ក្រុងតូក្យូ: ផ្លែមើឡុងជប៉ុនមួយគូត្រូវបានគេដេញថ្លៃលក់បាន ១២៤០០ ដុល្លារអាមេរិក កាលពីចុងខែមុន។
នេះគឺជាផ្លែមើឡុងយូបារី (Yubari melons) ដំបូងដែលត្រូវដាក់ដេញថ្លៃក្នុងឆ្នាំនេះ នៅផ្សារក្នុងតំបន់សាប៉ូរ៉ូ ភាគខាងជើងកោះហុកៃដូ។
រូបរាងរបស់ផ្លែមមើឡុងដែលឈ្មួញជប៉ុនខ្លះជញ្ជក់មាត់សរសើរថាស្អាតឥតខ្ចោះនោះធ្វើឲ្យវាមានតម្លៃកប់ពពកស្មើនឹងតម្លៃរថយន្តមួយគ្រឿងនៅប្រទេសនេះទៅហើយ។
ប៉ុន្តែតម្លៃនេះនៅថោកជាងការដេញថ្លៃឆ្នាំមុន ដែលមើឡុងមួយគូអាចលក់បានរហូតដល់ ២ ម៉ឺនដុល្លារអាមេរិក។
ផ្លែមើឡុងយូបារី ត្រូវបានប្រទេសជប៉ុនចាត់ទុកថាជាផលាតំណាងឲ្យកិត្តិយសបុណ្យស័ក្ដិ។ វាថ្លៃថ្នូរដូចជាស្រាលំដាប់ខ្ពស់ ដែលគេប្រើជាអំណោយជូនមិត្តភក្ដិ ឬថៅកែជំនួញធំៗ។
ផ្លែដែលល្អគឺត្រូវតែមូលរលោង មានក្រឡាស្មើគ្នាល្អ និងមានទងកាត់ជាអក្សរ T ដាក់ក្នុងប្រអប់លម្អ៕


