោក ប៉ាន សូរស័កិ្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខាថា Translator Hub-Khmer ដែលជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យបកប្រែនេះនឹងក្លាយជាកម្មវិធីបកប្រែភ្លាមសម្រាប់ធុរជនងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាបើទោះបីជាពួកគេប្រើប្រាស់ភាសាពីរផ្សេងគ្នាក៏ដោយ។
លោកបន្តថា កាលពីមុន បញ្ហាភាសាក្នុងទំនាក់ទំនងគឺជារបាំងក្នុងការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងករណីពាណិជ្ជករបរទេសមិនចេះភាសាខ្មែរ និងពាណិជ្ជករខ្មែរមិនចេះភាសាបរទេស។
លោកថ្លែងថា៖ «ពេលមានកម្មវិធីនេះទៅវាលែងជាឧបសគ្គទៀតហើយ។ យើងផ្តល់អាទិភាពដល់ការបកប្រែឃ្លាក្នុងសកម្មភាពពាណិជ្ជកម្មសិនដើម្បីកាត់បន្ថយរបាំងភាសា និងជំរុញសកម្មភាពពាណិជ្ជកម្មជាងនេះទៀត»។
មិនទាន់មានការបញ្ជាក់ថាតើពេលណាកម្មវិធីនេះរួចរាល់ដើម្បីអាចប្រើប្រាស់បាននៅឡើយនោះទេ ខណៈដំណាក់កាលនេះភាគីទាំងពីរកំពុងរៀបចំក្រុមការងារដើម្បីបកប្រែឃ្លាប្រយោគពីភាសាខ្មែរទៅអង់គ្លេស និងអង់គ្លេស-ខ្មែរ ដើម្បីបានទិន្នន័យសម្រាប់ស្តុកទុកក្នុងប្រព័ន្ធនេះ។
ក្រសួងនឹងសហការជាមួយក្រុមការងាររួមមាននិសិ្សត និង គ្រូមកពីសាកលវិទ្យាល័យអាមេរិកាំងអន្តរជាតិភ្នំពេញដើម្បីវាយបញ្ចូលទិន្នន័យជាឃ្លាប្រយោគយ៉ាងហោចណាស់ ១០ ម៉ឺនឃ្លាទាំងភាសាអង់គ្លេស និងភាសាខ្មែរ៕

