ខេត្តកណ្តាល៖ ដោយសារចង់ជួយបង្កើនប្រាក់ចំណូលគ្រួសារ ក៏ដូចជាបំផុសនូវគំនិតច្នៃលើគ្រឿងអេតចាយ ដែលទុកចោលឥតប្រយោជន៍នោះ លោក កង សុធា ដែលធ្លាប់មានប្រវត្តិជាភ្នាក់ងារលក់ប្រេងម៉ាស៊ីនម៉ូតូ និងស្ថាបនិកក្រុមសិល្បៈដែក OMA បានបង្កើតការងាររកប្រាក់បន្ថែម គ្រាពេលទំនេរដល់ក្រុមជាងម៉ូតូ ១ ក្រុម ដោយការច្នៃគ្រឿងដែកអេតចាយពីច្រវាក់ម៉ូតូឲ្យក្លាយជារូបសត្វប្លែកៗសម្រាប់ការតាំងលម្អតាមហាងកាហ្វេ ឬអាហារដ្ឋាននានា។
លោក កង សុធា វ័យ ៣៦ ឆ្នាំ ស្ថាបនិកក្រុមសិល្បៈដែក OMA ដែលធ្លាប់ជាអ្នកតំណាងចែកចាយប្រេងម៉ាស៊ីន និងជាជាងម៉ូតូមួយរូបដែរនោះ បានបង្ហើបឲ្យដឹងពីដំណើរដើមចមនៃការបង្កើតការកែច្នៃនេះថា៖ «នៅក្នុងអំឡុងពេល ស្ថានភាពទូទៅ ដែលគ្រប់គ្នាកំពុងតែជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែជំងឺកូវីដ ១៩ ហើយក្រុមជាងម៉ូតូដែលបានទទួលប្រេងម៉ាស៊ីនពីខ្ញុំក៏ជួបវិបត្តិសេដ្ឋកិច្ចដែរ គឺមិនសូវលក់ប្រេងម៉ាស៊ីនដាច់ ហើយក៏គ្មានជម្រើសសម្រាប់ក្រុមជាង ដោយសារគ្មានប្រាក់អាចទទួលទិញប្រេងម៉ាស៊ីនទាំងនោះបន្តទៀត។
ខណៈពេលជួបពួកគាត់ម្តងៗ ខ្ញុំឧស្សាហ៍សង្កេតឃើញថា ជាងម៉ូតូតែងបន្សល់ទុកគ្រឿងដែកអេតចាយចាស់ៗមួយចំនួន ជាពិសេសគឺគ្រឿងច្រវាក់ម៉ូតូ ម៉្ញុង ដែកកាដឺប៊ូ បូមម៉ូតូចាស់ៗ ដែកប៊ូឡុង ខ្ចៅ វីស ទុកគរចោលនៅខាងក្រោយផ្ទះ។ មានថ្ងៃមួយ ខ្ញុំក៏នឹកឃើញកូនគំនិតតូចមួយ ចង់ប្រែក្លាយគ្រឿងដែកអេតចាយទាំងនោះឲ្យទៅជារបស់របរមួយ ដែលអាចលក់ដូរបានប្រាក់មកវិញ គឺការកែច្នៃវាឲ្យទៅរូបសត្វប្លែកៗ សម្រាប់គេជាវយកទៅដាក់តាំងលម្អ»។

លោក កង សុធា ក៏បានរំឭកដែរថា៖ «ខ្ញុំធ្លាប់ធ្វើការជាអ្នកចែកចាយប្រេងម៉ាស៊ីនម៉ូតូរយៈពេល ៣ ឆ្នាំ។ ក្រោយពីលេចចេញកូនគំនិតនោះមក ពួកយើងក៏បានខិតខំប្រឹងប្រែងពិភាក្សាគ្នា បង្កើតឲ្យបានជាមុខរបរបន្ទាប់បន្សំថ្មីមួយទៀត គឺការច្នៃគ្រឿងអេតចាយគ្រឿងម៉ូតូ ដែលមានច្រវាក់ ម៉្ញុង ដែកកាដឺប៊ូ បូមម៉ូតូចាស់ៗ ដែកប៊ូឡុង ខ្ចៅ វីស ជាដើមនោះ បានដំណើរប្រមាណជាង ២ ខែ មកហើយ សម្រាប់ការកែច្នៃគ្រឿងដែក ដែលយើងហៅថា សិល្បៈដែកនេះឯង។ ខណៈមកទល់នឹងពេលនេះ យើងមានសមាជិកចំនួន ៨ នាក់ ដែលជាជាងម៉ូតូ សម្រាប់ក្រុមកែច្នៃគ្រឿងដែក នៅទីតាំងចំនួន ៣ កន្លែង ដោយទីតាំងទី១ ស្ថិតនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយជិត ១០០ ម៉ែត្រ មុនទៅដល់ផ្សារគគីរ ប្រសិនបើយើងមានទិសដៅចេញពីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ ១។ ចំណែកទីតាំងទី២ ស្ថិតនៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល និងទីតាំងទី៣ នៅម្តុំរង្វង់មូលកួរស្រូវ ដែលស្ថិតនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ នៅរាជធានីភ្នំពេញ»។
ខណៈការច្នៃនេះ នៅតែមិនទាន់មានលក្ខណៈរលូនខ្លាំងនៅឡើយទេ សម្រាប់ក្រុមជាងសិល្បៈដែក OMA ព្រោះថានេះ គឺជារបរថ្មី ដែលមិនមានការរៀនសូត្រពីសាលាត្រឹមត្រូវ ហើយនៅចំណាយពេលយូរម៉ោងក្នុងការច្នៃរបស់នីមួយៗ គឺទើបតែកែច្នៃបានចំនួនជាង ១០ គ្រឿងប៉ុណ្ណោះ ដោយមានរូបសត្វផ្សេងៗ ដូចជាសត្វខ្យាដំរី សត្វក្អែប សត្វពីងពាង សត្វកន្ទុំរុយ សត្វនាគ សត្វបង្កង និងសត្វកណ្តូប ជាដើម។ តែក៏មានការជាវពីភ្ញៀវសម្រាប់យកទៅដាក់តាំងតាមហាងកាហ្វេ ឬហាងអាហារដ្ឋានបានចំនួន ៤ គ្រឿងរួចមកហើយផងដែរ។
លោក កង សុធា ស្ថាបនិកក្រុមសិល្បៈដែក OMA ក៏បង្ហើបរំឭកពីការសាកល្បងច្នៃដំបូងរបស់លោកផងដែរថា៖ «នឹកកាលពេលខ្ញុំ សាកល្បងច្នៃធ្វើរូបសត្វខ្យាដំរីតូច ១ ពីច្រវាក់ម៉ូតូនោះ ហើយទម្រាំបានជារូបរាងរបស់សត្វខ្យាដំរី និងមានទម្រង់សមសួននោះ ខ្ញុំបានចំណាយពេលអស់ ១ ព្រឹកឯណោះទើបធ្វើរួចរាល់។

ទោះជាយ៉ាងណា ពួកយើងនៅតែព្យាយាមបន្ត មិនមានការរាថយនោះឡើយព្រោះថា ការកែច្នៃនេះ យើងក៏មិនបានសូត្រពីសាលាណា ឬគ្រូទេ គឺគ្រាន់តែមើលតាមវីដេអូ YouTube និងស្វែងយល់បន្ថែមពីរូបភាពនៅក្នុង Google។ ជាពិសេស ក្រោយពីសាកល្បងជោគជ័យ ពេលយករបស់នេះទៅដាក់តាំងនៅខាងក្រៅមានគេចូលចិត្ត និងសរសើរនោះ ពួកយើងក៏ខំប្រឹងបន្តរហូតមក។ ការកែច្នៃ ឥឡូវក៏រាងលឿនគ្រាន់បើជាងកាលពីពេលដំបូងហើយ»។
លោក កង សុធា ក៏បានព្រលយឲ្យដឹងដែរថា៖ «ក្រៅពីគ្រឿងច្នៃតូចតាចជារូបសត្វទាំងអស់នេះ យើងក៏មានគម្រោងកែច្នៃរូបមនុស្សយន្តធំ (Iron Man) ដែរ គឺយើងកំពុងតែសិក្សាពីទម្រង់ និងជួបប្រឹក្សាជាមួយនឹងអ្នកជំនាញសិល្បៈផងដែរ ដើម្បីច្នៃមុខមាត់មនុស្សយន្តនោះ ឲ្យល្អសមសួនជាមួយរូបរាង»។
ប្រសិនបើមានការចាប់អារម្មណ៍គ្រឿងច្នៃពីដែកច្រវាក់ម៉ូតូរបស់ក្រុមសិល្បៈដែក OMA (Silapak Daek OMA) នោះ អាចសួរនាំតាមហ្វេសប៊ុកឈ្មោះ OMA សិល្បៈដែក ឬតាមលេខទូរស័ព្ទ 015 556 742 ឬ 017 257 635៕

វីដេអូ៖


