ក្រុងទុយនីសៈ រដ្ឋាភិបាលបានប្រកាសពីថ្ងៃសៅរ៍ថា កងទ័ពរបស់ទុយនីស៊ី បានទទួលឧទ្ធម្ភាគចក្រយោធាអាមេរិក ៦ គ្រឿងក្នុងបណ្តា ២៤ គ្រឿងនៃការបញ្ជាទិញសរុបសម្រាប់ប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម។
សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាល បាននិយាយថា នាយករដ្ឋមន្ត្រីលោក Youssef Chahed មានវត្តមានក្នុងការប្រគល់ឧទ្ធម្ភាគចក្រទាំងនោះនៅមូលដ្ឋានយោធាភាគខាងត្បូង។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ឧទ្ធម្ភាគចក្រទាំងនោះនឹងបង្កើនការតាមដាន និងសមត្ថភាពនៃការវាយប្រហារក្នុងសង្គ្រាមប្រឆាំងភេរវកម្ម។
មន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយថា ឧទ្ធម្ភាគចក្រម៉ាក Bell OH-58D Kiowa Warrior ចំនួន ៦ គ្រឿងនោះ ជាក្រុមទី ១ នៃចំនួន ២៤ គ្រឿងប្រភេទដូចគ្នា។ ឧទ្ធម្ភាគចក្រ ដែលនៅសល់នឹងត្រូវប្រគល់នៅក្នុងខែមីនា។
មន្ត្រីរូបនោះ បាននិយាយថា ឧទ្ធម្ភាគចក្រទាំងអស់នោះត្រូវបានបំពាក់សម្រាប់កិច្ចប្រតិបត្តិការទាំងថ្ងៃទាំងយប់ ដើម្បីឈ្លបយកការណ៍ សន្តិសុខ ការគាំទ្រផ្លូវអាកាស តាមដាន និងការកំណត់លើគោលដៅជាក់លាក់។

កាលពីឆ្នាំមុន ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ឧទ្ធម្ភាគចក្រទៅឲ្យទុយនីស៊ីក្នុងតម្លៃទឹកប្រាក់សរុប ១០០,៨ លានដុល្លារនៅក្នុងកិច្ចសន្យាមួយ ដែលនៅក្នុងនោះមានការជួយដល់ប្រព័ន្ធបច្ចេកទេស និងការហ្វឹកហ្វឺន។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបាននិយាយនៅពេលនោះថា៖ «អាមេរិកបេ្តជ្ញាចំពោះសន្តិសុខទុយនីស៊ី និងមានសារៈសំខាន់ដល់ផលប្រយោជន៍ជាតិអាមេរិកក្នុងការជួយទុយនីស៊ីឲ្យពង្រីកនិងបន្តសមត្ថភាពស្វ័យការពារជាស្រេចនិងរឹងមាំ»។
ទីភ្នាក់ងារនោះ បាននិយាយថា កិច្ចព្រមព្រៀងនោះនឹងធ្វើឲ្យសមត្ថភាពរបស់ទុយនីស៊ីធ្វើកិច្ចប្រតិបត្តិការប្រយុទ្ធនឹងសន្តិសុខទូលំទូលាយក្នុងការប្រឆាំងក្រុមភេរវករនៅក្នុងនោះមានក្រុមអាល់កៃដានៅអារ៉ាប់ខាងលិច (AQIM) ជាក្រុមជីហាដនិយមរដ្ឋអ៊ិស្លាមនៅលីប៊ី ជិតខាង។
ទុយនីស៊ី គឺជាគោលដៅនៃរលកវាយប្រហាររបស់ក្រុមជីហាដនិយម ចាប់តាំងពីបដិវត្តន៍ ២០១១ នៅក្នុងនោះមានការវាយប្រហារទៅលើក្រុមអ្នកទេសចរបរទេស និងអ.ស.ប.ប៉ាន់ប្រមាណថា ប្រជាជនទុយនីស៊ី ៥ ពាន់នាក់កំពុងប្រយុទ្ធដើម្បីក្រុមជ្រុលនិយម ជាសំខាន់នៅអ៊ីរ៉ាក់និងស៊ីរី៕


