សម្ព័ន្ធមិត្តអង្គការណាតូបានចាប់ផ្ដើមពង្រឹងព្រំដែនខាងកើតរបស់ខ្លួនក្រោយពេលដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនហើយក្នុងពេលជាមួយគ្នានេះដែរបេឡារុស បានធ្វើការប្រជាមតិវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលអាចបើកផ្លូវឱ្យរុស្ស៊ីបញ្ឈរទ័ពនៅទឹកដីរបស់ខ្លួនហើយថែមទាំង អាចនឹងដាក់អាវុធនុយក្លេអ៊ែរទៀតផង។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសបារាំង។
លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំងបានលើកឡើងកាលពីថ្ងៃសុក្រថា ការធ្វើប្រជាមតិនេះមិនមានលក្ខណៈប្រជាធិបតេយ្យគ្រប់គ្រាន់នោះទេ។
«បេឡារុស បាននិយាយថា ខ្លួននឹងត្រៀមខ្លួនក្នុងការស្វាគមន៍កងទ័ពរុស្ស៊ីជាអចិន្ត្រៃយ៍។យើងនិងដៃគូរបស់យើងនឹងត្រូវគិតគូរអំពីផលវិបាកពីស្ថានភាពនេះ»។នេះបើតាមការបន្ថែមរបស់លោក Le Drian។
លោកAlexander Lukashenko ប្រធានាធិបតីបេឡារុស ត្រូវបានគេសង្កេតឃើញថា មានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេសបារាំង បានចូលជួបជាមួយលោកស្រី Sviatlana Tsikhanouskaya មេដឹកនាំក្រុមប្រឆាំងនៅបេឡារុសហើយបានសន្យាប្រាប់មេដឹកនាំបក្សប្រឆាំងនេះថាបារាំងនិងសហភាពអឺរ៉ុបនឹងជួយកម្លាំងប្រជាធិបតេយ្យនៃប្រទេសនេះ៕
ហ៊ីម រដ្ឋា

