មនុស្សរាល់រូបសុទ្ធតែមានយុទ្ធសាស្រ្តខុសៗគ្នាក្នុងការធ្វើអ្វីមួយវាដូចជាយុទ្ធសាស្រ្តថតរូបរវាងអ្នកជំនាញថតរូបនិងអ្នកថតរូបក្នុងការកម្សាន្តឬសិក្សាដែរ។ កញ្ញានូវពៅលក្ខិណាវ័យ២១ឆ្នាំជានិស្សិតឆ្នាំទី៤ផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅដេប៉ាតឺម៉ង់ប្រព័ន្ធ ផ្សព្វផ្សាយនិងទូរគមនាគមន៍បាននិយាយថា៖ «ទោះបីជាខ្ញុំមិនប៉ិនប្រសប់ក្នុងការថតរូបក៏ដោយប៉ុន្តែខ្ញុំនៅតែស្រឡាញ់ការថតរូបដោយសារវាហាក់ដូចជាការកម្សាន្តមួយផ្នែកដែរ»។
ក្នុងនាមជាសិស្សសារព័ត៌មានម្នាក់ លក្ខិណាក៏ធ្លាប់បានសិក្សាជំនាញថតរូបនេះដែរនៅឆ្នាំទី២ប៉ុន្តែក៏មិនសូវលម្អិតប៉ុន្មានទេគ្រាន់តែឲ្យចេះប្រើយល់ពីយុទ្ធសាស្រ្តមួយចំនួនក្នុងការថត។
កញ្ញា លក្ខិណា បានបញ្ជាក់ថា៖ «អ្វីដែលខ្ញុំបានរៀនគឺច្រើនគួរសមដែរប៉ុន្តែការអនុវត្តរបស់ខ្ញុំមិនដូចនឹងការសិក្សាប៉ុន្មានទេគឺខ្ញុំគ្រាន់តែចង់ប្រាប់អ្នករាល់គ្នាថាក្នុងការថតរូបខ្ញុំតែងតែប្រកាន់យកចំណុចសំខាន់ចំនួនបីគឺពន្លឺការរៀបចំសោភណភាពរូបនិងអត្តន័យរបស់រូប»។
កញ្ញា លក្ខិណា ក៏បានបន្ថែមទៀតថាចំណុចសំខាន់មួយទៀតជាពិសេសសម្រាប់នាងដែរនោះគឺការអង្កេតនូវស្ថានភាពនិងការអត់ធ្មត់នៅពេលដែលធ្វើការថត។កញ្ញាចូលចិត្តថតរូបអំពីសកម្មភាពមនុស្សនិងបែបClose Up។
កញ្ញា លក្ខិណាស្គាល់នូវមុខងារប្រើប្រាស់របស់កាមេរ៉ាប៉ុន្តែនាងអត់សូវដឹងពីយុទ្ធសាស្រ្តក្នុងការថតប៉ុន្មានទេ។ កញ្ញា លក្ខិណា បានប្រាប់ឲ្យដឹងថា៖ «និយាយតាមត្រង់ បច្ចេកទេសថតរូបរបស់ខ្ញុំមិនសូវល្អប៉ុន្មានទេហើយក៏មិនមានរូបច្រើនប៉ុន្មានដែរដែលខ្ញុំថតបានល្អនោះ»។
ពេលខ្លះរូបមួយដែលល្អស័ក្ដិសមក៏អាស្រ័យទៅលើកាមេរ៉ាដែរ។ នៅពេលដែលកញ្ញាលក្ខិណា ប្រើប្រាស់កាមេរ៉ាធុនតូច នាងយល់ថា រូបភាពដែលបានមកក៏មិនសូវជាស្អាតប៉ុន្មានដែរប៉ុន្តែពេលដែលគាត់ប្តូរមកប្រើកាមេរ៉ាដែលមានលក្ខណៈស្តង់ដារធ្វើឲ្យកញ្ញាថតរូបបានកាន់តែស្អាត៕

