ក្រុងតៃប៉ិៈ ក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីរបស់អាមេរិក Apple ត្រូវបានសារព័ត៌មានតៃវ៉ាន់ជាច្រើនរាយការណ៍ថា មានគម្រោងសម្ពោធ iPhone 6 របស់ខ្លួននៅខែសីហាខាងមុខនេះមុនកំណត់មួយខែ។
សារព័ត៌មាន Economic Daily News បានឲ្យដឹងថា ក្រុមហ៊ុនApple បានធ្វើការបញ្ជាបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកនានា ដូចជា Foxconn និងក្រុមហ៊ុន Pegatron ជាដើមដើម្បីត្រៀមខ្លួនដំណើរការដំឡើងផលិតផលថ្មីផ្ដើមពីខែមិថុនា ខាងមុខនេះ។
ក្រុមហ៊ុន Apple នឹងបង្ហាញនូវបច្ចេកវិទ្យាទូរស័ព្ទស្មាតហ្វូអេក្រង់៤,៧អ៊ិញដែលជា ម៉ូដែលសម្រាប់ការចេញលក់នៅខែសីហា ខណៈដែលទីផ្សារស្មាតហ្វូនពោរពេញដោយការប្រកួតប្រជែងជាមួយដៃគូ ដទៃដូចជាក្រុមហ៊ុន Samsung និង HTC។
ដោយឡែកស៊េរី iPhone 6 ដែលមានអេក្រង់៥,៥ ឬ៥,៦អ៊ិញគឺជាម៉ូដែលស៊េរីថ្លៃដែលនឹងសម្ពោធនៅខែកញ្ញាដោយការ រំពឹងទុករបស់ក្រុមហ៊ុន Apple។ ក្រុមហ៊ុនក៏រំពឹងផងដែរថា ការលក់ម៉ូដែលទាំងពីរខាងលើនេះនឹងឈានដល់ចំនួន៨០លានគ្រឿងនៅលើទីផ្សារស្មាតហ្វូនទូទាំងពិភពលោក៕


