ស្របពេលទំនាស់វោហារស័ព្ទ រវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ស្តីពីបញ្ហាកោះតៃវ៉ាន់ ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក មិនទាន់ថមថយនោះ នៅពាក់កណ្តាលខែតុលា ខាងមុខនេះ អាមេរិកនឹងបញ្ជូនទាហានចូលរួម ក្នុងសមយុទ្ធយោធារួមគ្នាជាមួយឥណ្ឌា នៅទីតាំងដែលមានចម្ងាយមិនដល់ ១០០ គ.ម ពីព្រំដែនមានជម្លោះជាមួយនឹងប្រទេសចិន។
យោងតាមការចេញផ្សាយរបស់ CNN សមយុទ្ធយោធានេះ នឹងធ្វើឡើងនាពាក់កណ្តាលខែតុលា នៅតំបន់ Auli ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌា ហើយនឹងផ្តោតលើការហ្វឹកហ្វឺនសង្គ្រាមរយៈកម្ពស់ខ្ពស់។ នេះបើតាមមន្ត្រីជាន់ខ្ពស់កងទ័ពឥណ្ឌា ដែលដឹងពីបញ្ហានេះ។
តំបន់ Auli ស្ថិតនៅចម្ងាយប្រហែល ៩៥ គ.ម ពីខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) ជាដីប្រទាញប្រទង់នៃព្រំដែន ដែលមានជម្លោះ រវាងឥណ្ឌា និងចិន ត្រូវបានកំណត់ប្រហែលៗ។ សមយុទ្ធនេះនឹងធ្វើឡើងលើកទី១៨ នៃសមយុទ្ធរួមប្រចាំឆ្នាំ ដែលគេស្គាល់ថា «Yudh Abhyas» ឬ «War Practice» (ហ្វឹកហ្វឺនការធ្វើសង្គ្រាម)។
បណ្តាញសារព័ត៌មាន New Indian Express បានដកស្រង់ប្រភពពីស្ថាប័នការពារជាតិ និងយោធា និយាយកាលពីសប្តាហ៍មុនថា សមយុទ្ធនេះ គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ៣១ ខែតុលា។ ពួកគេប្រាប់ថា សមយុទ្ធពិបាកមួយចំនួន កំពុងត្រូវបានគ្រោងទុក សម្រាប់សមយុទ្ធដ៏ធំប្រចាំឆ្នាំ ដែលលើកចុងក្រោយ ធ្វើឡើងក្នុងខែតុលា ឆ្នាំ ២០២១ នៅអាឡាស្ការបស់អាមេរិក។
ប្រភពបានប្រាប់ឱ្យដឹងថា សមយុទ្ធនេះមានគោលបំណងបង្កើនការយល់ដឹង កិច្ចសហប្រតិបត្តិការ និងអន្តរប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក។ CNN បានផ្សាយថា ទំនាក់ទំនងរវាងឥណ្ឌា និងចិន ផ្ដើមតានតឹង ចាប់តាំងពីការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាម រវាងទាហានរបស់ពួកគេនៅភ្នំហិមាល័យក្នុងខែមិថុនា ឆ្នាំ ២០២០ ដែលបានធ្វើឱ្យទាហានឥណ្ឌាយ៉ាងហោចណាស់ ២០ នាក់ និងទាហានចិន ៤ នាក់ បានបាត់បង់ជីវិត។
ភាពតានតឹងត្រូវបានកើនឡើងបន្ថែមទៀត នាពេលថ្មីៗនេះ ដោយប្រទេសចិនបានសាងសង់ស្ពានឆ្លងកាត់បឹង Pangong Tso ដែលស្ថិតនៅតាមព្រំដែន ជាទង្វើ ១ ដែលត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលឥណ្ឌាថា ជា «ការកាន់កាប់ខុសច្បាប់»។
អំឡុងដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា នៅឆ្នាំនេះ លោក Charles Flynn មេបញ្ជាការកងទ័ពប៉ាស៊ីហ្វិករបស់កងទ័ពអាមេរិកបានពណ៌នាការកសាងយោធារបស់ចិននៅជិតព្រំដែន ដែលមានជម្លោះថា ជារឿង «គួរឱ្យព្រួយបារម្ភ»៕
វីដេអូ៖


