ក្រុងសេអ៊ូលៈ ប្រទេសកូរ៉េខាងជើងទំនងជាបានធ្វើតេស្តជោគជ័យចំពោះការបាញ់មីស៊ីលពីនាវាមុជទឹកកាលពីថ្ងៃពុធ ប៉ុន្មានថ្ងៃបន្ទាប់ពីការគំរាមវាយប្រហារនុយក្លេអ៊ែរសងសឹកចំពោះការចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរវាងប្រទេសកូរ៉េខាងត្បូងនិងអាមេរិក។
សេចក្តីថ្លែងការណ៍មួយពីនាយសេនាធិការយោធាកូរ៉េខាងត្បូងបានថ្លែងថា មីស៊ីលនេះ ត្រូវបានបាញ់កាលពីព្រឹកព្រលឹម ថ្ងៃពុធចេញពីនាវាមុជទឹកមួយនៅសមុទ្រខាងកើត (សមុទ្រជប៉ុន) បានហោះប្រហែល ៥០០ គីឡូម៉ែត្រ ដែលនេះជាភាពរីកចម្រើនខ្លាំងមួយ បើប្រៀបធៀបនឹងការធ្វើតេស្តស្រដៀងគ្នានេះកាលពីពេលមុនៗ។

ការបាញ់នេះ បានធ្វើឡើងនៅចំពេលមានភាពតានតឹងព្រំដែនបន្ទាប់ពីកងទ័ពកូរ៉េខាងត្បូងនិងកងទ័ពអាមេរិករាប់ម៉ឺននាក់បានចាប់ផ្តើមសមយុទ្ធយោធា «សេរីភាពUlchi» ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃចន្ទ។
នាយសេនាធិការយោធាកូរ៉េខាងត្បូងបានថ្លែងថា ការធ្វើតេស្តកាលពីថ្ងៃពុធនេះ គឺច្បាស់ណាស់មានគោលបំណងបង្កើនភាពតានតឹងឲ្យកាន់តែខ្លាំងឡើង និងជា «បញ្ហាប្រឈមធ្ងន់ធ្ងរមួយ» ចំពោះសន្តិសុខនៅឧបទ្វីបកូរ៉េ ព្រមទាំងជាការរំលោភបំពានធ្ងន់ធ្ងរទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍នោះ បានថ្លែងថា៖ «យើងនឹងដោះស្រាយមុតមាំ និងតឹងរ៊ឹងចំពោះការបង្ករឿងណាមួយ ដោយកូរ៉េខាងជើង»៕


