
រឿង គ្រាប់ពេជ្រ ជាស្នាដៃថ្មីមួយដែលបានថតដោយជនជាតិខ្មែរ និងក្រុមហ៊ុនភាពយន្តខ្មែរ កំពុងតែដាក់បញ្ចាំងទន្ទឹមនឹងរឿងបរទេសមួយចំនួនទៀតនៅរោងកុននានា ក្នុងទីក្រុង ភ្នំពេញ។ LIFT បានជួបជាមួយអ្នកដឹកនាំរឿង គ្រាប់ពេជ្រ លោក សុខ វិសាល ដើម្បីអង្គុយជជែកអំពីស្នាដៃដឹកនាំរឿងទីមួយរបស់លោក។
តើអ្វីដែលធ្វើឲ្យបានសម្រេចចិត្ត ផលិតរឿង គ្រាប់ពេជ្រ នេះឡើង?
ដំបូង នេះជាគំនិតរបស់សហអ្នកដឹកនាំរឿង (co-director) ដែលខ្ញុំធ្វើការជាមួយគាត់។ គាត់បានសួរខ្ញុំថា តើចង់ថតកុនជាមួយគាត់ ឬទេ។ ខ្ញុំបានយល់ព្រមហើយបន្ទាប់មកក៏ចាប់ផ្តើមសរសេរសាច់រឿង (Script) ប៉ុន្តែពេលនោះយើងមិនទាន់ច្បាស់ថា យើងនឹងថតរឿងនេះនៅពេលណា និងគួរថតអំពីអ្វីដែរនោះទេ។ ខ្ញុំចង់សរសេរសាច់រឿងណាដែលចំណាយលុយតិចហើយស្រួលថត។ បន្ទាប់មកទើបខ្ញុំគិតថា ខ្ញុំគួរតែថតកុនបែបកំប្លែង។ កំប្លែង ហើយប្លែកៗគឺជាអ្វីដែលខ្ញុំចង់ផលិតឡើង។
តើភាពយន្ត គ្រាប់ពេជ្រ នេះត្រូវចំណាយថវិកាចំនួនប៉ុន្មានដែរ?
ភាពយន្តនេះចំណាយទឹកប្រាក់អស់ ៨ម៉ឺន ដុល្លារ។ ដំបូងដូចដែលបានខ្ញុំគិតត្រួសៗ ខ្ញុំចង់ថតរឿងចំណាយតែប្រមាណ ១ ម៉ឺនដុល្លារ ប៉ុន្តែចេះតែសរសេរយូរៗក៏ធំទៅៗ រឿងក៏ត្រូវចំណាយទៅតាមនោះដែរ។ មានក្រុមហ៊ុនមួយចំនួន និងមិត្តភក្តិរបស់ខ្ញុំដែលបានជួយទំនុកបម្រុងដោយសារតែគេជឿទុកចិត្តលើខ្ញុំ។
តើលោកគិតថា រឿងនេះទទួលបានជោគជ័យកម្រិតណាហើយ?
អ្នកដែលបានមើលបានសរសើរ និងចូលចិត្តសាច់រឿងច្រើន តែអ្នកមើលមិនសូវមានច្រើនប៉ុន្មានទេ។ ខ្ញុំនៅមិនទាន់ដឹងច្បាស់អំពីចំនួនអ្នកចូលទស្សនាទេ ដោយសារតែការបញ្ចាំងនៅមិនទាន់ចប់។ នៅពេលការដាក់បញ្ចាំងនៅរោងកុន Legend និង Cineplex ចប់យើងនឹងសាកយកទៅដាក់បញ្ចាំងបន្តនៅរោងកុន លុច្ស ទៀត។ បន្ទាប់មកខ្ញុំមានគំនិតយករឿងនេះទៅចាក់បន្តតាមខេត្តដទៃ ហើយខ្ញុំក៏នឹងព្យាយាមយកទៅដាក់តាមទីផ្សារបរទេសផងដែរ។ ចំពោះរយៈពេលជាងបីសប្ដាហ៍កន្លងមកការលក់សំបុត្រមានលក្ខណៈថេរ គឺមិនឡើងមិនចុះ។
តើគិតយ៉ាងដូចម្តេច បើរឿងនេះមិនអាចរកចំណូលឲ្យស្មើទៅនឹងថ្លៃចំណាយ?
ទោះបីជាវាខាត ឬចំណេញក៏ដោយក៏ខ្ញុំមិនមានការសោកស្តាយដែរ។ មិត្តភក្តិដែលបានជួយពួកគាត់មិនគិតចង់បានលុយចំណេញអ្វីទេ តែបើបាន វាកាន់តែប្រសើរ។ ខ្ញុំមិនស្តាយ ដោយសារខ្ញុំគិតថា ខ្ញុំបានធ្វើអ្វីមួយដែលល្អ។ រឿងនេះនឹងជួយពង្រឹងបទពិសោធរបស់ខ្ញុំ ហើយវាក៏ជាគំរូដល់អ្នកជំនាន់ក្រោយឲ្យមានគំនិតក្នុងការផលិតភាពយន្តឡើង។ តាំងពីចូលប្រឡូកក្នុងវិស័យថត នេះជារឿងទីមួយដែលខ្ញុំធ្វើការដឹកនាំ ខុសពីមុនៗដែលខ្ញុំច្រើនតែថត Spot និងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម។ បើនិយាយជាទូទៅ ខ្ញុំសង្ឃឹមស្រដៀងគ្នាទៅនឹងអ្នកផលិតរឿងដទៃទៀតដែរ គឺប្រសិនបើចំណេញ វាកាន់តែប្រសើរ។
តើត្រង់ណាដែលធ្វើឲ្យរឿង គ្រាប់ពេជ្រ នេះប្លែកពីរឿងដទៃទៀត?
សាច់រឿង ជាចំណុចដែលធ្វើឲ្យរឿងនេះមានភាពទាក់ទាញ។ ក្នុងរឿងនេះ អ្នកទស្សនានឹងមើលឃើញពីទេសភាពពី ភ្នំពេញ ដល់ កោះកុង ការផ្សងព្រេង ឈុតកំប្លែង និងការនិយាយដូចធម្មតា។ ចំពោះបទចម្រៀងខ្ញុំផ្ទាល់ចូលចិត្តចម្រៀងពីបុរាណហើយខ្ញុំចង់ឲ្យទស្សនិកជនបានស្តាប់នូវបទពីដើមៗ។
តើលោកគិតយ៉ាងដូចម្តេចចំពោះវិស័យភាពយន្តខ្មែរយើងនាពេលបច្ចុប្បន្ននេះ?
ការបើករោងកុនខ្នាតធំៗបានធ្វើឲ្យផលិតករមានទំនុកចិត្តថា វាច្បាស់ជាមានទីផ្សារ និងអ្នកមើលកុនខ្មែរច្រើន។ ចំពោះកុនខ្មែរ ខ្ញុំមើលឃើញថា ការប្រើប្រាស់សម្ភារ និងអត្ថន័យនៃរឿងមានភាពល្អប្រសើរ ប៉ុន្តែកុនខ្មែរមួយចំនួននៅមានចំណុចខ្វះខាតត្រង់អត្ថបទ (Script)។ នៅប្រទេសណាក៏ដោយបើអត្ថបទរឿងអត់ល្អ ផ្ទៃរឿងទាំងមូលក៏ធ្លាក់ចុះទៅតាមនោះដែរ។ ខ្ញុំក៏មើលឃើញមានក្រុមក្មេងៗមួយចំនួនដែលមានចិត្តស្រឡាញ់វិស័យនេះ ហើយចេះរកនឹកថត បើទោះបីជាមិនមានអ្នកណាប្រាប់ក៏ដោយ។ បច្ចុប្បន្ននេះយើងមិនទាន់មានសាលាភាពយន្តទេ។ ដូចនេះអ្នកដែលស្រឡាញ់វិស័យភាពយន្ដត្រូវព្យាយាមឲ្យបានច្រើននិងរៀនពីបទពិសោធ។ ស្តង់ដារនឹងកើតឡើងក្រោយពីយើងព្យាយាមថតម្តងហើយម្តងទៀត។
តើអ្វីទៅដែលជាចំណុចខ្វះខាតក្នុងរឿង គ្រាប់ពេជ្រ នេះ?
ពេលវេលា ពិតជាឧបសគ្គ។ ថតកាន់តែយូរ ចំណាយកាន់តែច្រើន។ រឿងនេះការរៀបចំមានរយៈពេលមួយខែកន្លះ ហើយការថតវិញមានរយៈពេល ៥សបា្តហ៍។ ឈុតខ្លះ ចំណាយពេលតិចក្នុងការថត ដោយសារតែត្រូវប្រញាប់ឲ្យឆាប់ចប់ទាន់ពេលវេលាតាមផែនការ។ ឈុតមួយចំនួនជាពិសេស ឈុតបាញ់ប្រហារ មិនមានលក្ខណៈដូចពិតៗទាំងស្រុងដោយសារតែកម្រិតនៃការប្រើប្រាស់សម្ភារ និងលុយកាក់នៅមានកម្រិត។ ឈុតទាំងអស់មានប្រមាណជា ១៤០ ឈុត ហើយក្នុងមួយថ្ងៃយើងថតបានពី ៣ ទៅ ៤ ឈុត ហើយឈុតខ្លះទៀតត្រូវដកចេញដោយសារតែពេលវេលាមានមិនគ្រប់គ្រាន់។ តួសម្តែងមិនមែនជាឧបសគ្គទេ ដោយពួកគេសុទ្ធតែបានឆ្លងកាត់វគ្គជ្រើសរើស (Casting) លើកលែងតែតួមេចោរទេ ដែលជាជំនួយការផង និងត្រូវសម្តែងផង ដោយសារតែមើលទៅគាត់ស័ក្ដិសមក្នុងការសម្តែងតួនេះ៕


